- ព័ត៌មានជាតិ

​អាជ្ញាធរ​ខេត្ត​កណ្តាល និង​ឯកឧត្តម​តំណាងរាស្ត្រ និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជប៉ុន​ចុះ​ពិនិត្យ​គម្រោង​ស្ដារ​ស្ទឹងតូច និង​ទ្វារ​ទឹក ៧ មករា និង​ទីលាន​ចាក់​សំរាម​នៅ​ស្រុក​កណ្ដាលស្ទឹង​

​ខេត្ត​កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង ឯកឧត្តម Miyasaki Masao តំណាងរាស្ត្រ​ជប៉ុន និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជប៉ុន ព្រមទាំង​មន្ទី អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​គម្រោង​ស្ដារ​ស្ទឹងតូច និង​ទ្វារ​ទឹក ៧ មករា និង​បន្ត​ទៅ​ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម នៃ​គម្រោង​កែលំអរ​ការគ្រប់គ្រង​សំរាម នៅ​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង​ចំនួន ៥​ទីតាំង​។​

​ក្នុង​ការចុះពិនិត្យ​នេះ ឯកឧត្តម Miyasaki Masao បាន​មានប្រសាសន៍ថា ជប៉ុន នឹង​ពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និង​ខិតខំ ប្រឹងប្រែង​ជួយ​មិត្ត​កម្ពុជា ក្នុង​វិស័យ​កសិកម្ម រួម​ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធា​រាស្ត្រ ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ។​

​ឯកឧត្តម​បន្តថា គម្រោង​ស្ដារ​ស្ទឹងតូច និង​ទ្វារ​ទឹក ៧​មករា គឺ​មាន​គោលបំណង​ដើម្បី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ការពារ​ពី​ទឹកជំនន់ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ពេល​ឆាប់ៗ​ខាងមុខ ដែល​សិក្សា​គម្រោង​ដោយ​អង្គការ JICA ។​

​នា​ឱ្យ​កាស​នោះដែរ ឯកឧត្តម តាំង ម៉េង​លាន បាន​ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និង ប្រជាជន ជប៉ុន តាមរយៈ ទីភ្នាក់ងារ អភិវឌ្ឍន៍ របស់ ជប៉ុន (JICA) ដែល បាន សិក្សា យ៉ាង ច្បាស់លាស់ លើ ការការពារ ទឹកជំនន់ និង ការកែលម្អ ប្រព័ន្ធ ប្រឡាយ​លូ ន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។​

​សូមបញ្ជាក់​ថា សម្រាប់​គម្រោង​សាងសង​ទីលាន​ចាក់សំរាម​វិញ គឺ​ក្រុមការងារ ធនាគារពិភពលោក កំពុងតែ​ធ្វើ​ការសិក្សា ស្វែងរក​ទីតាំង​ដែល​មាន​លក្ខណ​:​ល្អប្រសើរ​ជាង​គេ​១​ក្នុងចំណោម​៥​ទីតាំង តាម​លក្ខណ​:​វិនិច្ឆ័យ លក្ខណៈ​ច្បាប់ និង​តាម​បច្ចេកទេស ដោយ​អនុលោម​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ធនាគារ​ពិភពលោក​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *