- ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម កូ​មួរ៉ា ម៉ាសា​ហ៊ិ​កូ (Komura Masahiko) អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​មករា ២០២៤ (​ម៉ោង ១៥.០០ ម៉ោង​នៅ​ប្រទេស​ជប៉ុន​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម កូ​មួរ៉ា ម៉ាសា​ហ៊ិ​កូ (Komura Masahiko) អតីតរដ្ឋមន្ត្រី ការបរទេស​ជប៉ុន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ New Otani Tokyo ប្រទេស​ជប៉ុន​។​

​សម្តេច​តេជោ បាន​ថ្លែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំពោះ​គ្រោះ មហន្តរាយ​រញ្ជួយ​ដី​ថ្មីៗ​នេះ​នៅ​ប្រទេស​ជប៉ុន និង​ឧបទ្ទវហេតុ​នៃ​ការប៉ះទង្គិច​យន្តហោះ ដែល​បាន​បណ្តាលឱ្យ​មាន​ការបាត់បង់​អាយុជីវិ​តមនុស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​យកចិត្តទុកដាក់​ដល់ សុខទុក្ខ​និង​សុវត្ថិភាព​របស់​និស្សិត កម្មសិក្សាការី និង​ពលករ​កម្ពុជា ដែល​កំពុង​សិក្សា និង​ធ្វើការ​នៅ​តំបន់​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ផែនដី​ផងដែរ​។​

​ឯកឧត្តម កូ​មួរ៉ា ម៉ាសា​ហ៊ិ​កូ បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ឆ្លៀត​ពេល​មមាញឹក​ទទួល​ជួប ឯកឧត្តម និង​មាន​ក្តីរំភើប​រីករាយ​ដោយ​មាន​ឱកាស​រំលឹក​ដល់​អនុស្សាវរីយ​ល្អៗ​កាលពី​អតីតកាល​ក្នុងនាម​មិត្តភក្តិ​ចាស់ ជាពិសេស​ក្នុង​ដំណាក់កាល​ចរចា​ស្វែងរក​សន្តិភាព ការចូលរួមចំណែករ​បស់​ជប៉ុន​ក្នុង​ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិ (SNC) និង​ដំណើរការ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​ជា​ដើម​។ ក្នុងនោះ ឯកឧត្តម​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​តួនាទី​ស្នូល​របស់​សម្តេច​តេជោ ក្នុង​ការសម្រេចបាន​នូវ​សន្តិភាព​ពេញលេញ​ក្នុងដំណាក់កាល​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ឆាប់រហ័ស ព្រម​ទាំង​ការ​ការពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន មក​ទល់​សព្វថ្ងៃ​នេះ​។​

​ទន្ទឹមនេះ ឯកឧត្តម​បាន​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ថ្មី ដែលមាន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ភាពជឿជាក់ ក្នុង​ការបន្ត​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេស​កាន់តែ​រីកចម្រើន​ថែម​ទៀត ព្រមទាំង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​ជប៉ុន​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ និង​ឯកឧត្តម​អតីតរដ្ឋមន្ត្រី​ការបរទេស ក៏​បាន​យក​ឱកាស​នេះ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ ដែល​ក្នុងនោះ​មាន​ទាំង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។​៕

Leave a Reply

Your email address will not be published. Required fields are marked *