- ព័ត៌មានជាតិ

ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​នូវែ​លសេ​ឡង់ ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់​

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​នូវែ​លសេ​ឡង់ នៅ​សាល​សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង​អធិការកិច្ច នា​ថ្ងៃ​ពុធ ៧​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ប្អូនៗ​ជ័យលាភី​អាហារូបករណ៍​អ៊ី​រ៉ា​ស្មូស (ERASMUS) ទៅ​ប្រទេស​បារាំង និង​រដ្ឋាភិបាល​នូវែ​លសេ​ឡង់ ទៅ​ប្រទេស​នូវែ​លសេ​ឡង់ មក​កាន់​ក្រសួង​អធិការកិច្ច និង​បាន​កោតសរសើ អបអរ​សារ​ទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព និង​ការខិតខំ​ប្រឹងប្រែង​របស់​បេក្ខជន និង​បេ​ក្ខ​នារី​ជ័យលាភី ព្រមទាំង​អរគុណ​ចំពោះ​ចំណាប់អារម្មណ៍​ចង់ដឹង និង​ចង់​ស្គាល់​ក្រសួង​អធិការកិច្ច​។​

​ថ្លែង​ក្នុង​ឱកាស​ដ៏​ស្និទ្ធស្នាល​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​ទាក់ទង​ទៅ​នឹង​មូលហេតុ​នៃ​ការប្តូរ​ឈ្មោះ​ក្រសួង​ជូន​ប្អូនៗ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដំបូង រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ “​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១” ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព ពោល​គឺ​ការកាត់បន្ថយ​ភាពក្រីក្រ សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​ប្រជាជន ឆ្ពោះ​ទៅ​សម្រេច​ឱ្យបាន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០ ដោយ​បន្ត​អនុវត្ត​អភិក្រម​ចំនួន​៥ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​”​។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែងបន្ត​ថា ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ គឺ​ផ្ដោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដើម្បី​ឆ្លើយតប​នឹង​រចនាសម្ព័ន្ធ​ស្នូល​របស់​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ តម្រូវ​ជា​ការចាំបាច់​នូវ​ការប្តូរ ឈ្មោះ “​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​” ទៅជា “​ក្រសួង​អធិការកិច្ច​” ក្នុង​គោលបំណង​បន្ត​កែទម្រង់​ស៊ីជម្រៅ ទូលំទូលាយ មាន​ភាពស៊ីចង្វាក់​គ្នា ដែល​នឹង​ផ្តោត​លើ​ការលើកកម្ពស់​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន ការបង្កើត​បរិយាកាស​អំណោយផល សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការអភិវឌ្ឍ​មូលធន​មនុស្ស ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង ការអភិវឌ្ឍ​វិស័យ​ឯកជន ដែល​ប្រកបដោយ​ភាព​ធន់ ចីរភាព បរិ​យាប​ន្ន និង​សង្គម​ឌីជីថល​។

​ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ប្អូនៗ​អំពី​បេសកកម្ម​របស់​ក្រសួង​អធិការកិច្ច​ដែល​ប្រគល់​ជូន​ដោយ​រាជរដ្ឋាភិបាល​នា​អាណត្តិ​ទី​៧ នេះ គឺ (១) ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ និង​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បង្ការ ទប់ស្កាត់ និង​មាន​វិធានការ​ផ្សេងៗ ដើម្បី​ប្រឆាំង​នឹង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា​, (២) ការតាមដាន​ការអនុវត្ត​ច្បាប់ និង​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​, (៣) ទទួល​បណ្តឹង និង​អង្កេត​ស្រាវជ្រាវ​គ្រប់​បុគ្គល​ទាំងអស់ រួម​មាន​ពី​រូបវន្តបុគ្គល (​អាច​ជា​ប្រជាពលរដ្ឋ​) និង​នីតិបុគ្គល (​ក្រុមហ៊ុន ឬ សមាគម​) ជាដើម​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​អំពី​តួនាទី និង​កាតព្វកិច្ច​របស់​យុវជន​ចំពោះ​ប្រទេសជាតិ នៅពេល​បំព​ញ​ការសិក្សា​នៅ​បរទេស​៖ ក្រៅ​ពី​ការសិក្សា ប្រជាជន​កម្ពុជា​ម្នាក់ ឬ​និស្សិត​ម្នាក់ ជា​ទូត​សុ​ឆន្ទៈ​តំណាង​កម្ពុជា ក្នុង​ការបង្ហាញ​ពី​វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និង​ស្ថានភាព​ពិត​របស់​ប្រទេស​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ស្គាល់ និង​តួនាទី​របស់​យុវជន​ពេល​បញ្ចប់​ការសិក្សា​ចំពោះ​ប្រទេសជាតិ​៖ ត្រឡប់មកវិញ​ប្រកបដោយ​សុវត្ថិភាព មាន​សមត្ថភាព ក្នុង​ការរួមចំណែក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ក្នុងករណី​ប្អូនៗ​មាន​បញ្ហា ឬ​សំណូមពរ​អ្វី​មួយ​នៅ​ក្រៅប្រទេស សូម​ទំនាក់ទំនង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ដែល​ប្អូនៗ​រស់នៅ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ប្អូនៗ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ដែល​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ដែល​ប្អូនៗ​រស់នៅ និង​ក្រុមការងារ​យុវជន​នៅ​ទីនោះ​ផងដែរ និង​បាន​ផ្តល់ជូន​សៀវភៅ​ជា​កាដូ​អនុស្សាវរីយ៍ ចំនួន ៣​ក្បាល​ក្នុង​ម្នាក់ៗ ដែលជា​ចំណងដៃ​របស់​ឯកឧត្តម រួមមាន​៖ (១)​កំពូល​ស្ថាបនិក និង​បី​តា​សន្តិភាព​របស់​កម្ពុជា (​សម្តេច​តេជោ​) (២)​ទឹកចិត្ត​អ្នក​ជួយសង្គ្រោះ (​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​) (៣)​កូនប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល (​សម្តេច​ធិបតី​) ដែល​សៀវភៅ​ទាំងបី​នេះ នឹង​ជា​ត្រីវិស័យ​ដ៏​សំខាន់ ដែល​ប្អូនៗ​អាច​ដកស្រង់​សម្រាប់​ជា​បទពិសោធ​ជីវិត និង​ជា​មូលដ្ឋាន​ដើម្បី​តម្រង់​អនាគត​របស់​ខ្លួន​លើ​វិថី​ការងារ​ដែល​ប្អូន​ជ្រើសរើស ព្រមទាំង​ជូនពរ​ថ្នាក់ដឹកនាំ និង​ប្អូនៗ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៤​នេះ សូម​មាន​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច និង​ការរៀនសូត្រ​៕


Leave a Reply

Your email address will not be published. Required fields are marked *