- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សមិទ្ធផល​នានា នៅ​វត្ត​មេ​លប់ ស្ថិតនៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​

ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សមិទ្ធផល​នានា នៅ​វត្ត​មេ​លប់ ស្ថិតនៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​លោក ចេម ប្រា អភិបាល​នៃ​គណៈ​អភិ​បាក​ល​ស្រុក​ពារាំង បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ថា វត្ត​មេ​លប់ បង្កើតឡើង​នៅ​ឆ្នាំ​១៧៣៥ នៅលើ​ទីតាំង​ដី​ទួល​ព្រះធំ ក្បែរ​ភូមិ ដោយ​ព្រះ​ចៅ​ធិ​ការ​ព្រះនាម មុំ ញ៉ែម បាន​សាងសង់​កុដ្ឋ និង​រោង​ឧបោសថ​កម្ម រហូតដល់​ឆ្នាំ​១៧៩០ បាន​ប្ដូរ​មក​ទួល​ព្រៃក្ដី ដោយ​ព្រះ​ចៅអធិការ​ព្រះនាម ម៉ា ឃុន និង​ព្រះ​តេជគុណ​ព្រះនាម ប្រាក់ ព្រីង រហូតដល់​ឆ្នាំ​១៨៨១ ក៏​បន្ត​ប្ដូរ​មក​នៅ​ក្បែរ​ភូមិ​វិញ ដោយ​ឆ្លងកាត់​ព្រះចៅអធិការ​ជា​បន្តបន្ទាប់​។​

​លោក​បន្តថា នៅក្នុង​សម័យ​សង្គ្រាម​ដើម​ទសវត្ស ១៩៧០ មានការ​ទំលាក់​គ្រាប់បែក​បណ្ដាលឱ្យ​ខូចខាត​វត្ត និង​សុគត​ព្រះសង្ឃ​មួយ​អង្គ ហើយ​ចូល​ដល់​សម័យ​ខ្មែ​ក្រហម សមិទ្ធផល​វត្ត​មេ​លប់​ត្រូវ​បាន​កម្ទេច​គ្មាន​សល់ ទើប​នៅ​ឆ្នាំ​១៩៨០ មាន​អតីត​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម និត សា​វ៉ៃ បានសម្រេច​សាង​ភ្នួស​ឡើងវិញ និង​ដឹកនាំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ឆ្លងកាត់​ព្រះចៅអធិការ​វត្ត​ជា​បន្ត​បន្ទាត់ រហូត​សម្រេច​សាងសង់​ព្រះវិហារ​ថ្មី​នៅ​ឆ្នាំ​២០១៥ រ​ហូរ​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា ជាមួយ​សមិទ្ធផល​នានា​នា​ឱកាស​នេះ​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​ពារាំង ខេត្ត​ព្រៃវែង និង​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ជាច្រើន ដើម្បី​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​ពុទ្ធសាសនា ក៏ដូចជា​វិស័យ​ផ្សេងៗ ជាច្រើន​ទៀត នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រៃវែង​។ ជាក់ស្ដែង សមិទ្ធផល​ដែល​ដាក់​សម្ភោ​ធ​នាពេលនេះ បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១ ៦៩៥ ៥០០ ០០០,០០ រៀល ប្រមាណ​ជា ៤១៣ ៥៣៦ ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​បាន​មក ពី​ការចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​ពារាំង និង​សប្បុរសជន​។​

​សម្ដេច​បាន​ជម្រាបជូន​អង្គពិធី​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​បាន​យ៉ាង​ល្អប្រសើរ​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញ​ដំណើ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ ប្រកបដោយ មោទនភាព ទោះបីជា​យើង​ត្រូវ​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច​អន្តរជាតិ និង​សង្គ្រាម​អ៊ុ​យក្រែន​-​រុស្ស៊ី​ក្តី​។​

​សម្ដេច​បន្តថា ព្រម​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​រក្សា​កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ​លើ​ឆាក​អន្តរជាតិ កាន់តែ​បាន​លើកកម្ពស់ និង​ទទួលស្គាល់​ពី​បណ្ដា​ប្រទេស​នៅលើ​សកលលោក នៅពេល​ដែល​កម្ពុជា​បាន​អនុវត្ត​តួនាទី​ជា​ប្រធាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ប្រកបដោយ​ជោគជ័យ និង​ថា​សមិទ្ធផល​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច សង្គម​ដែល​សម្រេច​បាន​រហូត​មក​ទល់​ពេល​នេះ ពិតជា​កើត​ឡើង​ដោយសារ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​យ៉ាង​ត្រឹមត្រូវ​នូវ​កម្មវិធី​នយោបាយ គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​នានា​ជាមួយ​ការចាត់តាំង​អនុវត្ត ដោយមាន ការគាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំង​ប្រទេស​។​

​សម្ដេច​បាន​រម្លឹក​ដោយ​បញ្ជាក់ទៀតថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សេរីភាព​សម្រាប់​ជំនឿ​សាសនា​ត្រូវ​លុបបំបាត់​ចោល​ទាំងស្រុង រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ វត្ត​អារាម និង​វិហារ​សាសនា​ផ្សេងៗ ព្រម​ទាំង​សមិទ្ធផល​នានា បំរើ​អោយ​សាសនិក​នៅ​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា ស្តារ​ឡើងវិញ​ពី​ចំណុច​សូន្យ ហើយ​បច្ចុប្បន្ន​នេះ​មាន​ភាព​រីកចម្រើន​គួរ​ជាទី​មោទនៈ ។​

​សម្ដេច​បន្ថែមថា រាជរដ្ឋាភិបាល​ក៏​បាន​ពង្រឹង​សុខដុម​នីយកម្ម រវាង​សាសនិក នៃ​គ្រប់​សាសនា ប្រឆាំង​ការរើសអើង ប្រឆាំង​ការបែងចែក​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​កាន់សាសនា​ខុសគ្នា សំដៅ​ប្រែក្លាយ​សក្តានុពល នៃ​សាសនា​ទាំងអស់ អោយ​ក្លាយជា​កម្លាំង​ជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​ពង្រឹង​សន្តិភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ លើកតម្កើង​សីលធម៌ និង​រាំង​ស្កាត់​ការ​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម​។​

​ពី​វេទិកា​អធិបតី​នោះដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ណែនាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ដើម្បី​ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ខ្ជាប់ខ្ជួន ស្របតាម​ពាក្យស្លោក​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី «​ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ​មាន គ្រោះថ្នាក់​ចរាចរណ៍​»​។​

​សម្ដេច​បាន​លើកទឹកចិត្ត​អាជ្ញាធរ ជំរុញ​សកម្មភាព​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​អំពី​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន តាម​គោលការណ៍ «​បី​កុំ មួយ​រាយការណ៍​» គឺ​កុំ​ពាក់ព័ន្ធ​៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​។ កុំ​អន្តរាគមន៍​៖ រារាំង​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុម​គ្រួសារ សាច់ញាតិ ឬ​មិត្តភក្តិ​ក៏ដោយ​។ កុំ​លើកលែង​៖ កុំ​បន្ធូរបន្ថយ​ការអនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន គ្រឿងញៀន សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ជន​គ្រប់រូប ត្រូវគោរព និង​អនុវត្ត​ច្បាប់​។ និង​មួយ​រាយការណ៍​៖ ត្រូវ​រាយការណ៍​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់​ទីតាំង​កែច្នៃ ផលិត និង​ទីតាំង​ស្តុក​ទុក​គ្រឿងញៀន​។​

​សម្ដេច​ក៏​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស ដោយ​សហការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប​នឹង​ទប់ស្កាត់បាន​ទាន់ពេលវេលា និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ អោយបាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឆ្លង​រាតត្បាត​ឡើងវិញ​ក្នុង​សហគមន៍ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សកម្មភាព​សេដ្ឋកិច្ច សង្គម ដែល​កំពុង​ដំណើរការ​ពេញលេញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *