- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូ​តឆេក​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២៤ ដដែល​នេះ បន្ទាប់​ពី ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​សភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​រួចមក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូ​តឆេក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម Martin Vávra បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញាត​ឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​រំឭក​ផងដែរ​អំពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​វែងឆ្ងាយ​រាប់​ទសវត្សរ៍ រវាង​សាធារណរដ្ឋ​ឆេក និង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម Martin Vávra ដែល​ទទួលបាន​ការតែងតាំង​ជា ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឆេក​ប្រចាំ​កម្ពុជា និង​បាន​ផ្តាំផ្ញើ​នូវ​ការ​អរគុណ​ផងដែរ ជូន​ចំពោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ឆែក ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី របស់ សម្តេច​ធិបតី ។ ជាមួយគ្នានេះ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឆេក​ដែល​បាន​លុបចោល​បំណុល​របស់​កម្ពុជា ដោយ​បង្វែរ​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍ និង​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ព្រម​ជាមួយ​នឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​រវាង​ប្រទេស​ទាំង​ពីរ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​, សន្តិសុខ​អ៉ីន​ធើ​ណេត និង​កសិកម្ម ៕

Leave a Reply

Your email address will not be published. Required fields are marked *