- ព័ត៌មានជាតិ

ទីបំផុត​! បញ្ឈរជើង​នាយរង​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ និង​ស្រាវជ្រាវ​រឿង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ជនរងគ្រោះ​សុំ​ឲ្យ​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​

(​កំពង់ស្ពឺ​)៖ នេះ​បើ​តាម​ការបញ្ជាក់​ពី​ស្នងការ​ខេត្ត​កំពង់ស្ពឺ ។ ស្នងការ​ខេត្ដ​កំពង់ស្ពឺ បាន​សម្រេច​ដក​លោក ភឺន ដេត នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ស្រែ បញ្ឈរជើង​ជា​បណ្ដោះអាសន្ន ដើម្បី​បើកផ្លូវ​ឲ្យកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ ករណី​ប្រើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ៥​នាក់ កាលពី​យប់​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៣​កន្លងទៅ​។

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា​៖ «​ពេល​នេះ​ដក​យក​មក​ទុក​នៅ​ផែន​ព្រហ្មទណ្ឌ បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​»​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ គេ​ឃើញ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ ប្រមាណ​ជិត ១០​នាក់ ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​សាកសួរ​ក្រុម​ជនរងគ្រោះ នៅ​ផ្ទះ​លោក​មេភូមិ​ទួល​តារា ដើម្បី​ស្រាវជ្រាវ​រក​ការពិត និង​ស្វែករក​យុត្តិធម៌ ជូន​ជនរងគ្រោះ​។​

​នៅ​ចំពោះមុខ​នគរបាល​ព្រហ្មទណ្ឌ ក្រុម​ជនរងគ្រោះ មិន​ព្រម​ទទួលយក​សំណង​ជំងឺ​ចិត្តជា​លុយកាក់​ដើម្បី​ដក​ពាក្យបណ្ដឹង​នោះទេ ពោល​គឺ​ពួកគាត់ បាន​សំណូមពរ​ឲ្យ សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ជនល្មើស លោក ភឺន ដេត នាយរង​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ ទៅ​ជូន​តុលាការ ដាក់ទោស​ទៅតាម​ផ្លូវ​ច្បាប់​ឲ្យបាន​តឹងរឹង តាម​កំហុស​ដែល​បាន​ប្រព្រឹត្ត​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣ មាន​ក្រុម​ជនរងគ្រោះ ៥​នាក់ បាន​ពាក្យ​ប្ដឹង លោក ភឺន ដេត នាយករង​ប៉ុស្ដិ៍​ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រឿង​ចាប់​ខ្លួន​ពួកគាត់ និង​ប្រើ​ហិង្សា​ដោយ​បំពាន​ច្បាប់ ទាំង​ពួកគាត់​គ្មាន​កំហុស​។​
​ក្រុម​ជនរងគ្រោះ មានឈ្មោះ​ដូច​ខាងក្រោម​៖
១/ ឈ្មោះ ភឺន ឆាយ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ទួល​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​
២/ ឈ្មោះ កង ប៊ុនថន ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​
៣/ ឈ្មោះ ហុក កក្កដា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​
៤/ ឈ្មោះ ភ័​ណ្ឌ រ៉ាក់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្ម​រោងចក្រ រស់នៅ​ភូមិ​ទួល​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​
៥/ ឈ្មោះ ស៊ុយ វាសនា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​ទួល​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​នៅក្នុង​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣ ដែល​អ្នកសារព័ត៌មាន​ទទួលបាន បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ទិវា​ជ័យជម្នះ​៧​មករា ជនរងគ្រោះ​ទាំង​៥​នាក់ បាន​ជួបជុំគ្នា​ហូបចុក​តិចតួច​នៅ​ក្រោម​ដើម​ពុទ្ទ្រា​ក្បែរ​ផ្ទះ និង​ក្បែរ​ផ្លូវ​សាធារណៈ នៅក្នុង​ភូមិ​ទួល​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​លុះដល់​ម៉ោង​ប្រហែលជា ៨ និង​៤០​នាទី យប់​ស្រាប់តែ​មាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រះ​ស្រែ និង​កម្លាំង​ប្រជា​ការពារ​ភូមិ ប្រហែល​ជា​ជិត ១០​នាក់ ជិះ​ម៉ូតូ​ចំនួន ៥​គ្រឿង ដឹកនាំ​ដោយ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ មក​ព័ទ្ធចាប់​ពួក​ខ្ញុំ ដោយ​ចោទប្រកាន់​ថា ក្រុម​ជនរងគ្រោះ បាន​ជេរ​សមត្ថកិច្ច​។​
​នៅពេល​នោះ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ បាន​សួរ​ក្រុម​ជនរងគ្រោះ​ថា​៖ អាណា​គេ​ជេរ​ប៉ូលីស​? អញ​ឃើញ​ជិះ​ម៉ូតូ​នឹង​។​

​ជនរងគ្រោះ​ឈ្មោះ ភឺន ឆាយ បាន​ឆ្លើយថា​៖ ពួក​ខ្ញុំ​មិន​បានដឹង​ទេ​បង​។ ពួក​ខ្ញុំ​ហូប​នៅ​ហ្នឹង​យូរហើយ ខ្ញុំ​ឃើញ​ម៉ូតូ​ជិះ​កាត់​នេះដែរ ប៉ុន្តែ​មិនមែន​ជា​ពួក​ខ្ញុំ​ទេ ពួក​ខ្ញុំ​អត់​ដឹង​អី​ទេ​បង​។​
​លឺ​ពួក​ជន​រងគ្រោះ​ឆ្លើយ​បែប​ហ្នឹង ស្រាប់តែ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ បាន​បើក​សោរ និង​អា​ម៉េ​កាំភ្លើង​អាកា បំ​រ៉ុង​បាញ់ ទើប​ក្រុម​ជនរងគ្រោះ​អង្វ​រថា​៖ បង​អើយ​! ពួកយើង​សុទ្ធតែ​អ្នកស្រុក អ្នកភូមិ​ជាមួយ​គ្នា​ទេ មានអី​ពួកយើង​និយាយ​គ្នា​ទៅ កុំ​ធ្វើ​ចឹង​អី​។​
​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ក៏​ស្រែក​ថា​៖ ពួក​ហ្អែ​ង​! ហ៊ាន​តមាត់​ជាមួយ​សមត្ថកិច្ច​ផង​? ចាប់​ពួក​វា​យក​ទៅ​ស្រុក​ម៉ង​ទៅ​។​

​នៅ​មុនពេល​ចាប់ខ្លួន មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ភឺន ឆាយ បាន​សួរ​ទៅ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ថា​៖ បង​ចាប់​ពួក​ខ្ញុំ យក​ទៅ​ស្រុក តើ​ពួក​ខ្ញុំ​ខុស​អី​?
​ស្រាប់តែ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ បាន​ចាប់​ឆែកឆេរ​ខ្លួន​ជនរងគ្រោះ​ឈ្មោះ ស៊ុយ វាសនា និង​ដាល់​ជនរងគ្រោះ​ឈ្មោះ ស៊ុយ វាសនា មួយ​ដៃ​ចំ​ភ្នែក​ខាងឆ្វេង បណ្ដាល​ឱ្យ​ហើម និង​ជាំ​ក្រហម​ក្នុង​រង្វង់​កែវភ្នែក​។ បន្ទាប់មក​ក៏​ចាប់​ក្រុម​ជនរងគ្រោះ​ទាំង​៥​នាក់​ដឹក​តាម​ម៉ូតូ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​។​

​ក្រុម​ជនរងគ្រោះ បន្តថា ក្រោយ​នាំយក​ពួកគេ​ទៅ​ដល់​អធិការដ្ឋាន​នគ​របាល​ស្រុក​ឧដុង្គ លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ បាន​បញ្ជា​ឱ្យ​ពួកគេ​លុតជង្គង់ និង​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន ប៉ុន្តែ​មិន​បាន​ឃើញ​សារធាតុ​ញៀន​នោះទេ​។ ដោយ​រក​មិនឃើញ​កំហុស​អ្វី​ទាំងអស់ ទើប​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ព្រម​ដោះលែង​ពួកគេ​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​។​

​នៅពេលដែល​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ចាប់​បញ្ជូន​ពួក​ខ្ញុំ​ទៅ​អធិការ​ស្រុក​ឧដុង្គ ឪពុកម្ដាយ និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ បាន​ព្យាយាម​ទាក់ទង​ទៅ​មេ​ប៉ុស្ដិ៍​ព្រះ​ស្រែ ប៉ុន្ដែ​មេ​ប៉ុស្ដិ៍​ថា​៖ អត់​ដឹង​រឿង​អី​ទេ​។ អត់​មាន​ការរាយការណ៍​រឿង​ចាប់​ខ្លួន​ក្រុម​ជនរងគ្រោះ​នោះទេ​។​

​ឪពុក​ម្ដាយ​របស់​ជន​រងគ្រោះ បាន​ព្យាយាម​ទាក់ទង​ទៅ លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ទាំងយប់​លោក​បាន​កុហក់ថា លោក​មិន​បាន​ចាប់​ពួកគាត់​នោះទេ ដោយ​លោក​ឆ្លើយ​ពង្វាង​ដាន​ថា លោក​កំពុង​ធ្វើការ​នៅ​ប៉ុស្ដិ៍​មិន​បាន​ទៅ​ណា​នោះទេ​។​
​ក្រុម​ជនរងគ្រោះ បាន​លើកឡើង​ថា ប្រសិន​បើ​ពួកគេ​បាន​ប្រព្រឹត្ត​ខុស ពួកគេ​សុខចិត្ត​ទទួល​ទោស​ទៅ​តាម​ច្បាប់​កំណត់ ប៉ុន្តែ​ការចាប់ខ្លួន​ពួកគេ និង​ប្រើ​ហិង្សា​លើ​ជនរងគ្រោះ​ដោយ​ទាំង​ពួកគេ​គ្មាន​កំហុស ពី​សំណាក់​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍​ឃុំ​ព្រះ​ស្រែ បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។​

​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៣ ក្រុម​ជនរងគ្រោះ បាន​សុំ​ដាក់ពាក្យ​ប្ដឹង​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ស្រែ ប៉ុន្តែ​សមត្ថកិច្ច​មិន​ធ្វើ​ពាក្យបណ្ដឹង​ឱ្យ​នោះទេ ដោយ​ឱ្យ​រងចាំ​ដល់​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣​។​

​លុះដល់​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣ ពួកគេ​បាន​សុំ​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍ ម្ដងទៀត ស្រាប់តែ​សមត្ថកិច្ច​ប៉ុស្តិ៍​មិន​ព្រម​ទទួល​ទៀត​។​
​ដោយសារ​តែ​រង​នូវ​អំពើ​អយុត្តិធម៌​ម្ដង​ហើយ ម្ដងទៀត ទើប​ក្រុម​ជនរងគ្រោះ សម្រេច​ចិត្ត​រួម​គ្នា​រៀបចំ​ពាក្យបណ្ដឹង​ដាក់ចូល​ទំព័រ Facebook របស់ សម្ដេច ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ផង​តែ​ម្ដង​។​

​ក្រុម​ជនរងគ្រោះ បាន​សូម​សំណូមពរ​ឱ្យ សម្ដេច​ក្រឡាហោម ស ខេង ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក ភឺន ដេត ជា​នាយរង​ប៉ុស្ដិ៍​ឃុំ​ព្រះ​ស្រែ ឱ្យបាន​តឹងរ៉ឹង​បំផុត ឱ្យ​សាក​សម​នឹង​កំហុ​ក​ដែល​លោក ភឺន ដេត បាន​ប្រព្រឹត្ត​មក​លើ​ពួក​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ដើម្ប​កុំឱ្យ​លោក ភឺន ដេត ចេះ​តែ​ដើរ​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដទៃ​តាម​អំពើ​ចិត្ត​បន្តទៅទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *