នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង មានធ្វើពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា គណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
បន្ទាប់ពី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្តជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយត្រូវបានចាត់តាំង ឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជំនួស សម្តេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រីង្គារ គង់ សំអុល ។
ក្នុងពិធីនោះផងដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគោរពថ្លែងនូវការកោតសសើរចំពោះ សម្តេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រីង្គារ គង់ សំអុល ដែលបានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ឆ្នាំង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៍បានផ្ដាំផ្ញើដល់ ឯកឧត្តម វង្សី វិស្សុត ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗទៀត អោយទទួលបានលទ្ធផលជោគជ័យ៕






