- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍​នោះទេ ប៉ុន្តែ បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់​ដំណាក់កាល​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង មី​ទ្ទីង​មហាជន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៣) នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​ឆ្លៀង​ក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ខំ​ប្រជាជន​កម្ពុជា​ឲ្យធ្វើ​ការជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌតិ បាន​បន្តទៀតថា ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ដ៏​ខ្មៅ​ងងឹត​នេះ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ស្ថិតក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ « រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន ហៅថា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​ដោយ​កម្លាំង «​មហា​សាមគ្គី​» របស់​ប្រជាជន​ទាំងមូល​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​មាន សម្តេច​ពញ្ញា​ចក្រី ហេង សំរិន បច្ចុប្បន្ន​ជា​ប្រធានរដ្ឋសភា សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ជា​ប្រធានព្រឹទ្ធសភា សម្តេច​តេជោ ហ៊ុន សែន និង «​វីរជន​ស្នេហា​ជាតិ​» ជាច្រើន​នាក់​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី ៧ មករា ឆ្នាំ ១៩៧៩ ។ «​ព្រឹត្តិការណ៍​ទាំងនេះ ក៏​ត្រូវបាន​ប្រជាជន​គ្រប់​រូប​សុទ្ធ​តែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧​មករា ទេនោះ ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃនេះ​ដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្ដិសាស្ដ្រ​»​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​បន្តទៀតថា អង្គ​មិ​ទ្ទី​ញ​នាពេលនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​រំលឹក​ឡើងវិញ នូវ​ទិវា​ជា​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​ចាប់ផ្ដើម​រស់រានមានជីវិត​របស់​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា និង​ដើម្បី​ប្រកាស​ជា​ឱឡារិក​ថា រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើងទាំងអស់គ្នា ឲ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែរ​ណ​សិរ្យ ២​ធ្នូ ក៏​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល ក្នុង​ការស្តារ​កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ នៅ​គ្រប់​ដំណាក់កាល​ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *