- ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ

ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្ត​ស្តីទី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​
​យោង​ប្រកាស​លេខ​៥៤៩៥​ប្រក ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​រាជរដ្ឋាភិបាល សម្រេច​តែងតាំង​លោក មួន វី​វៈ ឋានន្តរស័កិ្ត​នាយក្រម​ការ ថ្នាក់​លេខ​៦ ជា​អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ​។

​ឯកឧត្តម ស្រេង សុភាព អភិបាលខេត្ត​ស្តីទី បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការខិតខំ​ទប់​លំនឹង​សេដ្ឋកិច្ច សង្គម​មិន​ឱ្យ​ដួលរលំ និង​បាន​ដាក់ចេញ​គោលនយោបាយ និង​វិធានការ​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ឱ្យមាន​ជា​ការវិវត្ត​រីកចម្រើន​ជា​បន្ត​ទៀត ។

​ឯកឧត្តម ស្រេង សុភាព បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ស្រុក រួមមាន ៖ -​ការបន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ជំរុញ និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ” របស់​រាជរដ្ឋាភិបាល ដែល​មាន​លក្ខណសម្បត្តិ ៧​យ៉ាង ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព – ត្រូវ​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់ចេញ​នូវ​វិធានការ​នានា សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា នូវ​រាល់​សកម្មភាព​ប៉ុនប៉ង​បង្ក​ឱ្យមាន​ភាពចលាចល​វឹកវរ និង​អសន្តិសុខ​ក្នុងសង្គម -​ត្រូវ​ពន្លឿន​ការផ្តល់​អត្តសញ្ញាណប័​ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​អស់​សុពលភាព ដែល​បាត់​ឬ​ខូច​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បំពេញ​សិទ្ធិ និង​ទទួលបាន​សេវា​ចាំបាច់​នានា -​ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ឱ្យ​បាន​សកម្ម​ផុលផុស​នៅ​គ្រប់​មូលដ្ឋាន ដោយ​បំផុស​ចលនា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន នៅតាម​មូលដ្ឋាន​នី​មួយៗ​ឱ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ -​ត្រូវខិតខំ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ ការលាង​សម្អាត​ប្រាក់ និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​-​បន្ត​យុទ្ធនាការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរ ឱ្យ​បាន​ជាប់​ជាប្រចាំ សំដៅ​កាត់បន្ថយ​បន្ថែមទៀត​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន និង​ធនធាន​នានា​ក្នុង​សង្គម -​ត្រូវ​សហការ​លើកកម្ពស់​ការ​គ្រប់គ្រង ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ ទ្រព្យសម្បត្តិ​សាធារណៈ ដោយ​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ និង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ បំផុស​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​-​ត្រូវ​បន្ត​ពង្រឹង​និង​កែលម្អរ ការផ្តល់​សេវា​រដ្ឋបាល តាម​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ស្រប​តាម​រចនាសម្ព័ន្ធ និង​មុខងារ​ថ្មី ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុងការ បំពេញ​ការងារ​របស់​ខ្លួន ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ ទទួលបាន​សេវា​រដ្ឋបាល​នានា​កាន់តែ​ងាយស្រួល ឆាប់រហ័ស មាន​តម្លាភាព និង​គណនេយ្យភាព ។

​ទន្ទឹមនេះ រដ្ឋបាល​ស្រុក​ត្រូវ​ជួយ​គាំទ្រ និង​ជំរុញ​ដល់​រដ្ឋបាល​ឃុំ ក្នុង​ការផ្តល់​សេវា​តាមរយៈ​យន្តការ​ច្រកចេញចូល​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​សេវា​រដ្ឋបាល​ពី​រដ្ឋបាល​ឃុំ​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *