- ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ការកែសម្រួល​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត​ព្រៃវែង​។

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង តាង​នាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជា​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ ក្រុម​ការងារ​ទាំង​ក្រុមការងារ​គណបក្ស និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ក្រុមប្រឹក្សា គណៈ​អភិបាល មន្ទីរ អង្គភាព​ជំនាញ​នានា អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ទូទាំង​ខេត្ត​ព្រៃវែង ដែល​បាន​សហការ​សាមគ្គី​គ្នា បំពេញការងារ​យ៉ាង​សកម្ម ទាំង​ការងារ​គណបក្ស និង​ការងារ​រដ្ឋ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រួមចំណែក​ធ្វើឱ្យ​គណបក្ស​យើង​ដែល​ជា​គណបក្សកាន់អំណាច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត សម្រេចបាន​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ប្រទេសជាតិ ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​សង្គម​រយៈពេល​យូរអង្វែង​បន្តទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម បាន​គូសបញ្ជាក់​អំពី​សភាពការណ៍ និង​ទិសដៅ​ការងារ​សំខាន់ៗ​សម្រាប់​រយៈពេល​ពី​ពេល​នេះ​រហូតដល់​ពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការបន្ត​ត្រៀម​រៀបចំ​កិច្ចការ​នានា​សម្រាប់​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤​។​

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្ត​ថា ទោះ​បី​ត្រូវ​ទទួលរង​ឥទ្ធិពល​បណ្តាលមកពី​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ ផលវិបាក​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការប៉ុនប៉ង​បំផ្លាញ​ឥតឈប់ឈរ​ពី​ពួក​ជ្រុលនិយម​យ៉ាងណាក្តី ក៏​សភាពការណ៍​ផ្ទៃ​ក្នុង​ប្រទេស​យើង​មាន​ការវិវត្ត​យ៉ាង​ល្អប្រសើរ ជាក់ស្តែង​យើង​បានរួម​គ្នា​រក្សា​ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ក្នុង​សង្គម​ទាំងមូល​។​

​សម្តេច​មានប្រសាសន៍​បន្ថែមថា ប្រទេស​យើង​បាន​បន្ត​រៀបចំ​ការបោះឆ្នោត​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ប្រព្រឹត្ត ទៅ​យ៉ាង​ទៀងទាត់​តាម​អាណត្តិ​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​។ ជាក់ស្តែង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅនេះ បាន​ប្រព្រឹត្តទៅ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ដោយ​មាន​អ្នកបោះឆ្នោត ៨៤,៥៩% នៃ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត ដោយ​គ្មាន​ការកៀបសង្កត់ ការគំរាមកំហែង ឬ​ការបំភិតបំភ័យ​ណាមួយ​នោះ​ឡើយ​។​

​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា បាន​ប្រសាសន៍​គូសបញ្ជាក់ថា ផ្អែក​តាម​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ លើក​ទី​៧ រដ្ឋ​សភា​អាណត្តិ​ថ្មី បាន​បើក​សម័យប្រជុំ​លើកដំបូង និង​បាន​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​ខ្លួន និង​បាន​បោះឆ្នោត​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បន្តវេន​ប្រកបដោយ​ថាមពល និង​ការជឿជាក់​បំផុត​។

​ក្នុង​រយៈពេល​ជាង ៣​ខែ បន្ទាប់​ពី​ការចូល​កាន់តំណែង គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បំពេញការងារ​យ៉ាង​សកម្ម និង​ស្វាហាប់ ធានាបាន​នូវ​និរន្តរភាព​ការងា​រលើ​គ្រប់​វិស័យ​ក្នុង​សង្គម​បន្ត ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ព្រម​ជាមួយ​ការចាត់តាំង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាពិសេស​ការដាក់ចេញ និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦ ដែល​បាន​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ចាប់ពី​ឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ទាំង​រយៈពេល​ចំពោះមុខ និង​សម្រាប់​រយៈពេល​ពី​មធ្យម​ទៅ​រយៈពេល​វែង​។​

​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង សម្តេច​បាន​ផ្តល់​អនុសា​សន៍ ត្រូវ​បន្ត​ពង្រឹង​អង្គការ​ចាត់តាំង​គណបក្ស​គ្រប់​ថ្នាក់​ឱ្យមាន​រចនាសម្ព័ន្ធ​តាម​គោលការណ៍​ដែល​បានកំណត់ និង​មាន​សមត្ថភាព​ដឹកនាំ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​ការងារ​នានា​របស់​គណ​បក្ស ដោយ​ប្រកាន់​នូវ​គោលការណ៍​សមូហភាព​ដឹកនាំ ម្នាក់ៗ​ទទួលខុសត្រូវ មាន​របៀបរបប​ការងារ​ច្បាស់លាស់ មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​រឹងមាំ និង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ​។ ខិតខំ​ថែរក្សា​កម្លាំង​នយោបាយ​គណបក្ស ជាពិសេស​កម្លាំង​ប្រជាជន ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​យើង​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ដោយ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ទាំង​ស្មារតី និង​សម្ភារ​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ធានា​ការដឹកនាំ​របស់​គណបក្ស​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​យូរអង្វែង​ត​ទៅ​មុខ​ទៀត​។​

​ត្រូវ​បន្ត​ជំរុញ​សកម្មភាព​ពង្រឹងពង្រីក​សមាជិក​បក្ស​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ការជំរុញ​ការងារ​អប់រំ​នយោបាយ សតិអារម្មណ៍ ការងារ​ចលនា​មហាជន ការចិញ្ចឹម​ចលនា​នៅ​មូលដ្ឋាន​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ ទាំង​ក្នុង​ជួរ​សមាជិក​បក្ស មហាជន និង​មជ្ឈដ្ឋាន​នានា​ក្នុង​សង្គម​។ ចំពោះ​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស ក្រុមការងារ និង​គណបក្ស ត្រូវ​សហការ​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គណៈកម្មាធិការ​សាខា​បក្ស​តាម មន្ទីរ អង្គភាព​នានា និង​នៅតាម​ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត​។​

​ទន្ទឹមនេះ ត្រូវ​បន្ត​ត្រៀម​រៀបចំ​កិច្ចការ​នានា​ដើម្បី​អនុវត្ត​សេចក្តីសម្រេច របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការកណ្តាល​ស្ដីពី​ផែនការរួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ដែល នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​។

​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា មានប្រសាសន៍​បន្ថែម​ថា គណបក្ស ជា​គណបក្ស​កាន់​អំណាច​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងមូល ហេតុនេះ ក្រុមការងារ​គណបក្ស និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់​ថ្នាក់​ត្រូវ​ទំនាក់ទំនង​សហការ​គ្នា​បំពេញការងារ ដើម្បី​គាំទ្រ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការពង្រឹង​មូលដ្ឋាន ទាំង​ការងារ​នយោបាយ ការងារ​កសាង​អភិវឌ្ឍ​មូលដ្ឋាន និង​ការដោះស្រាយ​ឆ្លើយតប​សេចក្តីត្រូវការ​នានា​របស់​ប្រជាពលរដ្ឋ សំដៅ​រួមគ្នា​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស ដែល​បាន​ប្រែក្លាយ​មក​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ជា​ជនកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង សង្ឃឹម​ជឿជាក់​លើ​ការប្ដេជ្ញាចិត្ត ការចូលរួម ការគាំទ្រ​របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក​ទាំងអស់ ក្នុង​ការ​បន្ត​រួម​គ្នា​ថែរក្សា​សុខ សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន និង​ខិតខំ​រួម​គ្នា​ដណ្តើម​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ខាងមុខនេះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *