ក្រចេះ៖ លោកជំទាវ ហឹង ណារី វ៉ាថន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មការបក្សខេត្ត បានអញ្ចើញដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត យុវជនបក្សស្រុក/ក្រុង និងយុវជន សសយក ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាក ចំនួន ២៤០គ្រួសារ នៅទូទាំងខេត្តក្រចេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះលោកជំទាវ ហឹង ណារី វ៉ាថន បានដឹកនាំក្រុមការងារយុវជនបក្សខេត្ត ស្រុក ចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ១០គ្រួសារ នៅស្រុកស្នួល។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាងទ្វេរតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍អ្វីឡើយ។ ជាពិសេស បងប្អូនដែលកំពុងជួបការលំបាក ខ្វះខាត ទីទលក្រ និងរងគ្រោះដោយកត្តាធម្មជាតិ គឺគណបក្សប្រជាជន មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
ក្នុងនាមលោកជំទាវផ្ទាល់ ក៏ដូចជាក្នុងនាមតំណាងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មការបក្សខេត្ត បានសម្តែងនូវសេចក្តីនឹករលឹកជាខ្លាំង។ លោកជំទាវមានប្រសាសន៍បន្តថា ទោះបីជាឯកឧត្តម វ៉ា ថន មានការមមាញញឹញយ៉ាងណាក្តី ក៏ឯកឧត្តមមិនដែលភ្លេចបងប្អូនឡើយ ដោយបានចាត់តាំងលោកជំទាវដឹកនាំក្រុមការងារយុវជនបក្សខេត្ត ចុះសួរសុខទុក្ខនិងបាននាំយកអំណោយរបស់គណបក្សប្រជាជន ចែកជូនបងប្អូនដល់ខ្នងផ្ទះតែម្តង ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
ទន្ទឹមនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នការពារពីការរីករាលដាលពីជំងឺកូវីដ១៩ ទាំងអស់គ្នារ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ៣ការពារ ៣កុំ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ដោយសាររដូវនេះ ជារដូវវស្សា ងាយកើតជំងឺគ្រុនឈាម និងគ្រុនចាញ់ ដូច្នេះត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវកប់ឬដុតចោលសំបកដូង សំបកកងឡាននិងរបស់ដក់ទឹកផ្សេងៗ ជាពិសេស សូមជួយមើលថែទាំក្មេងៗនិងចាស់ជរា ឱ្យបានល្អនារដូវភ្លៀងនេះ៕ ដោយ ប្រុញ វិធិន






