- ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី ការចាត់តាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ចំនួន​១៨៨ រូប​

ថ្លែង​ប្រសាសន៍​នា​ឱកាស​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ស្វាគមន៍​ចំពោះ​សមាជិក សមាជិកា​ថ្មី និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ទំនុកចិត្ត ចំពោះ​ឯកឧត្តម ឱ្យធ្វើ​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ដើម្បី​រួមគ្នា ជាមួយ​ក្រសួង ស្ថាប័ន​ទាំងអស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួម​តម្រង់ទិស​គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​នៅ​មូលដ្ឋាន និង​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍ​មូលដ្ឋាន លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ដោះស្រាយ ឆ្លើយតប​ទៅនឹង​សំណើ សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំណូមពរ ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ទាំង​អស់ រួមទាំង​ក្រុមការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវបានចាត់តាំង​ជា​អនុប្រធាន និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់ សូម​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​ស្របតាម​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល និង​តាម​ការ​ចាត់តាំង​របស់​ប្រធាន​ក្រុមការងារ​នៃ​បណ្តា​ថ្នាក់​។ ជាមួយនេះ សូម​គ្រប់​មន្ទីរ អង្គភាព ជំនាញ​ជុំវិញ​ខេត្ត ចូលរួម​សហការ​ចាត់​តាំង​មន្ត្រី​ជំនាញ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ការងា​រ​ឱ្យ​បាន​ទៀត​ទាត់ តាម​ការស្នើសុំ ឬ​អញ្ជើញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ពិធី​ចាត់តាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ចំនួន ១៨៨ រូប ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អនុប្រធាន​ក្រុមការងារ អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព ប្រធាន​ក្រុមប្រឹក្សា​ក្រុង ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលក្រុង ស្រុក អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក មេឃញ្ញាការ នៃ​បញ្ហា​ការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​សមាសភាព​ចូលរួម​ប្រមាណ ៣៨០ រូប នៅ​សាលាខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣៕​

Leave a Reply

Your email address will not be published. Required fields are marked *