ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
សូមជម្រាប់ថា ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ១.៦៩៤គ្រឿង ម៉ូតូចំនួន ១.៣០២គ្រឿង រកឃើញ យានយន្តល្មើសសរុបចំនួន ៣៩៩គ្រឿង មានម៉ូតូចំនួន ៣៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពដដែលបន្តថា រយៈពេល៧ថ្ងៃ(ថ្ងៃទី០១-០៧ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤.៣៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២.៥៧៤គ្រឿង ម៉ូតូមានចំនួន ២.១៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៧ថ្ងៃ នៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន១០នាក់ និងរបួសស្រាលចំនួន ៤នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៩លើក៕






