- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ព្រៃវែង​

(​ព្រៃវែង​) ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេចចិត្ត នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ព្រៃវែង ។​

​ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​គណៈកម្មាធិការ​គណបក្ស ខេត្ត​ព្រៃវែង បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គ​ពី​ធី អំពី​វឌ្ឍនភាព​ការងារ​គណបក្ស ពិសេស​ការកសាង​កម្លាំង​គាំទ្រ​នៅ​មូលដ្ឋាន ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ជា សុ​មេធី អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត បាន​អាន​សេចក្ដីសម្រេច​មហាសន្និបាត​វិសាមញ្ញ​គណបក្ស​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​យ៉ាង​ល្អ ធ្វើឱ្យ​គណបក្ស និង​រាជរដ្ឋាភិបាល​បន្ត​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការអនុវត្ត​គោលនយោបាយ​នានា​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា រាល់​ខ្លឹមសារ​នៃ​ឯកសារ​នានា ដែល​គណបក្ស​បាន​សម្រេច​អនុម័ត​ក្នុង​មហាសន្និបាត​វិសាមញ្ញ​កាលពី​ពេល​ថ្មីៗ និង​ត្រូវបាន​យក​មក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នេះ ត្រូវការ​ចំណុច​សំខាន់​មួយ​ធំ​បំផុត​មួយ គឺ​ការ​ឈ្នះឆ្នោត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​គណបក្ស និង​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​យក​ខ្លឹមសារ​ទាំងនេះ​ទៅ​អនុវត្ត​ជាក់ស្ដែង នាំមក​នូវ​វឌ្ឍនភាព​ថ្មីៗ​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ក៏​ផ្ដល់​ទស្សនាទាន​ជូន​អង្គពិធី​ដែរ អំពី​សភាពការណ៍​អន្តរជាតិ និង​បាន​មានប្រសាសន៍​ដែរ​ថា ទន្ទឹមគ្នា​នឹង​បញ្ហា​ប្រឈម​នៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ​នោះ នៅក្នុង​ប្រទេស​ឯណេះ​វិញ ក្រុមប្រឆាំង​ជ្រុលនិយម​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ញ៉ុះញ​ង់ អុច​អាល បំប៉ោង បំភ្លៃ​ការពិត​ក្នុងសង្គម ប៉ុនប៉ង​បង្កឱ្យមាន​ចលាចល និង​អ​ស្ថិតរ​ភាព​ក្នុងសង្គម ដើម្បី​បម្រើ​មហិច្ចតា​ផ្ដូលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​សម្ដេច​ក្រឡាហោម​បន្តថា ទោះបី​មាន​ការ​ប្រឈម​ទាំង​ក្រៅ និង​ក្នុង​ប្រទេស​ដូច​លើកឡើង រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោជា​ប្រមុខ បាន​បន្ត​រក្សា​បាន​សុខសន្តិភាព និង​ស្ថិរភាព​ជាតិ សម្រេច​បាន​វឌ្ឍនភាព​ការងារ​ជាតិ​ជាច្រើន ដូចជា​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ឡើងវិញ ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ការដាក់ចេញ​គោលនយោបាយ​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ដោយសារ​វិបត្តិកូ​វីដ​-១៩ និង​ឥទ្ធិពល​សង្គ្រាម​ខាង​ក្រៅ​ប្រទេស​ជាដើ​។​

​ពី​វេទិកា​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​បង្ហាញ​ក្ដីសង្ឃឹម​ថា ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង គណៈកម្មាធិការ​គណបក្ស​ខេត្ត​ព្រៃវែង និង​បណ្ដា​យន្តការ​គណបក្ស​ផ្សេងទៀត នឹង​បន្ត​រួម​គ្នា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ក្នុងនោះ​រួម​ទាំង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​ចូលរួម​ធានា​ស្ថិរភាព​សង្គម ពិសេស​ខិតខំ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​ជោគជ័យ​ជា​បន្ត​ទៀត ការបោះឆ្នោត​ឆ្នាំ​២០២៣ និង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *