- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ស្ដីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល (​លើក​ទី​៥)

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ស្ដី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល (​លើក​ទី​៥) ប្រារព្ធ​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។​

​អញ្ជើញ​មានប្រសាសន៍​បើក​វេទិកា​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ម​ផ្ទៃ បាន​រម្លឹកថា វេទិកា​ស្ដីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៤ ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣ ខែ​កម្ភៈ ឆ្នាំ​២០២០ និង​ថា​ដោយសារ​ជំងឺ​កូវី​ដ​-១៩ វេទិកា​នេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​អាក់ខាន​ប្រមាណ​ជិត​៣​ឆ្នាំ​មកហើយ​។​

​សម្ដេច បន្ថែម​ថា​ទោះបីជា​ប្រឈមមុខ​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ ក៏​អង្គការ​សង្គម​ស៊ីវិល នៅតែ​អាច​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ដោយ​គោរព និង​អនុវត្ត​តាម​វិធានការ​សុខាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។

​សម្ដេច បាន​បន្តថា​ដោយសារ​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ទើប​ក្រសួង​មហាផ្ទៃ​អាច​រៀបចំ​វេទិកា​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​បន្ត​ទៀត​នាឱកាស​នេះ​។​
​សម្ដេច បាន​គូសបញ្ជាក់​ទៀត​ថា​សមិទ្ធ​ផល​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​កន្លងមក​និង​បច្ចុប្បន្ន រួម​ទាំង​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ផង​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ពិតជា​មាន​ការចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ ក្នុងនោះ​មាន​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្ដល់​កិច្ច​សហការ​និង​គាំទ្រ​វិស័យ​សេវា​សង្គម​នានា​នៅ​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់​ស្រ​យ៉ាល​។​

​សម្ដេច​ក្រឡាហោម បានបង្ហាញ​ការកត់សម្គាល់​ដែរ​ថា​អង្គការ​សង្គម​ស៊ីវិល បាន​ចូលរួម​ធ្វើ​សកម្មភាព​តាមរយៈ​ការចូលរួម​ផ្ដល់យោបល់​ស្វែងរក​ដំណោះស្រាយ ផ្ដល់​ការគាំទ្រ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និង​បរិស្ថាន​ជាដើម​។​
​សម្ដេច បញ្ជាក់ថា​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងទៅ មាន​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​ចំនួន​៦ ១០៩ ក្នុង​នោះ​សមាគម​២ ៦២៣ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣ ៤៨៦​។ បន្ទាប់​ពី​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ជា​ធរមាន​កាល​ពី​ឆ្ន​២០១៥ សម្ដេច បន្ថែម​ថា​ក៏មាន​NGOs ក្នុងស្រុក​សរុប​១ ៥៥៦ ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ស្របតាម​ច្បាប់ ក្នុង​នោះ​សមាគម​៨៦៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦៨៨​ផងដែរ​។​

​ត្រង់​ចំណុច​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ទាញ​ចំណាប់​អារម្មណ៍​អង្គ​វេទិកា​ថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពិតជា​បាន​យកចិត្តទុកដាក់ ផ្ដល់​សិទ្ធិ និង​គាំទ្រ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ជាពិសេស​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ​។​

​ពី​វេទិកា​នេះដែរ សម្ដេច​ក្រឡាហោម ក៏​បាន​ជម្រាបជូន​អង្គ​វេទិកា​អំពី​ដំណើរការ​កិច្ចប្រជុំ​ស្ដីពី​ការពិនិត្យ ពិភាក្សា​បន្ថែម​លើ​ខ្លឹមសារ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជាតិ លិខិត​តុ​បករ​ណ៍​អន្តរជាតិ និង​បទ​ព​សោធន៍​ពី​បណ្ដា​ប្រទេស​នានា ដើម្បី​ឱ្យ​សេចក្ដីព្រាង​នេះ​មាន​ភាពរលូន ស្រប​តាម​ការវិវត្តន៍​នៃ​សង្គម ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ​។​

​សម្ដេច មានប្រសាសន៍ថា​មកដល់ពេលនេះ ក្រុមការងារ​រាជរដ្ឋាភិបាល និង​តំណាង​អង្គការ​សង្គម​ស៊ីវិល បាន​ស្រុះស្រួល​គ្នា​លើ​ខ្លឹមសារ​ដែល​បាន​កែសម្រួល​ចំនួន​៩​មាត្រា ក្នុងចំណោម​ខ្លឹមសារ​ស្នើសុំ​ចំនួន​១៦ ខណៈ​មាត្រា​សេសសល់​ចំនួន​៧​ទៀត​នោះ ត្រូវបាន​ភាគី​សង្គម​ស៊ីវិល​ស្នើ​ពិនិត្យ​ពិភាក្សា​ផ្ទៃក្នុង​ឡើងវិញ ដើម្បី​ដាក់ជូន​មក​ក្រសួង​មហាផ្ទៃ​វិញ​។ បែបណាក៏ដោយ សម្ដេច បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា​គ្នា​បន្ថែ​ម​ទៀត​ដោយ​ផ្អែក​លើ​ក្របខណ្ឌ​ច្បាប់​ជា​មូលដ្ឋាន និង​បណ្ដា​បទពិសោធន៍​ល្អៗ​នៃ​ការអនុវត្ត​ជា​អន្តរជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ឱ្យ​សមាគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ចុះ​អនុស្សារណៈ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បន្ត​អនុវត្ត​សកម្មភាព​ខ្លួន​ឱ្យបាន​សមស្រប ត្រឹមត្រូវ ស្របតាម​បទបញ្ញត្តិ និង​ច្បាប់​ស្ដី​ពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល លិខិត​បទដ្ឋាន​គតិយុត្តិ និង​ស្រប​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ និង​នៅ​ក្រសួង​ការបទេស​។​

​សម្ដេច បាន​អំពាវនាវ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចៀសវាង​ឱ្យ​បាន​នូវ​ការធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​អាចពាក់ព័ន្ធ​ឬ​គាំទ្រ​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដើម្បី​ចៀសឱ្យផុត​ពី​ការ​ដាក់​កម្ពុជា ក្នុង​បញ្ជី​ប្រផេះ​ដែល​ផ្ដល់​បច្ច័យ​អវិជ្ជមាន​លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម​។ សម្ដេច ក៏​ស្នើ​ឱ្យ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ និង​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣​ខាងមុខ​នេះ​ដែរ​។​

​សម្ដេច ក៏​បាន​ស្នើ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ចូលរួម​សហការ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​បន្ត​ចូលរួម​គាំទ្រ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា​ការចូលរួម​និង​គាំទ្រ​ការកសាង​សមត្ថភាព​ដល់​មន្ត្រី​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការបន្ត​ចូលរួម​ពង្រឹង​យន្តការ​គណនេយ្យភាព និង​ការពង្រឹង​ភាពជា​ម្ចាស់​របស់​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការផ្ដល់​សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​។​

​ក្រៅ​ពី​ភាគី​អង្គការ និង​សមាគម សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ផ្ដល់​យោល​ប់​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ព្រមទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ចុះ​អនុស្សារណៈ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការ​រឹត​ត្បិត ស្របតាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ​។​

​សម្ដេច ក៏​បាន​ណែនាំ​រដ្ឋបាល​រាជធានី​ខេត្ត បន្ត​រៀប​វេទិកា​ស្ដីពី​ភាព​ជា​ដៃគូ​ជាមួយ​រាជធានី ខេត្ត ជាមួយ​អង្គការ សមាគម​ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យបាន​យ៉ាងហោច​ណាស់​២​ដង​ក្នុង​មួយឆ្នាំ តាម​កាលកំណត់​ក្នុង​ស្មារតី​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​បាន​ណែនាំ​ឱ្យ​ចាត់​វិធានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​របស់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល បោកប្រាស់​អូសទាញ តាមរយៈ​ការ​ចូល​រូ​ម​ជា​សមាជិក និង​តម្រូវ​ឱ្យ​បង់​ប្រាក់​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​មុន​នឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ណែនាំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី ខេត្ត និង​នគរបាល​យុត្តិធម៌ ត្រូវ​ចូលរួម​លុបបំបាត់​បទ​ល្មើស​លាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ការផលិត​និង​ចែកចាយ​គ្រឿងញៀន និង​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *