- ព័ត៌មានជាតិ

​អធិការនគរបាល​ស្រុក​ពញាឮ លោក ដួង តេង បាន បដិសេធ​អំពី​រឿងរ៉ាវ​យកលុយ ២០០​ដុល្លារ ជា​ថ្នូរ​ក្នុង​ការ​តាម​ចាប់​ជនសង្ស័យ​

​កណ្តាល​.​ករណី​បុគ្គល​ឈ្មោះ ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​បាន​ប្រើប្រាស់​ឈ្មោះ​អធិការ​ស្រុក​ទាមទារ​លុយ​ចំនួន ២០០​ដុ​លា្ល​រ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​ជា​ថ្នូរ​ក្នុងការ​តាម​ចាប់ខ្លួន​ជនសង្ស័យ ពេលនេះ​លោក ដួង តេង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​ធ្វើ​ការបដិសេធ​ច្រាន​ចោល​អំពី​រឿងរ៉ាវ​មួយ​នេះ​។​

​យោងតាម​របាយការណ៍​បំភ្លឺ​របស់​លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ គោរព​ជូន​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន រៀបរាប់​និង​បដិសេធ​ច្រានចោល​ទាំងស្រុង ចំពោះ​ករណី​ទារ​លុយ​ចំនួន​២០០​ដុល្លារ ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​តាម​ចាប់​ជនសង្ស័យ​។​

​អធិការ​ស្រុក លោក ដួង តេង ដដែល​រូបនេះ បាន បញ្ជាក់​ឲ្យដឹងថា​៖ រឿងរ៉ាវ​គឺ​បុគ្គល​ឈ្មោះ ហួត ចាន់​សុខ តួនាទី​នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ គឺជា​អ្នក​ទារលុយ​ពី​ជនរងគ្រោះ​ដោយ​អំពើ​ចិត្ត​ឯង លាក់បាំង​អង្គភាព ដោយ​យក​ឈ្មោះ​អធិការនគរបាល​ស្រុក​ពញាឮ និង​ឈ្មោះ​ព្រះរាជអាជ្ញា​ទៅ​ប្រើ​ក្នុង​គោលបំណង​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​មាន​ការជឿជាក់​ទៅលើ​ខ្លួន​។​

​ដូច​ដែរ​បាន​រៀបរាប់​តាម​របាយការណ៍​បំភ្លឺ ពី​សំណាក់​លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សូម​សារ​ធា​រណៈ​ជន​មេត្តា​ជ្រាប​ថា «​ករណី​ទារលុយ ២០០​ដុល្លារ ដើម្បី​ជា​ថ្នូរ​ក្នុងការ​តាម​ចាប់​ជនសង្ស័យ គឺ​មិនមែន​ជា​គំនិត​របស់​លោក​អធិការនគរបាល​ស្រុក​ពញាឮ​នោះទេ គឺជា​គំនិត​ទាំងស្រុង​របស់​លោកស្រី ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ពញាឮ គិត​ម្នាក់ឯង ធ្វើ​ម្នាក់ឯង យកលុយ​ទៅ​ចាយ​ម្នាក់ឯង អត់​ចែក​គេ​ចាយ ដល់​ពេល​ផែនការ​ធ្លាយ​បែក​ទើប​ព្រម​ទទួលកំហុស​»​។​

​សូម​ជម្រាប​ជូន​ថា​៖ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចំណុច​បឹង​ផ្សារ​ដែក ភូមិ​ផ្សារ​ដែក​ក្រោម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល បណ្ដាលឲ្យ​ជនរងគ្រោះរ​ង់រ​បួស​ជា​ទម្ងន់ ។ ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ ចំណែក​ឯកជន​សង្ស័យ​រត់គេចខ្លួន​បាត់ស្រមោល រហូតមកទល់​ពេលនេះ​នៅ​មិន​ទាន់​រកឃើញ​នោះទេ​។​

​ទោះបីជា​យ៉ាងណា​ពាក់ព័ន្ធ​រឿងរ៉ាវ​ទារលុយ​២០០​ដុល្លារ ជា​ថ្នូរ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹមថា​ជោគវាសនា​របស់​លោកស្រី ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ពញាឮ មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​បណ្តេញចេញ​ពី​ក្របខណ្ឌ​នគរបាល​ជាតិ​នោះ​ទេ យ៉ាងច្រើន​ត្រឹម​ទទួលពិន័យ​ទៅតាម​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *