- ព័ត៌មានជាតិ

សិក្ខាសាលា​ស្តីពី «​តួនាទី​នៃ​វិស័យ​វប្បធម៌​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​»​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​

​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោកជំទាវ ឡងឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី និង​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ជា​គណ​:​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «​តួនាទី​នៃ​វិស័យ​វប្បធម៌​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​» ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​តំណាង​ស្ថាប័ន អគ្គនាយកដ្ឋាន ប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុប​ប្រមាណ​១៨០​នាក់​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​លើកឡើង​ថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្រោម​ការដឹកនាំ​របស់​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រី បាន​នឹង​កំពុង​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្នុង​នោះ​ក្រសួង​បាន​ចូលរួម​សហការ​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ក្នុង​គោលដៅ​កាត់បន្ថយ​និង​លុបបំបាត់​នូវ​សកម្មភាព​អមនុស្សធម៌​ទាំងនេះ​ចេញពី​សង្គម​កម្ពុជា​។ កន្លងមក​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តែង​បាន​រៀបចំ​សិក្ខាសាលា រៀបចំ​ការជួបជុំ​គ្នា និង​បាន​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ដែល​មាន​គោលដៅ​អប់រំ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សកម្មភាព​និង​ហានិភ័យ​ដែ​ល​កើតចេញ​ពី​សកម្មភាព​នៃ​ការជួញដូរ​មនុស្ស​។​

​លោកជំទាវ​បាន​បញ្ជាក់​ជា​ថ្មី​ថា មានតែ​ការរួម​កម្លាំង​សហការគ្នា បង្កើត​ការឯកភាព​គ្នា និង​ធ្វើការ​ផ្សព្វ ផ្សាយ​តាម​គ្រប់​មធ្យោបាយ​ប៉ុណ្ណោះ ទើប​អាច​យកឈ្នះ​លើ​បទ​ល្មើស​គួរឱ្យ​ស្អប់ខ្ពើម​នេះ​បាន ស្របពេល​ដែល​អំពើ​ជួញដូរ​មនុស្ស​ត្រូវបាន​គេ​ចាត់ទុកជា​ទាសភាព​សម័យ​ទំនើប ដែល​មាន​ចរិក​ស្មុគស្មាញ​ប្រកប ដោយ​ល្បិចកល​ពាក់ព័ន្ធ​ទៅ​នឹងរ​បត់​នៃ​ផ្នត់គំនិត ចិត្តសាស្ត្រ​សង្គម ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ការវិវត្ត​នៃ​សេដ្ឋកិច្ច នយោបាយ​ជាតិ​និង​អន្តរជាតិ​ជាដើម ដែល​ត្រូវការ​ចាំបាច់​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​រិះរក​វិធានការ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ ទប់ស្កាត់ ដើម្បី​កាត់បន្ថយ​ឈាន​ទៅ​លុបបំបាត់​ឱ្យបាន​។ ក្នុង​អង្គ​សិក្ខាសាលា​ខាងលើ លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​លោកគ្រូ អ្នកគ្រូ ប្អូនៗ​ក្មួយៗ សិស្ស និស្សិត សិល្បករ សិល្បការិនី​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ មេត្តា​ចូលរួម​ពិភាក្សា​ឱ្យ​ផុលផុស​បំផុត ដើម្បី​ចែករំលែក​ទស្សនៈ គំនិត​យោបល់ ព្រមទាំង​បទពិសោធ​ជាមួយ​វាគ្មិន​អញ្ជើញ​មក​ពី​ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គសិក្ខាសាលា​ទាំងមូល​៕​

Leave a Reply

Your email address will not be published. Required fields are marked *