- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រឹត្តិការណ៍ រាត្រី​ចងចាំ​លើក​ទី​៤ គឺជា​ការបណ្តុះ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​ឱ្យ​កាន់តែ​ស្រឡាញ់ វប្បធម៌ អរិយធម៌​ដ៏​ឧត្តុង្គឧត្ដម​របស់​ខ្លួន​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ព្រឹត្តិការណ៍ រាត្រី​ចងចាំ​លើក​ទី​៤ ឆ្នាំ​២០២៣ នៅ​ព្រះ​លានជល់ដំរី នៃ​ក្រុង​អង្គរ​ធំ សៀមរាប នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អបអរសាទរ​ខួប ៣១​ឆ្នាំ នៃ ការដាក់បញ្ចូល​រមណី​យដ្ឋា​ន​អង្គរ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​ក្នុង​គោលបំណង​សំខាន់​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ និង​បណ្តុះ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​យើង ឱ្យ​កាន់តែ​ស្រឡាញ់ វប្បធម៌ អរិយធម៌​ដ៏​ឧត្តុង្គឧត្ដម រួម​ទាំង​សិល្បៈ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ​។

​ពិធី​នេះ​ក៏​បង្ហាញ​ពី​មោទកភាព​ជាតិ មហាអំណាច​នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យូរលង់ ក៏ដូចជា ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​នូវ​សក្តានុពល​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ ក្នុង​ការលើកស្ទួយ​ពាក្យស្លោក កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ និង​ធ្វើឱ្យ​កាន់តែ​ប្រាកដ​ឡើង​នូវ​ពាក្យស្លោក កោះសន្តិភាព ដែល​មានចែង​ក្នុង​បុព្វកថា នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្រោម​ពាក្យស្លោក អរគុណ​សន្តិភាព និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​គ្រប់​អាណត្តិ​។

​ចំណែកឯ​គោលដៅ​សំខាន់​មួយទៀត គឺ​ដើម្បី​រំលឹក និង​ដាស់តឿន​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​ឲ្យ​ចងចាំ និង​ប្តេជ្ញាចិត្ត​ត្រូវ​ថែរក្សា​ការពារ​វប្បធម៌ និង​អរិយធម៌​ជាតិ ជាពិសេស ប្រាង្គ​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​ទាំងអស់ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ដល់​បុព្វការី​ជន​គ្រប់​ជំនាន់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ខិតខំ​កសាង លះបង់​កាយ​ចិត្ត ស្មារតី ក្នុង​ការកសាង ថែរក្សា ការពារ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្សេងៗ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​មហាសាល​របស់​យើងទាំងអស់គ្នា​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *