- ព័ត៌មានជាតិ

មនុស្ស​៣​នាក់ ត្រូវបាន​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ប្តឹងទៅ​តុលាការ នៅ​មណ្ឌលគិរី​

មណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២​នេះ មនុស្ស​៣​នាក់​ត្រូវបាន​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ប្តឹងទៅ​តុលាការ ក្នុង​បណ្ដឹង​បរិហារ ក្រោយ​ប្រជា​សហគមន៍​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ក្រុមហ៊ុន​ដាំ​កៅស៊ូ​មួយ​ប្រើ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ព្រំ កាលពី​ខែ​មីនា ឆ្នាំ​២០២២​កន្លងទៅ ។​

​យោង​តាម​ខ្លឹមសារ​នៃ​លិខិត​ពាក្យបណ្តឹង​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ខាង​ក្រុមហ៊ុន​វីឡា​ឌី​វីឡុប​មេន ខូ​អិល​ធី​ឌី បាន​យក​គ្រឿងចក្រ ម៉ាក CAT3200 ធ្វើ​សកម្មភាព​ឈូសឆាយ កាយ​ដី បំផ្លិចបំផ្លាញ​ព្រៃស្រោង ដែល​ជា​ទីកន្លែង​ព្រៃ​អាស្រ័យ​ផល​សម្រាប់​រក្សា​ដើម​ជ័រទឹក រួម​និង​ដើមឈើ​ចម្រុះ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង នៅ​ទីតាំង​ចំណុច​អូរ​អញ្ចូ​ស ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុងភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។​

​ក្នុង​លិខិត​ពាក្យបណ្ដឹង​ដដែល​នេះ​បាន​បន្តថា ភាគី​ក្រុមហ៊ុន​បានធ្វើ​សaកម្មភាព​ប្រព្រឹត្ត​បទល្មើស​នៃ​ការ​ឈូសឆាយ​កាយ​ដី​បំផ្លិចបំផ្លាញ​ទីតាំង​ដែល​សហគមន៍​យើងខ្ញុំ ធ្លាប់តែ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បែបនេះ សហគមន៍​យើងខ្ញុំ​បាន​នាំគ្នា​ចុះ​ទៅ​ទប់ស្កាត់​បទល្មើស​ជាក់ស្ដែង ដែល​កំពុង​តែ​ប្រព្រឹត្ត​ដើម្បី​រារាំង​កុំឲ្យ​ឈូសឆាយ​បំផ្លិចបំផ្លាញ ធ្វើឲ្យប៉ះពាល់​ដល់​តំបន់​ការពារ​ដែ​ន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច ព្រៃស្រោង ជាពិសេស​ដើម​ជ័រទឹក​និង​ធនធាន​ផ្សេងៗ ដែល​មាន​ក្នុង​ទីតាំង​ដែល​គេ​បាន​ឈូសឆាយ ។​

​ក្នុងអំឡុងពេល​យើងខ្ញុំ​ចុះ​ទប់ស្កាត់​ខាង​តំណាង​ក្រុមហ៊ុន គេ​មិន​បាន​បញ្ឈប់​សកម្មភាព​ទេ ហើយ​បាន​អះអាងថា ដី​ដែល​កំពុងតែ​ឈូស​ឆាយ​នេះ ជា​ដី​ក្រវ៉ាត់​ព្រំ​របស់​ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​ទៅនឹង​ដី​សហគមន៍​ទេ​។ ក៏​ប៉ុន្តែ​ជាក់ស្ដែង ដី​នេះ​ជា​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​និង​ជា​ព្រៃ​សហគមន៍ មិន​ដែល​ធ្លាប់​ស្នើសុំ​ចុះបញ្ជី​តាំងពី​ឆ្នាំ​២០០៤ មិនមែន​ដូច​ការអះអាង​របស់​តំណាង​ក្រុមហ៊ុន​ទេ ។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់​សហគម​ន៍​បាន​សំណូមពរ​ចំនួន​បួន​ចំណុច ទី​មួយ​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វាស់វែង​ដី​ក្រុមហ៊ុន​ជាក់ស្តែង​ដោយ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ទី​ពីរ​សុំ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ដែល​បាន​ឈូស​ឆាយ​ប្រគល់​ឲ្យ​សហគមន៍​វិញ​។ ទី​បី​ស្នើ​សុំ​កុំ​ឲ្យ​ក្រុមហ៊ុន​បន្ត​សកម្មភាព​ឈូសឆាយ​បំផ្លិចបំផ្លាញ​បន្តទៅទៀត​។ ទី​បួន​ស្នើសុំ​ឲ្យមាន​ការផ្ដន្ទាទោ​ស​តាម​ច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​។​

​សូមបញ្ជាក់​ថា ក្នុង​ពាក្យបណ្តឹង​បរិហារ​របស់​សហគម​ន៍ ក្នុងនោះ​រួមមាន មេភូមិ​ឡៅ​កា ចៅសង្កាត់​សុខដុម និង​នាយិកា​ក្រុមហ៊ុន​វីឡា ឌី​វេឡុ​ប​មេន ខូ​អិល​ធី​ឌី ពីបទ កាប់​រុករាន​ឈូសឆាយ​ដី​ព្រៃ​សាធារណៈ និង​បំផ្លិចបំផ្លាញ​ដើម​ជ័រទឹក នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច និង​អនុគ្រោះ​បទល្មើស​ព្រៃឈើ​។​

​សូម​រំលឹក​ថា ជនជាតិដើម​ភាគតិច រស់នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ បាន​ចោទ​ដល់​ក្រុមហ៊ុន Villa development ថា បាន​ឈូស​ឆាយ​ទន្ទ្រាន​ដី​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​។ សហគម​ន៍​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា ២០២២ បងប្អូន​ជនជាតិដើម​ភាគតិច​ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​ទៅ​ហាមឃាត់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ នៅ​ចំនុច​ភូមិ​សង្កាត់​ខាងលើ ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ដី​ធ្វើ​ជា​ព្រំ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ក្រោយ​ពួកគាត់​ប្រទះឃើញ ប៉ះពាល់​ដល់​ដើម​ជ័រ​ច្បោះ​សម្រាប់​ប្រជា​សហគមន៍​អាស្រ័យ​ផល​។​

​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​ឡៅ​កា​បានឲ្យដឹងថា គេ​បាន​ឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​វីឡា ចូល​ទៅ​កាយ​អូរ​ធ្វើ​ក្រវ៉ាត់​ព្រំ​កំណត់​ដី​។ ដី​ដើម​ជ័រ​នៅសល់​តិចតួច​ពី​ក្រ​ញ៉ាំ​របស់​ក្រុមហ៊ុន​វីឡា​ឌី​វិឡុ​បមិន ហើយ​ក្នុង​កិច្ចសន្យា​របស់​ក្រុមហ៊ុន​វីឡា​ឌី​វីឡុ​បមិន គឺ​មាន​ផ្ទៃដី​៧២៧​ហិកតា តែ​ក្រុមហ៊ុន​នេះ​កំពុង​រំលោភ​លើ​ដី​ព្រៃ​ដើម​ជ័រ​អ្នកភូមិ​ជនជាតិដើម​ភាគតិច​ព្នង ដែល​រស់នៅ​ក្នុង​ភូមិ​ឡៅ​កា យ៉ាង​អានាធិបតេយ្យ​ហួស​ពី​កិច្ចសន្យា​។​

​ប្រជា​សហគមន៍​បន្តថា ដីព្រៃ​ចំនុច​នោះ​គឺ​អ្នកភូមិ​បាន​អាស្រ័យ​ផល​ត​កូនចៅ​ជាច្រើន​ជំនាន់​ហើយ ដូចជា រក​ឃ្មុំ រក​ជ័រចុង ជ័រ​រាំង ជ័រទឹក ចុងផ្តៅ ស្លឹក​ព្រិច​ជាដើម​។​សហគម​ន៏​បញ្ជាក់ថា នៅ​ពេល​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​នោះ គេ​ឃើញ​មាន​ប៉ូលិស និង​សន្តិសុខ​ក្រុមហ៊ុន​ចុះទៅ ដោយ​គេ​បាន​ហាមឃាត់​មិន​ឲ្យ​អ្នកភូមិ​ចូលទៅ​តំបន់​កើតហេតុ​ទេ​។​

​ចៅសង្កាត់​សុខដុម លោក ពៅ សុខ​ផាត បានឲ្យដឹងថា ករណី​ខាងលើ​នេះ​ក្រុមហ៊ុន​គេ​កាយ​ព្រំដី​ដែល​សម្បទាន​ដោយ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​គ្រប់គ្រង មិន​បាន​កាប់​កាយ​ដី​អ្នក​ភូមិ​ទេ​។​លោក​ចៅសង្កាត់​បន្តថា ចំពោះ​សកម្មភាព​របស់​អ្នកភូមិ​ដែល​បាន​ថត​បង្ហោះ​ពី សកម្មភាព​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ព្រំ​នោះ សូម​បង្ហោះ​ដី​ដែល​ពួកគាត់​បាន​កាប់​កន្លង​មក ៕

Leave a Reply

Your email address will not be published. Required fields are marked *