- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរ​ដល់​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ខេត្តតាកែវ​

តាកែវ​..​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ នា​រសៀល ថ្ងៃ​ច័ន្ទ ១២​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ ។

​បន្ទាប់​ពី ឯកឧត្តម អ៊ូច ភា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ បាន​ធ្វើ​របាយការណ៍​ស​កម្ម​ភាព​របស់​គណបក្ស​ខេត្ត ជូន​អង្គពិធី​រួចមក ឯកឧត្តម សោម សឿន សមាជិក​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង​នៃ​គណកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អាន​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ ដោយ​ត្រូវបានចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត ជា​ប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ខេត្តតាកែវ ជំនួស ឯកឧត្តម​កត្តិ​នីតិ​កោសលបណ្ឌិត ប៊ិន ឈិន និង​ចាត់តាំង ឯកឧត្តម គី តិច ជា​អនុប្រធាន​ទី ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​។​

​ក្នុង​ពិធី​នោះ​ផង​ដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏​បាន​ប្តេជ្ញាចិត្ត អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​បក្ស និង​គោរព​អនុវត្ត​នូវ​គោលការណ៍ និងសេចក្តីសម្រេច​នានា​របស់​គណបក្ស​ដែល​បានដាក់ចុះ​ឱ្យបាន​ជោគជ័យ មាន​ប្រសិទ្ធភាព​ខ្ពស់ ប្តេជ្ញា​គោរព និង​ចូលរួម​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស គឺ​គោលការណ៍ «​រក្សា​ចាស់ បង្កើន​ថ្មី​» ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ដែល​បាន​យកចិត្ត​ខ្ពស់​ក្នុង​ការដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ មូលដ្ឋាន​ខេត្ត​តាកែវ ដោយ​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ​នា​ពេលកន្លងមក​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់ ឯកឧត្តម ជា វ៉ាន់ដេត និង ឯកឧត្តម គី តិច ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ខេត្តតាកែវ ឱ្យមាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង​សាមគ្គីភាព​ផ្ទៃ​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ាមហា​ជន​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​នៅ​អាណត្ត​ក្រោយៗ​ទៀត ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *