- ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​នាំយក​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ជូន​ដល់​គ្រួសារ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា

នៅ​ថ្ងៃ​ចន្ទ ១២​រោច ខែ​អាសាឍ ឆ្នាំខាល​ចត្វា​សក័ ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​នាំយក​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​៥,០០០,០០០​រៀល និង​បច្ច័យ​របស់​ស្នងការដ្ឋាន​ចំនួន​១៧,៩១០,០០០​រៀល​ជូន​ដល់​គ្រួសារ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា អត្តលេខ​០២០១០ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍ ១០​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨:៤៧​នាទី ដោយ​ជំងឺ​គាំងបេះដូង​។​

​សព​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ត្រូវបាន​ក្រុម​គ្រួសារ​តម្កល់​ទុក​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​វត្ត​រាជ​បូណ៌ ស្ថិតនៅ​ភូមិ​វត្ត​បូណ៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មរណភាព​របស់​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា គឺជា​ការបាត់បង់​នូវ​ស្វាមី និង​ឪពុក ជាទី​គោរព​ស្រឡាញ់ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ក៏ដូចជា​បាត់បង់​នូវ​វីរជន​មួយរូប ដែល​បាន​ធ្លាប់​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​បំព​ញ​ភារកិច្ច​លើ​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​ជា​មូលដ្ឋាន​ដ៏​ចម្បង​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​។​

​ម្យ៉ាងវិញទៀត មរណភាព​របស់ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ក៏​ជា​ការបាត់បង់​នូវ​ពុទ្ធសាសនិក​ដ៏​គំរូ​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ សម្រាប់​ទុកជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ​។​

​ក្នុង​ពេលវេលា​ដ៏​សែន​ក្រៀមក្រំ​រំជួលចិត្ត​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​សម្តែង​នូវ​ស​មានទុក្ខ​ដោយ​ក្តីសោកស្តាយ​អាឡោះអាល័យ និង​សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា សូម​ឆាប់​បាន​យោនយកកំណើត​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *