- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Pfizer

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Pfizer ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត Nirutti Pradubyati នាយក​ក្រុមហ៊ុន Pfizer ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ​ប្រចាំ​ប្រទេស​ថៃ និង​តំបន់​ឥណ្ឌូចិន​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ក្រុមហ៊ុន Pfizer ដែល​កន្លងមក បាន​រួមចំណែក​គាំទ្រ ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​កម្ពុជា​នៅ​ប្រទេស​កម្ពុជា ដូចជា​ការមកដល់​នៃ​វ៉ាក់សាំង​កូវី​ដ​-១៩ (​វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​លោក Nirutti Pradubyati នាយក​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ​ប្រចាំ​ប្រទេស​ថៃ និង​តំបន់​ឥណ្ឌូចិន បាន​ថ្លែងអំណរគុណ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន Pfizer បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោក Nirutti Pradubyati ក៏​បាន​ជម្រាបជូន​អំពី​គម្រោង Accord for a Healthier World ដែល​ជា​គម្រោង​ផ្តោតលើ​ការកាត់បន្ថយ​គម្លាត​សមធម៌​សុខភាព តាមរយៈ​ការលក់​ជូន​នូវ​ឱសថ និង​វ៉ាក់សាំង​របស់ ក្រុមហ៊ុន Pfizer នូវ​តំលៃ​ទាប និង​មិន​គិត​ពី​ប្រាក់ចំណេញ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​គុណភាព​របស់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​ឱសថ​របស់​ក្រុមហ៊ុន Pfizer និង​សូម​ស្វាគមន៍​កិច្ចសហប្រតិបត្តិកា​រពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើ​ម​របស់​ក្រុមហ៊ុន Pfizer ក្នុង​វិស័យ​សុខាភិបាល ក៏ដូចជា​ការផ្តល់​ជំនួយ ឬ​ការផ្គត់ផ្គង់​ឱសថ និង​វ៉ាក់សាំង​ដល់​កម្ពុជា​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និរន្តរភាព និង​សមធម៌​។

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី អាទិភាព​សំខាន់ៗ​វិស័យ​សុខាភិបាល ទាំង​បី​រួមមាន​៖ ១)​ការព្រងឹង​គុណភាណ​សេវា​នៅ​មណ្ឌល​សុខភាព​ទាំងអស់ តាមរយៈ​ការពង្រឹង​ហេ​ដ្ឋា​សម្ព័ន្ធ​សុខាភិបាល ការផ្គត់ផ្គង់​ឱសថ និង​បំពាក់​សម្ភារៈ​បរិក្ខារ​ចាំបាច់ ធ្វើឱ្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវា​ពេញ​២៤​ម៉ោង ២)​ការព្រងឹង​គុណភាណ​សេវា​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត តាមរយៈ​ការពង្រឹង សេវា​សង្គ្រោះបន្ទាន់ ICU, Emergency, Surgery និង​មន្ទីរពិសោធន៍​ជាដើម និង​៣) ការពង្រឹង​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​។

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ក្រុមហ៊ុន Pfizer ត្រូវតែ​ពិភាក្សា​កិច្ចសហការ​នេះ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស ជា​ពិសេស​ត្រូវ​តែ​គិតគូ និង​ចាប់ផ្តើម​គម្រោង​សាកល្បង (Pilot Project) ជាមួយ​មន្ទីរពេទ្យ​ណាមួយ​ជាមុនសិន មុន​នឹង​បន្ត​គម្រោង​នៅ​ទូទាំង​ប្រទេស​។​

Leave a Reply

Your email address will not be published. Required fields are marked *