- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ប្រារព្ធ​នៅ​ខេត្តសៀមរាប​

នា​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ប្រារព្ធ​នៅ​ខេត្តសៀមរាប​។​

​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ថា​អគារ​ថ្មី​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​កើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ក្រោម​ការគាំទ្រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរខេត្ត ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោកជំទាវ​រដ្ឋមន្ត្រី​បន្តថា អគារ​ថ្មី​របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​នេះ ត្រូវបាន​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ដោះស្រាយ​គោលនយោបាយ​រួម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ផ្ទៃក្រឡា​សរុប​១៩ ៩៤៧​ម៉ែត្រការ៉េ មាន​តម្លៃ​សរុប​ប្រមាណ​៧​ប៊ីលាន ១៩៨​លាន​រៀល ជា​ថវិកា​បាន​មក​ពី​មូលនិធិ​អភិរក្ស​ឆ្នាំ​២០១៨​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោកជំទាវ បន្ថែម​ថា​ទីតាំង​នេះ​ត្រូវបាន​បែងចែក​រួមមាន​អគារ​ថ្នាក់ដឹកនាំ សាលា​ប្រជុំ បន្ទប់​ស្នាក់នៅ​របស់​ប្រធាន​អង្គភាព អគារ​អនុប្រធាន​អង្គភាព​និង​ផ្នែក​ព្រហ្មទណ្ឌ អគារ​សុខាភិបាល​និង​វិទ្យុ អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង​អន្តរាគមន៍ អគារ​ផ្ទះបាយ ជម្រក​កម្លាំង​ត្រៀម រោង​ចំណត​ម៉ូតូ រោង​ចំណតរថយន្ត​អគ្គិភ័យ ប៉ុស្តិ៍​យាម ដង​ទង់ជាតិ ចំណត​រថយន្ត​តូច ទីលាន​កីឡា ស្រះ​ទឹក និង​អង់​តែ​ន​វិទ្យុ​ទាក់ទង​ជា​ដើម​។​

​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា​អគារ​ថ្មី​របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​នេះ​ពិតជា​រៀបចំ​បាន​ស្អាត​តាម​រចនាបទ​ប្លង់​ស្ថាបត្យកម្ម​ខ្មែរ​សាមញ្ញ ប៉ុន្តែ​បាន​បង្កប់​នូវ​ភាព​ថ្លៃថ្នូរ សក្ដិសម​ជា​សមិទ្ធផល​ថ្មី និង​ជួយ​បង្កើន​សោភ័ណ្ឌភាព​រមណីយដ្ឋា​ន​និង​ភាពថ្លៃថ្នូរ​ព្រមទាំង​ផាសុខភាព​ជូន​កងកម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​។​

​សម្ដេច បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​ទាំងអស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​គំនិត​ផ្ដួច​ច​ផ្ដើម​សិក្សា​រៀបចំ និង​កែលម្អ​ថ្មី​ជាមួយ​នឹង​ការលេចឡើង​សមិទ្ធផល​ជាច្រើន​។ សម្ដេច បាន​ថ្លែង​កោតសរសើរ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំពោះ​នគរបាល​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​សម្រាប់​ការយកចិត្តទុកដាក់​បំពេញភារកិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ និង​សម្បត្តិ​វប្បធម៌​ជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង បន្តថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​និង​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​មិន​រៀបរយ​ក្នុង​តំបន់​រមណីយដ្ឋាន​ទៅកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​បាន​ស្ម័គ្រចិត្ត​ចូលរួម ដែល​ជា​ការបង្ហាញ​អំពី​គម្រូ​វីរៈភាព និង​ការដឹងគុណ​ចំពោះ​មរតក​ដូនតា​ដ៏​មានតម្លៃ​មហាសាល​នេះ​។​

​ជាមួយនឹង​ការគូសបញ្ជាក់​អំពី​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​ខាងលើនេះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​បន្ត​រម្លឹក​ជូន​អង្គពិធី​អំពី​អនុសាសន៍​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ចការពារ​និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ ជាមួយនឹង​ការអភិវឌ្ឍ​ដែល​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាជន​នៅក្នុង​មូលដ្ឋាន​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ បន្ត​សហការ​ជិតស្និត​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ចការ​ថែរក្សា​ការពារ​បេតិកភណ្ឌ​ជាតិ ពិសេស​កិច្ចការ​ស្រាវជ្រាវ និង​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើ​ខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីក​កកាយ​វត្ថុ​បូរាណ ការកាប់បំផ្លាញ​ព្រៃឈើ ការ​លួច​ប្លន់ ការទិញ​លក់ ការដឹកជញ្ជូន ដោយ​បញ្ជូន​ជនល្មើស និង​វត្ថុតាង​ទៅ​តុលាកា​ត​ចាត់វិធានការ​តាម​ច្បាប់​។​

​សម្ដេច ក៏បាន​ផ្ដល់​មតិ​ឱ្យ​ពិនិត្យ​ការរៀបចំ​កំណត់​ទីតាំង​ឈរជើង​ការពារ​ជា​អាទិភាព​ជា​ថ្មី និង​ការ​ចល័ត​យាមល្បាត​ពង្រឹង​ការឃ្លាំមើល មិន​អនុញ្ញាត​ឱ្យ​មាន​ការចេញ​ចូល​តំបន់ហាមឃាត់​ជា​អាទិភាព​នានា​ចំពោះ​បុគ្គលិក​ទាំងឡាយណា​ដែល​ពុំ​មាន​ភារកិច្ច និង​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ពិសេស​នៅ​ពេលយប់​តាម​ចំណុច​សំខាន់ៗ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ផ្សេងទៀត សំដៅ​ឆ្លើយតប​ការអភិវឌ្ឍ​រីកចម្រើន និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ​នៃ​បទល្មើស​នានា​។​

​សម្តេច​ក្រឡាហោម ក៏បាន​ផ្ដល់​អនុសា​សស​ន៍​អង្គភាព​នគរបាល​ការ​ពរ​បេតិកភណ្ឌ​បង្កើន​ការអប់រំ និង​ពង្រឹង​សីលធម៌ វិន័យ​កងកម្លាំង និង​មនសិការ​វិជ្ជាជីវៈ ស្រលាញ់​បេតិកភណ្ឌ​វប្បធម៌​ជាតិ សំដៅ​បង្ការ និង​កាត់បន្ថយ​ការចូលរួម​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​នានា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដូច​ជា​ការ​បោះទីតាំង​ស្នាក់នៅ ទីកន្លែង​ធ្វើ​អាជីវកម្ម និង​សកម្មភាព​ទាំងឡាយណា​ដែល​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​បាន​សុំ​ការអនុវត្ត​ស្រប​ច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​ក្នុង​កិច្ចការពារ​សន្តិសុខ និង​របៀបរៀបរយ​សាធារណៈ ជាពិសេស​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​បំពេញ​បេសកម្ម និង​ទស្សនៈកិច្ច​នៅ​តំបន់​អង្គរ និង​តំបន់​ផ្សេងទៀត ហើយ​អាជ្ញាធរ​ខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​អង្គភាព​នគរបាល​ការ​រ​បេតិកភណ្ឌ ត្រូវ​ខិតខំ​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ទេសភាព​វប្បធម៌​របស់​រមណីយដ្ឋាន​អង្គរ​៕


 

Leave a Reply

Your email address will not be published. Required fields are marked *