- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​សឹង​ពោធិ៍សាត់​១​រួច​ហើយ​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ធ្វើដំណើរ​មក​កាន់​កន្លែង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់ និង​ជួប​កម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​នេះ​ផងដែរ​។

​សូមជម្រាបថា វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ មាន​អានុភាព​ប្រមាណ ៨០​មេហ្កា​វ៉ាត់ មាន​ទីតាំង​ស្ថិតនៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់​កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ក្នុង​ការសាងសង់ និង​វិនិយោគ​រួចមក ក្រុមហ៊ុន​បាន​ខិតខំ​ស្វែងរក​ប្រភព​ទុនវិនិយោគ និង​ក្រុមហ៊ុន​ដៃគូ​សាងសង់​ដែល​មាន​បទពិសោធន៍​ខ្ពស់ ដោយ​បាន​ជ្រើស​យក​ក្រុមហ៊ុន Power China មកពី​ប្រទេស​ចិន ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការសាងសង់​គម្រោង​វា​រី​អគ្គិសនី​នៅ​កម្ពុជា​នា​ពេលកន្លងមក​។​

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន បាន​យកចិត្តទុកដាក់​សាងសង់ និង​សម្រេចបាន​លទ្ធផល​មួយចំនួន​រួមមាន បោសសំអាត​មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះលើ​ផ្ទៃដី ៥៦៦​ហិកតា​, កាប់ឆ្ការ​ព្រៃ​នៅ​ទីតាំង​សំខាន់ៗ​របស់​គម្រោង​លើ​ផ្ទៃដី​ទំហំ ៥៦៦​ហិកតា ព្រមទាំង​បាន​សាងសង់​ផ្លូវ​ចូល​ទៅ​កាន់​ទំនប់ និង​ទីតាំង​សំខាន់ៗ​របស់​គម្រោង​សរុប​ជិត ៣៦​គីឡូម៉ែត្រ​។​

​គម្រោង​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៦​ខាងមុខ​៕

Leave a Reply

Your email address will not be published. Required fields are marked *