- ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ផាម ហ្វាង​ហៀប អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការ​រឹតចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ខេត្ត​ក្រចេះ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ក្នុងឱកាស​នោះ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​វត្តមាន ឯកឧត្តម ផាម ហ្វាង​ហៀប អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​អញ្ជើញ​មក​ជួប​ពិភាក្សា​ការងារ និង​បាន​សង្ខេប​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ប្រជាសាស្ត្រ​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ខេត្ត​ក្រចេះ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ក្នុង​នោះ​ខេត្តក្រចេះ​មាន​ច្រកទ្វារ​ព្រំដែន​ចំនួន​០៣ គឺ​ច្រកទ្វារព្រំដែន​ទ្វេភាគី​(​ជ័យ​ឃ្លាំង​-​ទិន​ទៀង​)​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី (​អូរ​លាវ​-​ជ្រាវ​) និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​(​ត្រពាំង​ស្រែ​-​វ៉ា​លឺ​)​។ ខេត្តក្រចេះ​មាន​ក្រុមហ៊ុន​វៀតណាម​មក​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ចំនួន ១៦​ក្រុមហ៊ុន ក្នុងនោះ​បុគ្គលិក​វៀតណាម ចំនួន ៥៣៣​នាក់ បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ចំនួន ៤៤០​នាក់ និង​កម្មករ​ខ្មែរ ៣៧១៩​នាក់ ។ ទន្ទឹមនេះ ក្នុង​វិស័យ​រ៉ែ​មាន​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​លើ​វិស័យ​ថ្ម​អាក្រា​នី​ត​ចំនួន ០១​ក្រុមហ៊ុន​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ៖ ដោយ​ផ្អែក​លើ​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាន់តែ​ត្រូវបាន​ពង្រឹង និង​មាន​ភាពល្អប្រសើរ ខេត្ត​ក្រចេះ ខេត្ត​ប៊ិញ​យឿង និង​ខេត្ត​ប៊ិញ​ភឿក សម្រេចបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ក្នុងនោះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន អាជីវករ ពាណិជ្ជករ បណ្ដា​វិនិយោគិន​ឆ្លងកាត់ ក្នុង​ការទិញ លក់ដូរ​ទំនិញ និង​ការសម្របសម្រួល​សួរសុខទុក្ខ​ញាតិមិត្ត និង​ចេញចូល​ព្យាបាល​ជំងឺ និង​ការងារ​រុករក​គាស់​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​កាល​សម័យ​សង្គ្រាម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ។​

​មានប្រសាសន៍​កោតសរសើ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ខេត្ត​ក្រចេះ ពី​ឯកឧត្តម ផាម ហ្វាង​ហៀប អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខេត្ត​ក្រចេះ គឺជា​ទឹកដី​ដ៏​ស្រស់ស្អាត និង​ជា​ទឹកដី​អំណោយផល​លើ​ផ្នែក​កសិកម្ម ឃើញ​ថា​ប្រជាពលរដ្ឋ​បាន​បង្ករ​បង្កើន​ផល​បាន​ច្រើន​ពេញ​ផ្ទៃ​ដី និង​បាន​ផល​ល្អ​មាន​ការនាំ​ចេញ​ទៅ​ក្រៅ ហើយ​ខេត្ត​ក្រចេះ​បានសម្រេច​បញ្ចប់​ការ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ កន្លងមក ប្រកបដោយ​សុវត្ថិភាព តម្លាភាព ជោគជ័យ ហើយ​អ្វី​គួរឲ្យគត់សម្គាល់​នោះ គឺ​ខេត្ត​ក្រចេះ​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវី​ដ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្រោច​វ៉ាក់សាំង​ជំងឺ​កូវី​ដ​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ដោយ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ។ ហើយ​ខេត្ត​និង​ប្រទេស​ទាំង​២ គឺជា​ចំណងមិត្តភាព និង​ជា​បង្គោល​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច រវាង​ព្រំដែន​ខេត្ត​ទាំង​២​ឲ្យ​បន្ត​ឆ្ពោះទៅរក​ភាព​ជោគជ័យ ទាំង​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត ។

​ប្រតិភូ​ទាំង​២​បាន​ធ្វើ​ឯកភាព​ព្រមព្រៀង​គ្នា​ទៅលើ​ការស្នើ​សុំរ​រវាង​ភាគ្គី​ទាំង​២ ដើម្បី​បន្ត​ជម្រុញ​សាមគ្គីភាព​លើ​កិច្ច​សហ​ប្រតិ​បត្តការណ៍​ច្រក​ព្រំដែន​ទាំង​២ ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ និង​ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ ពលករ​ប្រទេស​ទាំង​២ ទទួលបាន​ការធ្វើ សំដៅ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំ​ដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *