- ព័ត៌មានជាតិ

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រលឹក​អនុស្សាវរីយ៍​កាលពី​៤៥​ឆ្នាំមុន ក្នុង​គ្រា​ចេញ​រំដោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យ​ពូជសាសន៍​

(​ខេត្ត​ក្រចេះ​)÷ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ដ​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អមដំណើរ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ទស្សនា​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ និង​អុជ​ធូប​បួងសួង​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធ​មិត្ត វិរជន​ស្នេហា​ជាតិ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្តួល​រលំ​របប​ខ្មែរក្រហម ទទួលបាន​ជោគជ័យ​រំដោះ​ជាតិ​មាតុភូមិ​កម្ពុជា ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។

​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម វង សូ​ត អនុប្រធាន​ទី​២​រដ្ឋសភា នីតិកាល​ទី​៧​នៃ​រដ្ឋសភា ប្រតិភូ​អមដំណើរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី លោក ស៊ុំ ជួន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក សាម ណាល់ អភិបាល​ស្រុក​ស្នួល លោក​ស្នងការរង​នគរបាល​ខេត្ត និង​មន្ត្រីរាជការ​មួយទៀត ។​

​កាលពី​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​១៩៧៨ ចេញពី​តំបន់​រំដោះ​នៃ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុងនាម​ថ្នាក់ដឹកនាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង​និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ ១៩៧៩​។​

​មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បាន​ប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់​មាន​នៅក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប​សុទ្ធ​តែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧ មករា ទេនោះ ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃនេះ​ដែរ​។ នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្ដិសាស្ដ្រ​។​

Leave a Reply

Your email address will not be published. Required fields are marked *