- ព័ត៌មានជាតិ, សន្តិសុខ សង្គម

កិច្ចប្រជុំ​ដោះស្រាយ​ពាក្យស្នើសុំ​អន្តរាគមន៍​របស់​ឈ្មោះ ហង់ សុគន្ធ តំណាង​ឱ្យ​ឈ្មោះ សុខ មុន្នី និង​ឈ្មោះ ប៉េង ច​ន្ធី ពាក់ព័ន្ធ​នឹង​ការទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន ចំនួន ១៩ ស្ថានីយ៍ នៅ​ទូទាំង​ខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់​

​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ពាក្យ​ស្នើសុំ​អន្តរាគមន៍​របស់​ឈ្មោះ ហង់ សុគន្ធ តំណាង​ឱ្យ​ឈ្មោះ សុខ មុន្នី និង​ឈ្មោះ ប៉េង ច​ន្ធី ពាក់ព័ន្ធ​នឹង​ការទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន ចំនួន ១៩ ស្ថានីយ នៅ​ទូទាំង​ខេត្ត​កំពង់ធំ នៅ​សាលប្រជុំ ៥០១ ទីស្តីការក្រសួង​អធិការកិច្ច​។​

​សូមបញ្ជាក់​ថា ក្រោយ​ទទួលបាន​ពាក្យស្នើសុំ​អន្តរាគមន៍​របស់​ឈ្មោះ ហង់ សុគន្ធ តំណាង​ឱ្យ​ឈ្មោះ សុខ មុន្នី និង​ឈ្មោះ ប៉េង ច​ន្ធី ក្រសួង​អធិការកិច្ច​បាន​មាន​ចំណាត់ការ​ជាបន្ទាន់​ទៅ​លើ​ករណី​នេះ ដោយ​បាន​បង្កើត​គណៈប្រតិភូ​ធ្វើ​ការចុះ​អង្កេត​ស្រាវជ្រាវ ចំពោះ​ភាពមិនប្រក្រតី​អំពី​ការគ្រប់គ្រង​ស្ថានីយ​បូមទឹក​ព្រះ​ស្នែង និង​ព្រះ​គន្លង និង​បញ្ចុះ​គ្រឿងចក្រ​ដើម្បី​រៀប​ចំ​ក្បាល​ប្រឡាយ ស្តារ​ប្រឡាយទឹក​ទាំងពីរ​នេះ ដែល​ស្ថិតនៅ​ភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​សូម​ជម្រាប​ជូន​ថា យោង​ព័ត៌មាន​បឋម​ពី​រដ្ឋបាល​ខេត្ត​កំពង់ធំ ប្រឡាយ​ព្រះ​ស្នែង និង​ព្រះ​គន្លង ជាទី​តាំង​កំពុង​មានទំនាស់​ជាមួយ​ប្រជាកសិករ និង​ស្ថិត​ក្នុង​ដំណាក់កាល​អនុ​វត្ត​បទបញ្ជា​របស់​សម្តេច​តេជោ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។ កន្លងមក ជា​ដំណោះស្រាយ​របស់​ក្រសួង​ពាក់ព័ន្ធ មាន​ដូចជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាល​ខេត្ត ធ្លាប់​បាន​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ជា​អ្នក​ដាក់​ម៉ាស៊ីនបូមទឹក រីឯ​ប្រជាកសិករ​ជា​អ្នកចេញ​ប្រេង​។ ក្រោយ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​លេខ ២៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៣ និង​លិខិត​លេខ ៧៧ ស​ជណ​.​ដប ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហង់ សុគន្ធ បានដាក់​លិខិត​មក​រដ្ឋបាលខេត្ត ស្នើសុំ​ចូល​ទៅ​គ្រប់គ្រង​ស្ថានីយ​បូមទឹក​ព្រះ​ស្នែង ព្រះ​គន្លង និង​សុំ​ចុះ​គ្រឿងចក្រ​ដើម្បី​ស្តារ​ប្រឡាយ​ទាំង​ពីរ​នេះ ក្រោយ​រដ្ឋបាល​ខេត្ត​ប្រជុំ​ដោះស្រាយ​ជា​ច្រើនលើក គឺ​មិន​អនុញ្ញាត​ឱ្យ លោក ហង់ សុគន្ធ ចូល​ទៅ​គ្រប់គ្រង និង​បញ្ចុះ​គ្រឿងចក្រ​ដើម្បី​រៀប​ចំ​ក្បាល​ដី និង​ស្តារ​ប្រឡាយទឹក​ទាំងពីរ​នេះ​ទេ​។ នេះ​បើ​យើង​តាម​ការបញ្ជាក់​បឋមរ​បស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ដែល​ក្រសួង​អធិការកិច្ច​ទទួលបាន​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​បឋម​ពាក់ព័ន្ធ​នានា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​ចាត់តាំង​គណៈប្រតិភូ​ចុះ​ធ្វើ​ការអង្កេត​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ការពិត​ផ្តល់​យុត្តិធម៌​ជូន​គូភាគី និង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជា​កសិករ​ដែល​អាស្រ័យ​ផល និង​ត្រូវការ​ទឹក​ដើម្បី​បង្ករ​បង្កើន​ផល ធ្វើស្រែ​ចំការ​របស់​ពួកគាត់ សំដៅ​ចូលរួម​លើកកម្ពស់​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន ការបង្កើត​បរិយាកាស​អំណោយផល សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង ការអភិវឌ្ឍ​វិស័យ​ឯកជន ដែល​ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យាប​ន្ន​៕

Leave a Reply

Your email address will not be published. Required fields are marked *