- ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ​ទទួល​ជួប​ជាមួយ​ប្រតិភូ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា (KOICA) ដឹកនាំ​ដោយ​លោកស្រី CHOI Moon Jung នាយិកា​ទីភ្នាក់ងារ KOICA និង​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​កូរ៉េ ពិភាក្សា​ការងា​រលើ​គម្រោង «​ការពង្រឹង​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​»

នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា (KOICA) ដឹកនាំ​ដោយ​លោកស្រី CHOI Moon Jung នាយិកា​ទីភ្នាក់ងារ KOICA និង​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​កូរ៉េ ក្នុង​គោលបំណង ពិភាក្សា​ការងា​រលើ​គម្រោង «​ការពង្រឹង​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​» ។

ក្នុង​ជំនួប​នេះ​ដែរ លោកស្រី CHOI Moon Jung បាន​បង្ហាញជូន​ឯកឧត្តម​រដ្ឋមន្ត្រី នូវ​ការចូលរួម​របស់​ទីភ្នាក់ងារ KOICA ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ឈានដល់​ការសិក្សា​សមិទ្ធ​លទ្ធភាព (Feasibility Study) នៃ​គម្រោង «​ការពង្រឹង​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​» ដែល​គម្រោង​នេះ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការរួមចំណែក​យ៉ាង​សំខាន់ ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រីរាជកា​រ​នៅតាម​បណ្តា​ក្រសួង​ស្ថាប័ន​ទាំងអស់​។​

​ថ្លែង​ប្រសាសន៍​នា​ឱកាស​សំណេះសំណាល​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កត់សម្គាល់​នូវ​កិច្ចសហប្រតិបត្តិកា​រ​កន្លង​មក​រវាង​ទីភ្នាក់ងា​រ KOICA ជាមួយនឹង​ក្រសួង​មុខងារសាធារណៈ ចាប់តាំងពី​ឆ្នាំ​២០១៤ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នៅ​ទីស្នាក់ការ KOICA ប្រទេស​កូរ៉េ ការផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​រាជការ​ក្រសួង​មុខងារសាធារណៈ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជូន​ប្រតិភូ​នូវ​ឧត្តមភាព​របស់​សាលា​ភូមិន្ទ ដែល​ជា​យន្តការ​ដ៏​សំខាន់​របស់​ក្រសួង​មុខងារសាធារណៈ ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​មុខងារសាធារណៈ​។ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​គម្រោង «​ការពង្រឹង​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​» ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​កម្មវិធី និង​គោលនយោបាយ​រយៈពេល​វែង​របស់​កម្ពុជា ជាពិសេស​រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​មួយ​ផង​ដែរ ដែល​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ បាន​ផ្តោត​លើ​ការកែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​។

​តាមរយៈ​ជំនួប​នា​ថ្ងៃនេះ​ដែរ នឹង​រួមចំណែក​ដល់​ការបើក​ទូលាយ​ចំពោះ​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ឱ្យ​បន្ត​រីកចម្រើន​ទៅ​មុខ ដែល​នឹង​ជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *