- ព័ត៌មានជាតិ

ពិធី​ប្រគល់ ទទួល​កុំព្យូទ័រ​ដល់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កណ្តាល និង​កិច្ច​ពិភាក្សា​ស្តីពី​វឌ្ឍនភាព និង​បញ្ហា

​ខេត្ត​កណ្ដាល​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឧបត្ថម្ភ​នូវ​កុំព្យូទ័រ​ចំនួន ១២ គ្រឿង ជូន​ដល់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កណ្តាល ដើម្បី​ជំរុញ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ SARMIS សម្រាប់​រៀបចំ​បញ្ជី​សារពើ​ភ​ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​ឆ្នាំ​២០២២​ឱ្យបាន​ពេញលេញ និង​ទាន់​ពេលវេលា ក្រោម​គណៈអធិបតី​ភាព​ឯកឧត្តម យ៉េត វី​ណែ​ល អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដា្ឋនគ​ណៈ​កម្មា​ធិ​ការ​ដឹកនាំ ការងារ​កែ​ទម្រង់​ការ​គ្រប់​គង​ហិរញ្ញវត្ថុ​សាធារណៈ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាល​ក្រុង​-​ស្រុក​ទាំង​១១​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​ដល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​កន្លងមក​តែងតែ​ផ្ដល់ ការគាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្នុង​ការពង្រឹង​ការអនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ វត្ថុ​សាធារណៈ ឱ្យសម្រេចបាន​វឌ្ឍនភាព និង​ផ្លែផ្កា​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បន្តថា កុំព្យូទ័រ​ចំនួន ១២​គ្រឿង ដែល​នឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កណ្តាល នាពេលនេះ ក៏​ជា​ការជួយ​គាំទ្រ​បន្ថែមទៀត​ដល់​រដ្ឋបាល​ខេត្ត​កណ្តាល ក្នុង​ការចូលរួម​ប្រើប្រាស់​ប្រព័ន្ធ SARMIS ឱ្យបាន​ពេញលេញ សម្រាប់​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​ឆ្នាំ ២០២២​នេះ​។​

​ឯកឧត្តម យ៉េត វី​ណែ​ល អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ជា​កម្មវិធី​កែទម្រង់​ស្នូល​មួយ​នៃ​កម្មវិធី​កែទម្រង់​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​ប្រកាស ឱ្យ​អនុវត្ត​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺ “​ប្រែក្លាយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្ដោត​លើ​លទ្ធផល​ឬ​សមិទ្ធ​កម្ម និង​វិមជ្ឈការ ស្រប​តាម​ស្តង់ដារ និងឧ​ត្ត​មានុ​-​វត្ត​ន៍ អន្តរជាតិ​” ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ពង្រឹង​អភិបាលកិច្ច ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​

​ឯកឧត្តម​បន្ថែមថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដោយ​ផ្តោត​លើ ការគ្រប់គ្រង ចំណូល​មិនមែន​សារពើពន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​, ការអនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ FMIS, ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​នៅ​ថ្នាក់ក្រោម​ជាតិ​, ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​, ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​,​ថវិកា​កម្មវិធី និង អង្គភាព​ថវិកា​, និង​ការអនុវត្ត​ការផ្ទេរ​ភារកិច្ច មុខងារ និង​ធនធាន​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម សង្ឈឹមថា កុំព្យូទ័រ​ដែល ប្រគល់ជូន​ចំនួន ១២​គ្រឿង នាពេលនេះ នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​រដ្ឋបាលខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កណ្តាល ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ SARMIS សម្រាប់​រៀបចំ​បញ្ជី​សារពើ​ភ​ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​ឆ្នាំ​២០២២​នេះ​ឱ្យបាន​ពេញលេញ និង​ទាន់​ពេលវេលា ក្នុង​ការជំរុញ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បន្ថែមទៀត​។​

Leave a Reply

Your email address will not be published. Required fields are marked *