- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​នៅ​សាលាខេត្ត​បាត់ដំបង​

នា​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​នៅ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​គោរព​ជូន​សម្ដេច និង​អង្គពិធី​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ដោយ​មាន​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជាប្រចាំ​ពី​សំណាក់​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ខេត្ត​បាត់ដំបង​បាន​បោះជំហាន​លើ​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ និង​មាន​ការប្រែប្រួល​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន​នេះ​រួមចំណែក​លើក​ស្ទួយ​កម្រិត​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ក៏​បាន​រាយការណ៍​អំពី​ដំណើរការ​ប្រព្រឹត្ត​នៃ​សន្និបាត​ដែល​មាន​រយៈពេល​មួយ​ថ្ងៃ​កន្លះ និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព ផ្នែក ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ប្រធាន អនុប្រធាន​អង្គភាព​ប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក នាយក​រដ្ឋបាល​សាលាក្រុង ស្រុក អធិការ​នគរបាល​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល សមាគម​នានា សភាពាណិជ្ជកម្ម​ខេត្ត សភា​មុខរបរ​ខេត្ត​សរុប​ចំនួន ៤៥៤​នាក់ ។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា អង្គសន្និបាត​បាន​ស្ដាប់​នូវ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ដោយ​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ទៅ​លើ​សមិទ្ធផល​ជាច្រើន​ដែល​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២​នេះ ជាពិសេស​ការឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា ព្រមទាំង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​បញ្ចប់​ទំនាស់​វិវាទ​នៅតាម​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់​នៅក្នុង​ខេត្ត​។

​ឯកឧត្តម​បន្ថែមថា សន្និបាត​ឆ្នាំនេះ រដ្ឋបាលខេត្ត​បាន​ធ្វើ​ការប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត​ឲ្យទទួល​បន្ទុក​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន ៥ រួម​មាន​ការងារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀ​, ការគ្រប់គ្រង​ដែន​ការពារ​អភិរក្ស​ធនធានធម្មជាតិ​, ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​, ការរៀបចំ​ក្រុង​បាត់ដំបង​ក្នុង​ការចូលរួម​អនុវត្ត​គម្រោង​ទីក្រុង​ឆ្លាត (Smart City) និង​ការងារ​វឌ្ឍនភាព​នៃ​ការរៀបចំ​សោភ័ណ្ឌភាព សណ្តាប់ធ្នាប់​សាធារណៈ​តាម​ទីប្រជុំជន​ក្រុង ស្រុក​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ក្រសួង​មហាផ្ទៃ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និង កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង ព្រមទាំង​ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ដែល​បាន​ខិតខំ​រួមគ្នា​យ៉ាង​សកម្ម​ក្នុង​ការបំពេញ តួនាទី​ភារកិច្ច សម្រេច​បាន​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​ឆ្នាំ​២០២២ កន្លងមកនេះ​។

​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​មាន្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង​ឆ្លើយតប​នឹង​វិបត្តិ និង​បញ្ហា​ប្រឈម​នានា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ស្តារ​ផលប៉ះពាល់​នានា​មក​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បណ្តាលមកពី​ជំងឺ​កូវី​ដ​-១៩, គ្រោះទឹកជំនន់​ទឹកភ្លៀង និង​វិបត្តិ​នានា​ជា​សកល ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​យើង​ស្ទុះ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​អត្រា​កំណើន​ប្រមាណ ៥,២% ក្នុង​ឆ្នាំ​២០២២ និង​រំពឹងទុក​ថា នឹង​មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៥,៦% ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​សម្ដេច​បន្តថា ក្នុង​ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​ក៏​សម្រេច​បាន​ការរៀបចំ​កា​រ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ ប្រកប​ដោយ​លក្ខណៈ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់ និង​បទបញ្ជ នីតិវិធី​នៃ​ការបោះឆ្នោត ព្រមទាំង​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព សម្រាប់​ការបោះឆ្នោត​នេះ​បាន​យ៉ាង​ល្អប្រសើរ​។ ទន្ទឹមនេះ ប្រទេស​យើង​ក្នុងតួនាទី ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ក៏បាន​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ជា​ការលើក កម្ពស់​ថែមទៀត​នូវ​កិត្យានុភាព​ប្រទេស​កម្ពុជា​យើង​លើ​ឆាក​អន្តរជាតិ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​ទាញ​ការកត់សម្គាល់ថា ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើនេះ យើង​ក៏​បាន​កត់សម្គាល់​អំពី​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់ រួម​ទាំង​កិច្ចការ​សំខាន់ៗ​នានា​ជាច្រើន ដែល​ត្រូវ​បន្ត​ខិតខំ​រួម​គ្នា​ពុះពារ​អនុវត្ត​ឲ្យបាន​ល្អ​ក្នុង​ឆ្នាំ​២០២៣​នេះ ពិសេស​ការ​ធានារៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយល​ក្ខ​ណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព រួម​ទាំង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឲ្យទទួល​បាន​ជោគជ័យ និង​មាន​សុវត្ថិភាព​។

​ពី​វេទិកា​អធិបតី​នោះដែរ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​កិច្ចការ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ត្រូវ​ខិតខំ​រួមគ្នា​សម្រេច​ឲ្យបាន​ក្នុង​ឆ្នាំ​២០២៣ លើ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​, ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧, អំពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។

​ដោយសារ​ខេត្ត​បាត់ដំបង ជា​ខេត្ត​ដ៏​មាន​សក្ដានុពល​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិក​កម្ម ឧស្សាហកម្ម និង​ទេសចរណ៍ សម្ដេច​ក្រឡាហោម​ក៏បាន​ណែនាំ​រដ្ឋបាល​ខេត្ត​ត្រូវ​បន្ត​យកចិត្តទុកដាក់​គាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​ផ្តល់​ភាព​អនុគ្រោះ​សម្រាប់​ការវិនិយោគ តាមរយៈ​ការអនុវត្ត​ច្បាប់ ស្តី​ពី​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​ខេត្ត​មាន​សិទ្ធិ​សម្រេច អនុញ្ញាត​ការវិនិយោគ​ក្នុង​ទុន​វិនិយោគ​ដែលមាន​ទំហំ​ទឹកប្រាក់​មិន​លើស​ពី ៥​លាន ដុល្លារ​សហរដ្ឋអាមេរិក និង​ត្រូវ​បន្ត​ខិតខំ​កៀរគរ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​បង្កើត​ឱកាស​ការងារ ប្រាក់ចំណូល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក៏​បាន​មានប្រសាសន៍​ណែនាំ និង​ផ្ដល់​ទស្សនាទាន​ដល់​អង្គ​សន្និបាត​អំពី​ការគ្រប់គ្រង ការពារ​សន្តិសុខ និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន​, ការគ្រប់គ្រង​ធនធានធម្មជាតិ​, ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ដោយបាន​លើកទឹកចិត្ត​រដ្ឋបាលខេត្ត​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព និង​គុណភាព​ផ្តល់ ការគាំទ្រ​ដល់​យន្តការ​ច្រកចេញចូល​តែ​មួយ​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​លើកកម្ពស់​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​ប្រព័ន្ធ ផ្តល់​សេវា​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ណែនាំ​បន្ថែម​ឲ្យ​រដ្ឋបាលខេត្ត​ត្រូវ​ដឹកនាំ​សម្របសម្រួល​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ពន្លឿន​ការផ្ទេរ​សេវា​នានា ដែល​នៅ​សេសសល់​មកឲ្យ​អង្គភាព​ច្រកចេញចូល​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការស្នើ​សុំ និង​ទទួលបាន​នូវ​សេវា​នានា​នៅ​កន្លែង​តែ​មួយ ហើយ​ទន្ទឹម​នេះ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​សំណើ សំណូមពរ បណ្តឹង និង​ការទាមទារ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ និង​ការពង្រឹង​របៀបរបប​ការងារ​។ សម្ដេច​បាន​បង្ហាញ​ការសង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នឹង​រួមគ្នា​បំពេញការងារ​ឱ្យ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៣ ៕


Leave a Reply

Your email address will not be published. Required fields are marked *