ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធីបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅសាលមហោស្រពខេត្តក្រចេះ ។
ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ គ្រូបង្រៀនគឺជាបេះដូងនៃការស្ដារ និងអភិវឌ្ឍវិស័យអប់រំ គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដែលចាំបាច់ខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្សឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់អនាគត់ ។ មូលធនបញ្ញា បានផ្ដល់នូវការអប់រំ និងចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋទូទៅ តាមរយៈអក្សរសាស្ត្រ អត្ថបទ សៀវភៅ និងឯកសារស្រាវជ្រាវនានា ក៏ដូចជាការថែរក្សានូវវប្បធម៌ជាតិ និងរបកគំហើញថ្មីៗផ្នែកវិទ្យាសាស្ត្រផងដែរ ។ សម្រាប់សតវត្សទី២១នេះ ការមានមូលធនសង្គមដ៏ល្អមួយ រួមមានមូលធនបញ្ញាដ៏សំបូរបែប បូកផ្សំជាមួយធនធានមនុស្សប្រកបដោយសីលធម៌វិជ្ជាជីវៈ គឺជាកត្តាកំណត់ក្នុងការពន្លឿនសក្ដានុពលសេដ្ឋកិច្ច-សង្គម គុណសម្បត្តិប្រកួតប្រជែង និងគុណសម្បត្តិប្រៀបធៀបរបស់ប្រទេសនីមួយៗដែលទាញយកប្រយោជន៍ពីមូលធននេះ ។
ឯកឧត្តមអភិបាលរងបន្តថា ៖ រាជរដ្ឋាភិបាល បន្តប្រឹងប្រែងសម្រេចទិសដៅ «អប់រំសម្រាប់ឆ្នាំ២០៣០» តាមរយៈការធានាសមធម៌ក្នុងការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ សម្រាប់កុមារគ្រប់រូប និងការបង្កលក្ខណៈ សម្បត្តិអនុគ្រោះនានា ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺតាមរយៈការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្ររៀនពូកែ -បន្តភាពជាដៃគូជាមួយវិស័យឯកជន ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើន និងលើកកម្ពស់គុណភាពសេវាអប់រំទាំងក្នុងកម្រិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសទាំងក្នុងកម្រិតឧត្ដមសិក្សាឲ្យឆ្លើយតមបានយ៉ាងសមស្របទៅនឹងស្តង់ដារអន្តរជាតិ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ -បន្តខិតខំបង្កើនចំណាយថវិកា និងកៀងគរជំនួយបរទេសឲ្យបានច្រើនថែមទៀត សម្រាប់ លើកទឹកចិត្តគ្រូបង្រៀន ធានាគុណភាពបណ្ដុះបណ្ដាល បង្កើនការផ្គត់ផ្គង់សម្ភារៈសិក្សា បណ្ណាល័យ និងបន្ទប់ពិសោធន៍ បង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្ស និស្សិត ពិសេសសម្រាប់ សិស្សនិស្សិតជានារីភេទ បន្តជំរុញកំណែទម្រង់កម្មវិធីសិក្សា ផ្ដល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតក្រីក្រ ផ្ដល់ថវិកាសម្រាប់កសាងសាលារៀននៅតាមជនបទ និងសម្រាប់ដំណើរការគ្រឹះស្ថានសិក្សាផ្សេងទៀត ព្រមទាំងសម្រាប់ជំរុញកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏បានបញ្ជាក់ពីគោលបំណងនៃសន្និបាតរយៈពេល២ថ្ងៃនេះ ត្រូវផ្ដោតជាសំខាន់ទៅលើប្រធានបទ១៣ដែលការិយាល័យជំនាញរបស់មន្ទីរនឹងធ្វើបទបង្ហាញដែលប្រធានបទទាំងអស់នេះគឺជាអ្វីដែលក្រសួងអប់រំចង់ឃើញយើងទាំងអស់គ្នាអនុវត្តនៅឆ្នាំ២០២២នេះឆ្ពោះទៅរកការកំណត់ទិសដៅការងារឆ្នាំសិក្សាខាងមុខឱ្យបានសមស្របលើគ្រប់ផ្នែកនិងគ្រប់ភូមិសិក្សាក្នុងបរិការណ៍ដែលយើងកំពុងបន្តកំណែទម្រង់ដើម្បីគុណភាព និងប្រសិទ្ធភាពអប់រំ ។ ក្នុងនោះដែរសមិទ្ធផលសំខាន់ៗដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រេចបានក្នុងឆ្នាំសិក្សា២០២០-២០២១កន្លងមករួមមាន ៖-សាលាមត្តេយ្យរដ្ឋចំនួន១០៦ – សាលាមត្តេយ្យឯកជនចំនួន៤ ថ្នាក់រៀន-មត្តេយ្យសហគមន៍ចំនួន១២៦ ថ្នាក់- សាលាបឋមសិក្សាមានចំនួន៥១កម្រង សាលា២៨៥ថ្នាក់ -អនុវិទ្យាល័យមានចំនួន៤២ ថ្នាក់ និងវិទ្យាល័យមានចំនួន១៣ ថ្នាក់ ៕






