- ព័ត៌មានជាតិ

វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល លើក​ទី​៥ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ក្រុង​អរិយ​ក្សត្រ​

​ខេត្ត​កណ្ដាល​៖ បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ​ចាំបាច់​មួយ​ចំនួន ដែល​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ក្រុង​អរិយ​ក្សត្រ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើង​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល លើក​ទី​៥ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វត្ត​ស្វាយជ្រំ ក្រុង​អរិយ​ក្សត្រ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​បញ្ហា​ប្រឈម សំណូមពរ និង​តម្រូវការ​ចាំបាច់​មួយ​ចំនួន ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ក្រុង​អរិយ​ក្សត្រ ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅ​ក្រុង​អរិយ​ក្សត្រ សរុប​ចំនួន ៣២ ក្នុង​នោះ​ផ្នែក​រដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់​មាន​ចំនួន ០២ ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន ១០ ផ្នែក​សង្គមកិច្ច​មាន​ចំនួន ១២ និង​ផ្នែក​គ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួល​អាកាសធាតុ​មាន​ចំនួន ០៨​។

​មានប្រសាសន៍​ក្នុង​វេទិកា​នៃ​ដែរ ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា​៖ ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅពេល​នេះ​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​ខេត្ត​ជាមួយ​រដ្ឋបាល​ក្រុង រដ្ឋបាល​សង្កាត់ ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ក្រុមប្រឹក្សា​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​ផ្តល់​ប្រឹក្សា​អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​ខេត្ត ប្រកបដោយ ចីរភាព និង​ប្រសិទ្ធភាព​។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បន្តថា​៖ ការលើកឡើង​នូវ​មតិយោបល់ សំណើ សំណូមពរ និង​អនុសាសន៍ សម្រាប់​កែលម្អ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​កណ្តាល ឧ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត ស្របទៅនឹង​ការចង់បាន​របស់​រាជ​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុង​ការលើកកម្ពស់ ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ ពី​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង និង​រដ្ឋបាល​សង្កាត់ កាន់តែ​ល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់​។

​បញ្ហា​ប្រឈម សំណើរ និង​សំណូមពរ ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ត្រូវបាន​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ធ្វើ​ការពន្យល់​បកស្រាយ និង​បាន​ជំរុញ​ដល់​អជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។​

 

Leave a Reply

Your email address will not be published. Required fields are marked *