- ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​គាំទ្រ​បច្ចេកទេស និង​ជំរុញ​ការអនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម នៃ​គម្រោង​សមាហរណកម្ម​គណនេយ្យ​ភាព​សង្គម ទៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​

​ខេត្ត​កណ្តាល​៖ ខេត្ត​កណ្តាល គឺជា​ខេត្ត​គោលដៅ​មួយ​ស្ថិតនៅ​ក្នុង​ចំណោម​រាជធានី​-​ខេត្ត​គោលដៅ​ទាំង​២៥ ក្នុង​ការអនុវត្ត​កម្មវិធី​គណនេយ្យភាព​សង្គម ដំណាក់កាល​ទី​២ (​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣) និង​មាន​តំបន់​គោលដៅ​របស់​កម្មវិធី​នៅ​ក្រុង​/​ស្រុក ចំនួន​០៨ រួមមាន​៖ ស្រុក​កៀនស្វាយ ស្រុក​ខ្សាច់កណ្តាល ស្រុក​លើកដែក ស្រុក​មុខកំពូល ស្រុក​អង្គស្នួល ស្រុក​ពញាឮ ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ​។​

​លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង កិច្ចប្រជុំ​ពិភាក្សា​គាំទ្រ​បច្ចេកទេស និង​ជំរុញ​ការអនុវត្ត​សកម្មភាព​គណនេយ្យភាព​សង្គម នៃ​គម្រោង​សមាហរណកម្ម​គណនេយ្យ​ភាព​សង្គម ទៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​មាន​ការសម្របសម្រួល​ពី​ក្រុមការងារ​ថ្នាក់ជាតិ នៃ​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់ គ​.​ជ​.​អ​.​ប ដែល​បាន​រៀបចំ​ឡើង​នៅ​សាលាខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ក្រុម​ការងារ​គណនេយ្យ​ភាព​សង្គម បណ្ដា​ទីចាត់កា​ចំណុះ​សាលាខេត្ត មន្ទីរជំនាញ និង​អភិបាលរង​ស្រុក​ពាក់ព័ន្ធ​។​

​លោកជំទាវ​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ឆន្ទៈ​នយោបាយ និង​ចក្ខុវិស័យ​រយៈពេល​វែង ចំពោះ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ធ្វើ ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស ផ្តោតទៅលើ​ការផ្តល់សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​រាប់បញ្ចូល ទាំង​ស្ត្រី កុមារ ជន​ងាយ​រងគ្រោះ និង​ជន​មាន​ពិការភាព​ជាដើម ហើយ គ​.​ជ​.​អ​.​ប ត្រូវបាន​បង្កើតឡើង និង​ជា​សេនាធិការ​ក្នុង​ការសម្របសម្រួល​បំពេញ​បេសកកម្ម​ខាងលើ​នេះ​។​

​លោកជំទាវ បាន​បន្តទៀតថា ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រដ្ឋបាល​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ គឺ​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ដោយ​ក្នុង​ពេល​ថ្មីៗ​នេះដែរ រដ្ឋបាល​ខេត្ត​កណ្តាល ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​/​ស្រុក ទទួលបាន​នូវ​ការប្រគល់​មុខងារ និង​ការផ្ទេរ​មុខងារ ធនធាន រួម​នឹង​ការកែសម្រួល​រចនា​សម្ពន្ធ័​គ្រប់គ្រង ជាពិសេស​គឺ ថ្នាក់ក្រុង​/​ស្រុក​តែម្ដង ហើយ​បច្ចុប្បន្ន​នេះ កំពុងតែ​បន្ត​ការអនុវត្ត​នូវ​កម្មវិធី​ជាតិ គ​.​ជ​.​អ​.​ប ដំណាក់កាល​ទី​២ (២០២១-២០៣០) បន្ត​ទៀត​ផង​ដែរ​។​

​លោកជំទាវ បាន​បន្ថែមថា សម្រាប់​ការគ្រប់គ្រង​នៅ​ថ្នាក់​រដ្ឋបាល​ឃុំ សង្កាត់​វិញ គឺ​សង្កេតឃើញថា ថ្នាក់ជាតិ បាន​នឹង​កំពុង ជម្រុញ​ឱ្យមាន​ការអនុវត្ត​ធ្វើឱ្យ​ប្រសើរឡើង ទាំង​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​រដ្ឋបាល​ឃុំ​/​សង្កាត់ នៅតាម​មណ្ឌល​សុខភាព សាលារៀន ជាដើម គឺ​ធ្វើ​យ៉ាងណា​ឱ្យមាន​ភាព​ល្អប្រសើរ​ជាង​មុន និង​មាន​ការពេញចិត្ត លើ​ការប្រើប្រាស់​ទទួល​នូវ​សេវា​ច្រើន​ជាង​មុន ពី​ប្រជាពលរដ្ឋ​នៅ​កម្រិត​មូលដ្ឋាន និង​ការកាត់បន្ថយ​នូវ​គម្លាត រវាង​ប្រជាពលរដ្ឋ និង​អ្នកផ្គត់ផ្គង់​សេវា​។​

​សូមបញ្ជាក់​ថា ក្រុម​ការងារ​គណនេយ្យ​ភាព​សង្គម នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ចុះ​គាំទ្រ​បច្ចេកទេស និង​ជំរុញ​ការអនុវត្ត​សកម្មភាព របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម ដំណោះស្រាយ និង​ជំរុញ​ការអនុវត្ត​សកម្មភាព ពិនិត្យមើល​ការរៀបចំ​របាយការណ៍​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​រៀបចំ​ផែនការ​អនុវត្ត​បន្ត ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​សកម្មភាព​ស្របតាម​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​២០២២ និង​សម្រេច​ឱ្យបាន​ក្របខ័ណ្ឌ​លទ្ធផល​របស់​គម្រោង​។

​ការគាំទ្រ​បច្ចេកទេស និង​ជំរុញ​ការអនុវត្ត​សកម្មភាព​នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ​ដោយ​បែង​ចែង​ជា​០២​វគ្គ​គឺ​៖ វគ្គ​ទី​១៖ ថ្ងៃទី​២១-២៣ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខេត្ត​កណ្តាល ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្ត​ព្រះវិហារ និង​វគ្គ​ទី​២៖ ថ្ងៃទី​០៥-០៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ព្រៃវែង និង​ខេត្ត ស្វាយរៀង​។​

 

Leave a Reply

Your email address will not be published. Required fields are marked *