- ព័ត៌មានជាតិ

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤

នៅ​រសៀល ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​១១ ខែ​ឆ្នាំ​២០២៣​នេះ មាន​ទំហំ ៤៣ ៥១៥,៨៦ លាន​ដុល្លារ​អាម៉េរិក ដែល​ក្នុងនោះ​ការនាំ​ចេញ​សរុប​មាន ២១ ៩៩២,៤០ លាន​ដុល្លារ​អាម៉េរិក កើនឡើង ៤,០៨% បើ​ប្រៀបធៀប​នឹង​ការនាំ​ចេញ​រយៈពេល ១១ ខែ​ឆ្នាំ​២០២២​។ ទោះ​បី​ឆ្នាំ ២០២៣ នេះ កម្ពុជា​បាន​ប្រឈម​នៅ​កាលទេស​លំបាកៗ​ជាច្រើន​ពី​ស្ថានការណ៍​តំបន់ និង​ពិភពលោក ប៉ុន្ដែ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដើរ​តួនាទី​សំខាន់ និង​បានប្រែក្លាយ​បញ្ហា​មកជា​ឱកាស​ជាច្រើន ដូចជា​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​៤ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA), កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA), និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មីរ៉ា​ត​អា​រ៉ាប់រួម​(Cambodia-UAECEPA)​ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ថែរក្សា​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត និង​បន្ត​ស្វែងរក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​សម្រាប់​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​។ សម្តេច​ធិបតី​មានប្រសាសន៍ថា គ្រប់​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​នៅ​ក្រៅប្រទេស សម្ដេច​តែងតែ​យក​ពេល​ដើរ​គោះទ្វារ​(​ទាក់ទាញ​ការវិនិយោគ​) ដើម្បី​ទាក់ទាញ​វិនិយោគិន​នានា​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​កិច្ចប្រជុំ​ដោយផ្ទាល់ ការ​ដាក់​តាំងពិព័រណ៍​ផល​ផលិតផល​ខ្មែរ និង​ការធ្វើសិក្ខាសាលា​រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​កម្ពុជា​ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​បុរេ​សកម្ម​ជានិច្ច​ដោយ​បាន​ដើរ​គោះទ្វា​គេ​, ដើរ​ជួប​គេ ដើម្បី​រក​ទីផ្សារ​សម្រាប់​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ឲ្យបាន​កាន់តែ​ច្រើន​បន្ថែមទៀត​។ នៅក្នុង​អាណត្តិ​ទី​៧​នេះ គឺជា​អាណត្តិ​ពង្រឹង ជាជាង​ពង្រីក ជាពិសេស​ការពង្រឹង​ទៅលើ​រចនាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ទាំងអស់​។ ក្រៅពីនេះ​គឺ​ការត្រៀម​រៀបចំ​ថ្នាល​ឌីជីថល​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ផងដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន ដើម្បី​ពង្រឹង​ផល​ផល​ក្នុង​ស្រុក​ឱ្យ​មាន​គុណភាព និង​ស្ដង់ដារ សម្រាប់​ជំរុញ​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​។ សម្ដេច​ក៏​ជំរុញ​ចំពោះ​ការចុះបញ្ជី​ម៉ាក​ផលិតផល​ខ្មែរ ក្នុង​ស្រុក​ឱ្យបាន​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ឆ្មា​ខ្មៅ​ក៏​ដោយ​ស​ក៏ដោយ ឲ្យតែ​ចាប់​កណ្តុ​របាន គឺ​ឆ្មា​ទាំងអស់ ន័យ​នេះ សម្តេច​ចង់​លើកឡើងថា អ្នកណា​ក៏​ដោយ ក្រុមហ៊ុន​ណា​ក៏​ដោយ​ឲ្យតែ​លក់​ផលិតផល​ខ្មែរ​ចេញទៅ​ក្រៅ​បាន​គឺ​សុទ្ធតែ​ល្អ​ទាំងអស់​។ ការប្រកួតប្រជែង​ផលិតផល​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស​គឺ​ពឹងផ្អែក​លើ​កត្តា​ចំនួន​ពីរ គឺ​ទី​១ ផលិតផល​ជា​អ្នកកំណត់ ទី​២​តម្រូវការ​ទីផ្សារ​ជា​អ្នក​កំណត់​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​បង្កើន​ការផលិត​ផលិតផល​ដែល​មាន លក្ខណៈ​ពិសេស​ប្រចាំ​តំបន់​ដូចជា​ម្រេច​កំពត​ជា​ដើម និង​ត្រូវ​ខិតខំ​បង្កើន​ការស្វែងរក​ទីផ្សារ​លក់​ផលិតផល​ទាំងនោះ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី​ក៏​បាន​ដាក់​ចេញ​គោល​ការ​ឱ្យ​សិក្សា​ចំពោះ​ការទិញ​សម្ភារៈ​គ្រឿងសង្ហារិម​របស់​ក្រសួង ស្ថាប័ន ចាប់ពី​ឆ្នាំ ២០២៥ គឺ​ត្រូវ​ជំរុញ​លើ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ខណៈ​ក្នុង​មួយឆ្នាំៗ ឬ​មួយ​អាណត្តិៗ ការប្រើប្រាស់​គ្រឿងសង្ហារិម​នៅតាម​ការិយាល័យ​របស់​ក្រសួង​ស្ថាប័ន​មាន​ចំនួន​ច្រើន​គួរសម​ដែរ​។​សម្តេច​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០២៥ ទៅ រដ្ឋាភិបាល​នឹង​ទិញ​គ្រឿងសង្ហារិម​ដែល​ផលិត​ក្នុងស្រុក ដើម្បី​ដាក់​នៅ​តាម​ស្ថាប័នរដ្ឋ​នានា ដើម្បី​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​ក្រុម​អ្នក​ផលិត​ផលិតផល​ក្នុងស្រុក ទាំងអស់ ត្រូវ​បង្កើន​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ក្នុងប្រទេស និង​កាត់បន្ថយ​ការ​នាំចូល​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​អាច​នឹង​ចាកចេញ​ពី​ប្រទេស​មាន​ឋានៈ ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់​ពី​កម្ពុជា​មាន​ការអភិវឌ្ឍ​ច្រើន​ជាង​មុន និង​អាច​ដើរ​ដោយ​ខ្លួនឯងបាន​។​

​មុននឹង​ប្រកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ ជូន​មន្ត្រី​មាន​ស្នាដៃ​ល្អ នៃ​ក្រសួង​ពាណិជ្ជកម្ម​មួយចំនួន​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *