- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​គណៈប្រតិភូ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG) ចូលជួប​សម្ដែង​ការគួរសម​

នា​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ជូន​គណៈប្រតិភូ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG) ដឹកនាំ​ដោយ​លោកស្រី ម៉ា​លីន វ៉ាន មន្ត្រី​ជាន់ខ្ពស់​ផ្នែក​វិភាគ​គោលនយោបាយ នៃ​លេខាធិការ​ក្រុម​ការងារ​ហិរញ្ញវត្ថុ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​មាន​សន្តិភាព​។​

​សម្ដេច​ក្រឡាហោម ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​របស់​គណៈប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ​។​

​សម្ដេច​ក្រឡាហោម បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា​សម្ដេច​សូម​ចូលរួម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដែង​និង​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ការប្ដេជ្ញាចិត្ត និង​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ប្រឆាំង​នឹង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​សម្ដេច បន្តថា​ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការកសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​បម្រើ​ការងារ​ទាំងនេះ និង​ការអនុវត្ត​ទៅ​នឹង​កិច្ចការ​មួយចំនួន​ដែល​តម្រូវ​ដោយ​ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ជម្រាប​ជូន​បន្ថែម​ដែរ​ថា ទន្ទឹម​នឹង​ការកសាង​លិខិត​បទដ្ឋាន​គតិយុត្តិ​បម្រើឲ្យ​កិច្ចការ​ប្រឆាំង​ការសម្អាត​ប្រាក់​នោះ កម្ពុជា​ក៏​បាន​ពិនិត្យ​និង​កែសម្រួល ព្រមទាំង​ពង្រឹង​យន្តការ​ការងារ​ទាំងនេះ​យ៉ាង​សកម្ម​ផង​ដែរ ទាំង​យន្ដការ​នៅ​កម្រិត​ថ្នាក់ជាតិ កម្រិត​នយោបាយ និង​ទាំង​យន្តការ​កម្រិត​បច្ចេកទេស ក្នុងនោះ​បាន​រៀបចំ​ជា​អនុគណៈកម្មការ​ដែល​មាន​សមត្ថកិច្ច​ទៅ​លើ​កិច្ច​ការ​ពាក់ព័ន្ធ​ទៅ​តាម​វិស័យ​នៃ​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទៅ​លើ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​នៃ​ភេរវកម្ម និង​ហិរញ្ញវត្ថុ​ទាន​ដល់​ការ​អាវុធ​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​សម្ដេច​បន្ថែមថា កម្ពុជា​ក៏​កំពុង​តែ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​នូវ​យន្តការ​ទាំងនេះ​ព្រមទាំង​ពង្រីក​នូវ​វិសាលភាព​នៃ​យន្តការ​ទាំងនេះ​ដើម្បី​ធ្វើ​យ៉ាងណា ធានា​ដល់​ប្រសិទ្ធភាព​ការងារ ក៏ដូចជា​និរន្តរភាព​ការងារ​នេះ​ផងដែរ​។ សម្ដេច បញ្ជាក់ថា​ក្រៅពី​ការងារ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​និង​ការរៀបចំ​ក៏ដូចជា​ការងារ​ពង្រឹង​នូវ​យន្តការ​ដឹកនាំ​និង​អនុវត្ត កម្ពុជា​បាន​ចាត់ទុក​កិច្ចការ​នេះ​គឺជា​កិច្ចការ​សំខាន់ និង​ជា​ការងារ​អាទិភាព​។​

​សម្ដេច មានប្រសាសន៍ថា​មកដល់​ពេល​នេះ​កម្ពុជា​ក៏​បាន​ចាត់តាំង​ការផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​អំពី​ការងារ​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​នេះ ជា​បន្តបន្ទាប់​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​ជ្រួតជ្រាប​កាន់តែ​ទូលំទូលាយ​ក៏ដូចជា​ផ្តល់​ការបណ្តុះបណ្តាល​ដល់ ភាគី​ពាក់ព័ន្ធ​ដើម្បី​កៀរគរ​ការគាំទ្រ​និង​ការចូលរួម​សំដៅ​ធ្វើយ៉ាងណា​ចូលរួម​អនុវត្ត​តាម​ច្បាប់​ក៏​ដូច​ជា​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​នៅ​ជា​ធរមាន​របស់​កម្ពុជា​។​

​ជា​ការឆ្លើយតប​លោកស្រី ម៉ា​លីន វ៉ាន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡាហោម និង​ក្រុមការងារ​របស់​គណៈកម្មកា​រ​សម្របសម្រួល​ថ្នាក់​ជាតិ​របស់​កម្ពុជា ចំពោះ​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​រាក់ទាក់ ដល់​គណៈប្រតិភូ​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី មន្ត្រី​ជាន់ខ្ពស់​ផ្នែក​វិភាគ​គោលនយោបាយ នៃ​លេខាធិការ​ក្រុម​ការងារ​ហិរញ្ញវត្ថុ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​បើកទូលាយ និង​កិច្ចសហប្រតិបត្តិការ ការចូលរួម​យ៉ាង​ល្អប្រសើរ​របស់​កម្ពុជា នៅក្នុង​ដំណើរការ​បំពេញ​ការងា​រ​របស់​ក្រុមការងារ​លោកស្រី​នៅ​កម្ពុជា និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ផងដែរ​ចំពោះ​ភាគី​កម្ពុជា​ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ​ថ្វី​ត្បិត​តែ​កម្ពុជា​ក៏​ដូចជា​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅលើ​សកលលោក​ទទួលរ​ង​នូវ​ផលប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ យ៉ាងណាក៏ដោយ ក៏​ភាគី​កម្ពុជា​នៅតែ​បន្ត​ខិតខំ​បំពេញ​នូវតាម​ផែនការ​សកម្មភាព​អនុវត្តតាម​ផែនការ​សកម្មភាព​របស់ខ្លួន ដោយ​ផ្តល់​នូវ​របាយការណ៍​ជា​បន្តបន្ទាប់​រហូត​ឈាន​ដល់​ដំណើរ ទស្សនកិច្ច Onside Visite របស់​គណៈប្រតិភូ​ទាំងអស់​នៅ​កម្ពុជា​នា​ឱកាស​នេះ​។​

​ជាថ្មី​ម្តងទៀត និង​ជា​ការឆ្លើយតប​សម្ដេច​ក្រ​ឡា​ហោម បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​ក៏​សូម​ជូនពរ​ឲ្យ​ដំណើរទស្ស​ន​កិច្ច​កិច្ច​របស់​គណៈប្រតិភូ​នៅ​កម្ពុជា​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ និង​សូមឲ្យ​គណៈប្រតិភូ​ស្នាក់នៅ​បំពេញ​ការងារ​នៅ​កម្ពុជា​ប្រកបដោយ​ផា​សុកភាព ដោយ​សម្ដេច​ផ្ទាល់​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ថ្នាក់​ជាតិ​ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការ ក៏​ដូចជា​ក្រុម​ការងារ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​កិច្ចសហការ​ការ​សម្រប គោលដៅ​នានា​តាម​តម្រូវការ​ចាំបាច់​៕

Leave a Reply

Your email address will not be published. Required fields are marked *