- ព័ត៌មានជាតិ, សន្តិសុខ សង្គម

បុរស​ល្មោកកាម​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អ្នកគ្រប់គ្រង​ទូទៅ នៅ​ខារ៉ាអូខេ​(DM) បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ជា​បុគ្គលិក​បាន​សម្រេច​..!

ចេញផ្សាយ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២
(​រាជធានី​ភ្នំពេញ​)៖ នៅ យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​បុរស ល្មោកកាម​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ខារ៉ាអូខេ​(DM)​បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​បាន​សម្រេច ហើយ​គំរាម​មិន​ឱ្យ​ប្រាប់​ម្ដាយ បើ​ហ៊ាន​ប្រាប់​នឹង​បញ្ឈប់​ពី​ការងារ​ទាំង​កូន​ទាំង​ម្តាយ​។

​ករណី​ចាប់​រំលោភ​បាន​សម្រេច​នេះ កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ នៅ​ចំណុច​ខារ៉ាអូខេ​( DM) តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ កែង​នឹង​ផ្លូវ​លេខ​១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​មាន​ឈ្មោះ អ៊ូ ហុង ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ខារ៉ាអូខេ​កើតហេតុ​នេះ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ ១៥​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​រត់​តុ​នៅ​ខារ៉ាអូខេ​នេះ ស្នាក់នៅ​ម្ដុំ​បុរី​កីឡា ក្នុង​ខណ្ឌ​៧​មករា និង​មាន​ស្រុកកំណើត​នៅ​ឯ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

​មុន​កើតហេតុ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​ជា​២ រសៀល រូបនាង​បាន​មក​ធ្វើការ​ប្រចាំការ​វេន​ថ្ងៃ ហើយ​ពេល​មកដល់​ហាង​ខារ៉ាអូខេ​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​អ៊ូ ហុង ដែលជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅក្នុង​ខា​រ៉ា​អូ​នេះ​។ ខណៈ​នោះ​ជនសង្ស័យ​មិន​បាន​សួរនាំ​អី​ដល់​នាង​ទេ គឺ​បាន​ស្ទុះ​មក​ឱប​ហើយ​ចាប់រំលោភ​នាង​ទាំង​កំរោល​រហូត​បាន​សម្រេច​តែម្តង ហើយ​ជនសង្ស័យ​បាន​គំរាម​ថា បើ​រូប​នាង​ហ៊ាន​ប្រាប់​ដល់​ម្ដាយ​គេ​នឹង​បញ្ឈប់​ពី​ការងារ​ទាំង​ពីរ​នាក់ ម្តាយ​កូន ពេលឮ​ដូច្នេះ​រូប​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ​ទេ ខ្លាច​អត់​ការងារ​ធ្វើ​ទាំង​ពីរ​នាក់​។​

​ម្ដាយ​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា លុះ​រំលង​បាន​មួយ​ថ្ងៃ រូបគាត់​ជា​ម្ដាយ​មាន​ការសង្ស័យ​ក៏​បាន​សួរ​នាំ​ទៅ​កូនស្រី​របស់​គាត់ ព្រោះ​ឃើញ​នាង​យំ​ផង​និង​មាន​សភាព​ខុស​ពី​ធម្មតា​។ ពេល​គាត់​ជជីក​សួរ​ទៅ កូនស្រី​បាន​ប្រាប់ថា អ្នកគ្រប់គ្រង​នៅ​ខារ៉ាអូខេ​នេះ ចាប់រំលោភ​នាង​បានសម្រេច​ហើយ​គំរាម​មិន​ឱ្យ​ប្រាប់​ម្តាយ​នោះទេ បើ​ប្រាប់​គេ​នឹង​បញ្ឈប់​ពី​ការងារ​ទាំង​ពីរ​នាក់​។

ក្រោយមក​រូប​គាត់​ជា​ម្តាយ​បាន​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​៣ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​។ លុះ​មកដល់​ព្រលប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ដោយ​មិន​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​អ្វី​ទៅលើ​ជនសង្ស័យ​នោះ រូបគាត់​ជា​ម្ដាយ​បាន​ដឹក​ដៃ​កូន​មក​ហាង​ខារ៉ាអូខេ​កើតហេតុ​ខាងលើ​ឱ្យ​ជនសង្ស័យ​ចេញមុខ​មក​ធ្វើ​ការដោះស្រាយ​គ្នា តែ​ជនសង្ស័យ​នោះ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​ទេ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប​ង​ប្អូន​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន ចុះ​ទៅ​ធ្វើ​ការផ្សាយ​ផ្ទាល់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ  ។

​ចំណែក​ជនសង្ស័យ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​បាន​ទាញ​ម៉ូតូ​ឡើង​ជិះ​ចេញពី​ហាង​ខារ៉ាអូខេ​គេចខ្លួន​បាត់​ស្រមោល​ទៅ​។ ចំណែក​ម្ដាយ​និង​កូនស្រី​ជា​ជនរងគ្រោះ បាន​សំណូមពរ​ចំពោះ​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បី​ចាប់​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *