- ព័ត៌មានជាតិ

អគារ​សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី​ដ៏​ថ្មី​សន្លាង ស្កឹមស្កៃ និង​ស្រស់ស្អាត បាន​លេច​រូបរាង​នៅ​ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

មណ្ឌលគិរី​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ព​ង់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី​ថ្មី ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ជូ វិ​ជិត្ត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួម​ទាំង​ឯកឧត្តម លោកជំទាវ គណៈប្រតិភូ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើនរូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មានប្រសាសន៍ថា អគារ​ថ្មី របស់​សាខា​ពន្ធដារ​ខេត្ត​មណ្ឌលគិរី ដែល​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាេពេលនេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ លើ​ផ្ទៃដី​ទំហំ ១,៨៨៥ ម៉ែត្រក្រឡា និង​មាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន ២ ០៣៥ ម៉ែត្រក្រឡា អគារ​ថ្មី​នេះ ត្រូវបាន​សាងសង់​ឡើង​ក្រោម​រចនាបទ​តែមួយ​ដូចគ្នា​ទៅ​នឹង​សាខា​ពន្ធដារ​ខេត្ត​កែប​។ អគារ​នេះ មាន​កម្ពស់ ២៨ ម៉ែត្រ ស្មើនឹង ៥​ជាន់ ដោយ​គិត​រួមទាំង​ចំណត​រថយន្ត​នៅ​ជាន់​ផ្ទាល់​ដី ហើយ​ជាន់​នី​មួយៗ មាន​ផ្ទៃក្រឡា​ស្មើៗ​គ្នា ក្នុងនោះ​៖ ផ្ទៃ​បាត​អគារ មាន​ទំហំ ៤៨១ ម៉ែត្រក្រឡា​។

​ឯកឧត្តម គង់ វិបុល បន្ថែមថា អគារ​ថ្មី​នេះ ក៏​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​សំខាន់ៗ ដូចជា ៖ ប្រព័ន្ធ​ម៉ាស៊ីន ត្រជាក់​, និង​ប្រព័ន្ធ​ជណ្តើរ​យន្ត ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព ព្រមទាំង​មាន​ប្រព័ន្ធ បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​គ្រប់គ្រង និង​ការពារ​សុវត្ថិភាព​។ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការបំពេញ​ការងារ និង​ការផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ ចៀសវាង​ការ អាក់ខាន​ជាយថាហេតុ ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី អគារ​ថ្មី​នេះ ក៏​មាន​បំពាក់​នូវ ម៉ាស៊ីនភ្លើង ដែល​មាន​កម្លាំង ១៥០ KVA​។​

​ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​សាខា​ពន្ធដារ​ខេត្ត​មណ្ឌលគិរី ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​នូវ​សមិទ្ធផល​នេះ ឱ្យបាន​ស្ថិតស្ថេរ​បាន​យូរអង្វែង ដោយសារ​ការថែទាំ​ជាប្រចាំ និង​ការប្រើប្រាស់​ដោយ​ត្រឹមត្រូវ​និង​យកចិត្តទុកដាក់​ដោយ​មន្ត្រី​ពន្ធដារ គឺជា​កត្តា​សំខាន់​បំផុត​ដើម្បី​ឱ្យ​សមិទ្ធផល​នេះ​ស្ថិត​នៅ​បាន​គង់វង្ស​។

​ទន្ទឹមនឹងនេះ មន្ត្រីរាជការ​ពន្ធដារ​ទាំងអស់ នឹង​បន្ត​អនុវត្ត​នូវ​អភិក្រម​ការងារ​ទាំង ៤ រួមមាន​៖ ទី​១. អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ទី​២. អនុវត្ត​ការងារ​ជា​ក្រុម ទី​៣. អនុវត្ត​ការងារ​ដោយ​ប្រកាន់ខ្ជាប់​ស្មារតី​បុរេ​សកម្ម និង​គោលការណ៍​ប្រសិទ្ធភាព​ថវិកា ទី​៤. មិន​ត្រូវ​មើលរំលង​កំហុស​ខ្លួនឯង​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើ​ដល់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី សូមជួយ​សហការ​ក្នុង​ការប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការប្រមូល​ចំណូល​ពន្ធ​ក្នុង​ខេត្ត ជាពិសេស ទិន្នន័យ​អចល​ទ្រព្យ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការប្រមូល​ចំណូល​ពន្ធ​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ ដែល ជា​ចំណូល​ពន្ធដារ​មាន​សក្តានុពល​ក្នុង​ខេត្ត និង​ជា​គុណប្រយោជន៍​ថ្នាក់ក្រោម​ជាតិ​៕​

Leave a Reply

Your email address will not be published. Required fields are marked *