- ព័ត៌មានជាតិ

មន្ត្រីរាជការ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​គម្រូ​ដល់​សាធារណ​:​ជន និង​ប្រជាពលរដ្ឋ ក្នុង​ការគោរព​ច្បាប់​បទដ្ឋាន​នានា ច្បាប់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន

​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ។ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ មន្ត្រីរាជការ ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ។

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត គឺ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣​កន្លងមក ដែល​យើងទាំងអស់គ្នា​បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន ដោយ​ផ្អែក​តាម​ក្របខណ្ឌ នៃ​តួនាទី​ភារកិច្ច ស្របតាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត កិច្ចសហការ​សម្របសម្រួល​រវាង​ស្ថាប័ន​ថ្នាក់ជាតិ និង​ជំនាញ​នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ការចង្អុល​ដឹកនាំ​ជា​គន្លឹះ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​តាម​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ និង​តាមរយៈ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​គម្រូ​ដល់​សាធារណ​:​ជន និង​ប្រជាពលរដ្ឋ ក្នុង​ការគោរព​ច្បាប់​បទដ្ឋាន​នានា ច្បាប់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន ជា​ពិសេស​មន្ត្រី​បម្រើ​សេវា​ច្រកចេញចូល​តែ​១ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និង​រហ័ស​ទាន់​ពេល ស្រប​ទៅ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន​ទំនើប​លើ​ប្រព័ន្ធ​ឌីជីថល និង​នវានុវត្តន៍ ហាម​ដាច់ខាត​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន ករណី​ឃើញថា​មាន​ជាប់​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ។

​ឯកឧត្តម វ៉ា ថន បន្តថា ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​រួមគ្នា​បំពេញ​ការងារ និង​ដោះស្រាយ​នូវ​បញ្ហា​កើតមាន​នៅ​មូលដ្ឋាន ពិសេស​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង អំពើហឹង្សា​ដោយ​ជា​ក្រុមយុវជន​សិស្សសាលា និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ដែល​បាន​នឹង​កំពុង​កើតមាន​ក្នុង​មូលដ្ឋាន ក្នុង​នោះ​អាជ្ញាធរ​ឃុំ ត្រូវ​ម្ចាស់ការ​ខ្ពស់​ក្នុង​ការសហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការចាប់​បង្គ្រាប​ទប់ស្កាត់ កុំឲ្យ​កើត​មាន​បន្តទៀត ដើម្បី​រក្សា​ឲ្យបាន​នូវ​សុខ​សុវត្ថិភាព ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ស្របទៅនឹង “​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​” និង​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ។

​ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និង​កំណត់​យក​នូវ​អាទិភាព គន្លឹះ​ចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ប្រកាន់​យក​ទស្សនវិស័យ​វែងឆ្ងាយ​ដោយ​កំណត់​ទិសដៅ​អាទិភាព និង​អនុវត្ត​ជា​៥​ដំណាក់កាល ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​វែងឆ្ងាយ ឈរ​លើ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ចម្បង​ពីរ​៖ (​ទី​១) ថែរក្សា និង​ថែបំប៉ន​សុខសន្តិភាព​ដែល​សម្រេច​បាន​មក​ដោយ​លំបាក​និង (​ទី​២) កសាង​និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ដោយ​ត្រូវ​ខិតខំ​ប្រែ​ក្លាយខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

​សូមបញ្ជាក់​ថា​៖ អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​០២​ថ្ងៃ ដោយ​បែងចែក​ជា​៦​ក្រុម​ពិភាក្សា និង​បទ​បង្ហាញ​អំពី​លទ្ធផល នៃ​ការពិភាក្សា​របស់​ក្រុម​នីមួយៗ ជូន​អង្គ​សន្និបាត ព្រមទាំង​មាន​កម្មវិធី​សំណួរ​-​ចំលើយ ដែល​ផ្តោត​សំខាន់ លើ​ការងារ​អនុវត្ត​កន្លង​មក ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា ដែល​ត្រូវ​អនុវត្ត​បន្ត​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *