- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ឋផល​ការងារឆ​មាសទី​១ ឆ្នាំ​២០២២ ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​២​ឆ្នាំ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ឋ​ជំងឺ​កូវី​ដ​-១៩

មណ្ឌលគិរី ÷ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២២ ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​ក្រោម​អាយុ​២​ឆ្នាំ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង ឯកឧត្តម ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក មូលនិធិ​ជាតិ​ជំនួយ​សង្គម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ប្រធាន គ​.​ក​.​ស​.​ក ខេត្ត លោកស្រី​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ ២០២២ នៅ​អគារ​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​កោតសរសើរ​ដល់​មន្ទីរ​សង្គមកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ឃុំ សង្កាត់ ដែល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូច ក្នុងកំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ល្អ​ប្រសើរ​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ។ ឯកឧត្តម​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការទប់ស្កាត់ គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព និង​បាន​ផ្ដល់​នូវ​វាក់​សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា ពី​ដូសទី​១ និង ដូស​បន្តបន្ទាប់ ដោយ​ឥតគិតថ្លៃ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ជនក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ ជន​មាន​ពិការភាព និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ដែល​ជា​កម្មវិធី​គាំពារ​សង្គម ដើម្បី​ផ្ដល់​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ និង​តម្រូវការ​ចាំបាច់​ជាក់ស្ដែង ជួយ​សម្រួល​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​
​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​មន្ទីរ និង​អាជ្ញាធរ​ឃុំ សង្កាត់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​និង​គោលការណ៍​ណែនាំ​របស់​ក្រសួង ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​នេះ​ផ្ដល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​គោលដៅ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។​

​ឯកឧត្តម ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មូលនិធិ​ជំនួយ​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ចំពោះ​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង ក៏ដូចជា​ផ្ដល់​ការគាំទ្រ​ដល់​មន្ទីរ អាជ្ញាធរ​មូលដ្ឋាន ដើម្បីឲ្យ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ ដោយ​រលូន ។ ឯកឧត្តម​ក៏បាន​ជំរុញ​ដល់ មូលដ្ឋាន និង​មន្ទីរ​សង្គមកិច្ច ត្រូវ​តាមដាន ពិនិត្យ និង​ផ្សព្វផ្សាយ ឲ្យបាន​ទូលំទូលាយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​អ្នកទទួលផល បានដឹង​ពី​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ ។​

​យោង​របាយការណ៍​របស់លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ឋជន និង​យុវនីតិសម្បទា​ខេត្ត ក្នុង​រយៈពេល ៦ ដើមឆ្នាំ ២០២២ នេះ មន្ទីរ​បាន​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ចំនួន ២៨១ នាក់ ស្មើ​នឹង​ទឹកប្រាក់ ៩៥.០៨០.០០០ រៀល ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ ងាយ​រងគ្រោះ មាន​ចំនួន ៤៧១០​គ្រួសារ ស្មើ​នឹង​ចំនួន​ទឹកប្រាក់ ៥.៧៦១.៧១៦.០០០​រៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *