- ព័ត៌មានជាតិ

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ រាជរដ្ឋាភិបាល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ក្តី​សង្ឃឹម​យ៉ាង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​

​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ភាព​សកម្ម​យ៉ាងខ្លាំង​តាមរយៈ​ការបញ្ចេញ​សកម្មភាព​និង​ស្នាដៃ​ជាច្រើន​ដ៏​គួរឱ្យ​កត់សម្គាល់​។ គ្រាន់តែ​ឈាន​ចូល​ឆ្នាំ​២០២៤ ភ្លាម កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ស៊ីជម្រៅ​មួយ​ក៏​ត្រូវបាន​ប្រកាស​ឡើង​ជា​មហោឡារិក​ដោយ​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។​

​ការប្រកាស​ដាក់​ឱ្យ​ដំណើរការ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការចាត់ទុក​សំណុំរឿង​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​សេវាកម្ម​ផ្នែក​អត្រានុកូលដ្ឋាន ជា​អាទិភាព​ដើម្បី​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​និង​ម៉ឺងម៉ាត់​បំផុត សុទ្ធសឹង​ជា​ចំណុច​សំខាន់​ដែល​ឆ្លើយតប​នឹង​អ្វី​ដែល​មហាជន​ទូទៅ​ចង់បាន​។ នេះ​គឺជា​កំណែទម្រង់​អាទិភាព​ខ្ពស់​បំផុត​មួយ​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់បាន​។​

​យើង​នៅ​ចាំបាន​ថា ក្រោយពី​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧​ភ្លាម សម្តេច​ធិបតី​ប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្នុង​នោះ​កម្មវិធី​គោលនយោបាយ​អាទិភាព​៦​ចំណុច​ត្រូវបាន​ប្រកាស​ឱ្យ​អនុវត្ត​ជា​ប្រញាប់​ក្នុង​ឆ្នាំ​២០២៣​។ ដូច​ការសន្យា គ្រប់​ចំណុច​ទាំងអស់​ត្រូវបាន​រៀបចំ និង​ប្រកាស​ឱ្យ​អនុវត្ត​រួចរាល់​។ ទន្ទឹម​នឹង​ដំណើរការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦ កម្មវិធី​កំណែទម្រង់​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​ប្រកាស​អនុវត្ត​ជា​បន្តបន្ទាប់ ក្នុងនោះ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដូច​បាន​លើកឡើង​ខាងដើម​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​កំណែទម្រង់​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​ជា​ចំណុច​ស្លាប់​រស់​របស់​រាជរដ្ឋាភិបាល​។ ជាក់ស្តែង រាល់​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​តាំង​ពី​យុទ្ធសាស្ត្រ​ត្រីកោណ យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល រហូត​ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ សុទ្ធតែ​មាន​កំណែទម្រង់​និង​អភិបាលកិច្ច​ល្អ​ជា​ស្នូល​។ ជា​លទ្ធផល ការស្តារ​និង​កសាង​ប្រទេស​ចេញពី​គំនរ​ផេះផង់​ក្រោយ​ឆ្នាំ​១៩៧៩ រហូត​បាន​រីក​លូតលាស់​ដូច​ផ្សិត​គ្រប់​វិស័យ​ក្នុងសម័យ​ទំនើប​ដូច​បច្ចុប្បន្ន គឺជា​លទ្ធផល​នៃ​កំណែទម្រង់​ជា​បន្តបន្ទាប់​។​

​ភាព​សកម្ម​ក្លៀវក្លា និង​ការបង្ហាញ​ស្នាដៃ​ប្រកបដោយ​ផ្លែផ្កា​យ៉ាង​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា រាជរដ្ឋាភិបាល​បន្តវេន​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​ពោរពេញ​ដោយ​ថាមពល​ស្វាហាប់ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់បំផុត ដែល​ពិតជា​ស័ក្តិសម​ជា​ឈាម​ថ្មី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្តី​សង្ឃឹម​យ៉ាង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​៕​

Leave a Reply

Your email address will not be published. Required fields are marked *