- ព័ត៌មានជាតិ

គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ក្រចេះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​នានា​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ទុយ ប៊ុន​សេរី​រ័ត្ន​មុនី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ក្រចេះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​នានា​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ពេលកន្លងមក និង​ស្តាប់​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ខេត្ត​ក្រចេះ នៅ​សាលប្រជុំ​មេគង្គ​សាលា​ខេត្តក្រចេះ ។

​ក្នុងនាម​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ក្រចេះ ឯកឧត្តម ទុយ ប៊ុន​សេរី​រ័ត្ន​មុនី បាន​លើកឡើង​អំពី​ការចាត់តាំង​អនុវត្ត​យ៉ាងសកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ស្របតាម​ផែនការ បទបញ្ជា និង​គោលការណ៍​ណែនាំ​នានា​ដែល​បានដាក់ចុះ​កន្លងមក ការអប់រំ បង្ការ ទប់ស្កាត់ បង្ក្រាប ព្យាបាល ស្តារនីតិសម្បទា ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ សំដៅ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ចៀសផុត​ពី​បញ្ហា​គ្រឿងញៀន​ស្រប​តាម​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

​ដោយ​យោង​លើ​ខ្លឹមសារ​គោលការណ៍​ណែនាំ​សម្រាប់​ចាត់តាំង​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លេខ​០០២ ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​យោង​លើ​បញ្ហា​ខ្វះខាត​មួយចំនួន​ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុ​ទ្ធា បាន​ស្នើសុំ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ក្រចេះ​បន្ត​យកចិត្តទុកដាក់ និង​ពិចារណារ​លើ​ការចាត់ចែង​ដឹកនាំ​រៀបចំ​កិច្ចការ​មួយចំនួន​ដូច​ខាងក្រោម​៖
​ទី​១. ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ការអនុវត្ត​សម្រាប់​ចាត់តាំង​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​បាន​ឆាប់​តាម​ស្មារតី​នៃ​ការណែនាំ​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី (​ដែល​នេះ​គឺជា​កិច្ចការ​សំខាន់ និង​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ​ជា​ទីបំផុត​)​។​
​ទី​២. ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​អនុវត្ត​នូវ​ខ្លឹមសារ នៃ​ឯកសារ​គោលការណ៍​ណែនាំ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​រាល់​គ្រប់​ចំណុច​ទាំងអស់​ដែល​ពាក់ព័ន្ធ និង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​នីមួយៗ ។​
​ទី​៣. ត្រូវ​រៀបចំ​យន្តការ​គាំទ្រ​និង​តាមដាន​ឱ្យបាន​ច្បាស់លាស់​សម្រាប់​ការបញ្ជូន និង ទទួល​អ្នក​ប្រើ​គ្រឿងញៀន​ទៅ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម និង​ត្រូវ​រៀបចំ​ចុះបញ្ជី​ស្ថិតិ​ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​ដែល​មាននៅ​តាម​ភូមិ ឃុំ សង្កាត់​ក្នុង​ខេត្ត ដើម្បី​លើក​ផែនការ និង​វិធានការ​សម្រាប់​ព្យាបាល ស្តារនីតិសម្បទា ឬ​ដោះស្រាយ ចំពោះ​ឱ្យបាន​សមស្រប និង​មាន​ប្រសិទ្ធភាព ។
​ទី​៤. ត្រូវ​រៀបចំ និង​ពង្រឹង​យន្តការ​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពី​ថ្នាក់ ខេត្ត ដល់ ឃុំ សង្កាត់ ដោយ​ផ្អែក​លើ​លិខិត​បទដ្ឋាន​ណែនាំ​នា​ដែល​មាន​កន្លងមក សំដៅ​ចូលរួម​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​នូវ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​ឆន្ទះ​មុតស្រួច​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

Leave a Reply

Your email address will not be published. Required fields are marked *