- ព័ត៌មានជាតិ

​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​ព័ត៌មាន​និង​សាធារណមតិ បើក​សិក្ខាសាលា​លើកដំបូង

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណ​មតិ (​គ​.​ស​.​ព​.​ស​) នៅ​អគារ​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

​សិក្ខាសាលា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​វាគ្មិន​កិត្តិយស ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​អនុប្រធាន សមាជិក​នៃ គ​.​ស​.​ព​.​ស និង​អ្នកនាំពាក្យ មន្ត្រី​ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​បណ្តាញ​សង្គម​មកពី​បណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុប​ប្រមាណ​២០០​នាក់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គស​ពស បាន​គូសបញ្ជាក់ថា ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ ហើយ​ស្ថាប័ន​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល គឺជា​សេនាធិការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវតែ​ចូលរួម​ក្នុង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និង​ពន្យល់ ដល់​ប្រជាពលរដ្ឋ​អំពី​ការ​ពិត​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា​សម្រាប់​ការងារ​ព័ត៌មាន​និង​សាធារណមតិ គឺ​យើង​ត្រូវធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្តបន្ទាប់ ពោល​គឺ​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា នៅក្នុង​យុគសម័យ​ឌីជីថល បូករួម​នឹង​ភាពជឿនលឿន​កាន់តែខ្លាំង​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត្ត (AI Technology) ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស ប៉ុន្តែ វា​ក៏​បាន​បង្ក​បញ្ហា​ដ៏​ធំ​នៅក្នុង​សង្គម​ផង​ដែរ មិន​ថា​តែ​នៅក្នុង​ប្រទេស​របស់​យើង ឬ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​សហរដ្ឋអាមេរិក ឬ​អឺរ៉ុប​នោះទេ​។ ដូច្នេះ វា​ទាមទារ​ឱ្យ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ជានិច្ច​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន​មានប្រសាសន៍​ឱ្យដឹង​ផង​ដែរ​ថា ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គ​.​ស​.​ព​.​ស​. ត្រូវបាន​បង្កើតឡើង​ក្នុង​នាម​ជា​យន្តការ ដើម្បី​សម្របសម្រួល សហការ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ ពង្រឹង​ស្តង់ដារ​នៃ​ការអនុវត្ត​ការងារ តម្រង់ទិស​និង​ផ្តល់​ជា​អនុសាសន៍ ដើម្បី​តម្រង់​ទិស​ការងារ​ព័ត៌មាន​និង​សាធារណ​មតិ​ឱ្យ​កាន់តែ​មាន​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធិភាព ជាពិសេស​ដើម្បី​បង្កើតបាន​ជា​ចលនា​ជាតិ​មួយ​សម្រាប់​បង្កើត​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា «​ជាក់ស្តែង​ណាស់​ផលប្រយោជន៍​ជាតិ​របស់​យើង ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​យើង និង​ក្រុមគ្រួសារ​របស់​យើង និង​ផលប្រយោជន៍​របស់​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង គឺ​សុទ្ធតែ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក និង​ត្រូវ​ពឹងផ្អែក​លើ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម ដើម្បី​សុខុមាលភាព និង​វិបុលភាព​ដ៏​រុងរឿង​»​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏​បាន​គូស​រំលេច​ទៀតថា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​បង្កើត​ច្រក​ចេញចូល​មួយ​ក្នុង​កិច្ចសហកា​រលើ​ការងារ​ព័ត៌មាន​និង​សាធារណមតិ រវាង គ​.​ស​.​ព​.​ស ជាមួយ​ក្រសួង​-​ស្ថាប័ន រាជធានី​ខេត្ត ប្រមូល​កម្លាំង​សរុប ដើម្បី​សម្រេច​គោលដៅ​រួម ដោយ​អនុវត្ត​តាម​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ទី​១ នៃ គ​.​ស​.​ព​.​ស បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​អង្គ​សិក្ខាកាម​ទាំងមូល ត្រូវ​ពង្រឹង​យន្ត​ការងារ​ព័ត៌មាន​និង​សាធារណមតិ តាម​យុទ្ធសាស្ត្រ ប្រមូល​កម្លាំង​សរុប មធ្យាបាយ​សរុប ក្នុងនាម​ជា​រាជរដ្ឋាភិបាល​តែមួយ ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល​ដូចគ្នា គឺ​ក្រុម​តែ​មួយ​គោលដៅ​តែមួយ ដោយ​ប្រើ​សំឡេង​តែ​មួយ ភាសា​តែ​មួយ ដើម្បី​សម្រេច​កិច្ចការ​រួមគ្នា​។ បន្ថែម​ពីលើ​ការធ្វើ​បទ​បង្ហាញ​នូវ​របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​របស់ គស​ពស ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ត្រូវ​ខិតខំ​ស្រាវជ្រាវ ប្រមូល​ចងក្រង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន រាជធានី​ខេត្ត ដោយ​បង្កើន​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន និង​ត្រូវ​តែ​សកម្ម មោះមុត​នឹង​ការងារ​ដោយ​ផ្អែក​លើ​ទស្សនាទាន គឺ​រួម​គិត រួម​ផ្តល់យោបល់ រួម​ធ្វើ និង​ជំរុញ​ការផ្សព្វផ្សាយ និង​ឆ្លើយតប​ឱ្យ​បាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​នូវ​ព័ត៌មាន​លេចធ្លោរ​របស់​ក្រសួង​ស្ថាប័ន​រៀងៗ​ខ្លួន​លើ​គ្រប់​មធ្យោបាយ និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ឱ្យបាន​ទូលំទូលាយ​។​

​ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ គ​.​ស​.​ព​.​ស​. ក៏បាន​លើកឡើង​ផង​ដែរ​អំពី​តួនាទី​និង​ភារកិច្ច​មួយចំនួន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបា​ល ហើយ​ឯកឧត្តម ក៏​បាន​សំណូមពរ​ឱ្យ​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​បំផុត​ទើប​ការងារ​មាន​ប្រសិទ្ធភាព​។ លើសពីនេះ ឯកឧត្តម ក៏​បាន​ស្នើ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​ការងារ​ប្រតិកម្ម​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា និង​ការងារ​បុរេ​សកម្ម ពោល​គឺ​ត្រូវ​ព្យាករណ៍​ទុក​ជាមុន​នូវ​ហេតុការណ៍​ណា​ដែល​អាច​នឹង​កើតឡើង​នៅ​ពេល​ខាងមុខ និង​សុំ​កិច្ច​សហការ​ពី​ក្រុម​អ្នកនាំពាក្យ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចែករំលែក​នូវ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍ ដើម្បី​បម្រើ​សាធារណជន ធ្វើការ​ផ្សព្វផ្សាយ​និង​ឆ្លើយតប​ទាន់​ពេលវេលា​។​

​គួរបញ្ជាក់​ថា សិក្ខាសាលា​ដែល​មាន​រយៈពេល​ពេញ​១​ថ្ងៃ បាន​ប្រព្រឹត្តទៅ​ក្នុង​ភាពស្និទ្ធស្នាល ។ វាគ្មិន​ទាំងអស់ ក៏បាន​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការងារ​ព័ត៌មាន​និង​សាធារណ​មតិ និង​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ជាច្រើន​ជូន​សិក្ខាកាម​នៅតាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត យក​ទៅ​ពង្រឹង​ក្រុមការងារ​របស់​ខ្លួន ជាមួយនឹង​ការប្តេជ្ញាចិត្ត​ខ្ពស់​សម្រាប់​ការអនុវត្ត​ភារកិច្ច​ជាក់ស្តែង​ឱ្យ​សម្រេចបាន​នូវ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។

​សិក្ខាសាលា​បាន​បិទ​បញ្ចប់​ក្រោម​អធិបតី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ទី​១ នៃ គស​ពស​។ ឯកឧត្តម នេត្រ ភ​ក្ត្រា តំណាង​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ បានបញ្ជាក់​ថា ការងារ​ព័ត៌មាន និង​សាធារណមតិ​មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​បម្រើ​ចិត្តសាស្ត្រ និង​ការគ្រប់គ្រង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ក្នុង​បរិបទ​នៃ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ក្រសួង​ស្ថាប័ន​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវ​តែ​ខិតខំ​ពង្រឹង​នូវ​យន្តការ​ដ៏​សំខាន់​នេះ ដែល​ជា​កម្លាំង​រួម​សម្រាប់​បំពេញ​ភារកិច្ច​ផ្សព្វផ្សាយ បំភ្លឺ និង​ការឆ្លើយតប​បាន​ទាន់ពេលវេលា​៕

Leave a Reply

Your email address will not be published. Required fields are marked *