- ព័ត៌មានជាតិ

មន្ត្រី​សុ​យោ​ដី​ទាំងអស់ ត្រូវ​ចូលរួម​បម្រើសេវា រហ័ស​ទាន់​ចិត្ត ប្រកប​ដោយ​វិជ្ជាជីវ​: និង​តម្លាភាព ជូន​ប្រជាពលរដ្ឋ​

ក្រចេះ ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បើ​វគ្គ​បណ្តុះបណ្តាល​បំប៉ន ស្តី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ខេត្ត​ក្រចេះ ក្រោម​អ​ធីបតី​ភាព​ឯកឧត្តម ឡោក ដាវុ​ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ហេង សុថា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ដោយ​មាន​ការចូលរួម​ពី ប្រធាន អនុប្រធាន ប្រធាន អនុប្រធាន មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​សិក្ខាកាម​ជា​មន្ត្រី​ស្ម័គ្រចិត្ត​សរុប​ជាង​១០០​នាក់ ។​

​លោក អ៊ូ សុបុណ្ណាកា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​បញ្ជាក់​ពី​លទ្ធផល​សម្រេច​បាន​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២៣ -​ប្រមូល​ទិន្នន័យ​ចំនួន ៨៩ ៩៨៥​ក្បាលដី​-​បិទ​ផ្សាយ​ចំនួន​៨៤ ៦៧០​ក្បាលដី​-​ចេញ​បណ្ណ​ចំនួន​៧០ ៣០៤​ក្បាលដី​-​ចែក​ប័ណ្ណ​ចំនួន​៦៧ ០២៥ បណ្ណ ហើយ​ក្បាលដី​មិនទាន់​ចុះបញ្ជី​ប៉ាន់ស្មាន ៨៤, ៥៨៨ ក្បាលដី លើ​ចំនួន ២៥២​ភូមិ ៣៨​ឃុំ​សង្កាត់ និង ៦​ស្រុក ក្នុង​នោះ​ក្រុម​ចុះបញ្ជី​ដីធ្លី មាន​ចំនួន ៦ ក្រុម មន្ត្រី​សរុប​ចំនួន ១៤៣ រូប ដែល​ក្នុងនោះ​មាន​-​មន្ត្រី​ក្របខណ្ឌ​ចំនួន ៤៥ នាក់​-​មន្ត្រី​កិច្ចសន្យា​មន្ទីរ​ចំនួន ៤ នាក់ និង​អ្នកស្ម័គ្រចិត្ត​ចំនួន ៩៤ នាក់ ។​

​ឯកឧត្តម ឡោក ដាវុ​ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍​គូសបញ្ជាក់ថា ៖ មកទល់ពេលនេះ ក្រសួង​សម្រេច​ចេញ​បណ្ណ​បាន​១០០%​នៃ​ក្បាលដី ដែល​ប៉ាន់ស្មាន​ដំបូង​បាន​ចំនួន​ជាង​៧​លាន​ក្បាលដី​ហើយ តែ​ចំនួន​ក្បាលដី​ទូទាំងប្រទេស​មិនទាន់​ចុះបញ្ជី​អស់​នៅ​ឡើយ​។ ដើម្បី​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ឲ្យបាន​ឆាប់​ចប់​នៅ​ទូទាំង​ប្រទេស ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​បង្កើត​ក្រុម​ចុះបញ្ជី​ដីធ្លី​បន្ថែម សំដៅ​បង្កើន​ល្បឿន​ការងារ​ដោយ​គាំទ្រ​បន្ថែម​នូវ​ឧបករណ៍ មធ្យោបាយ និង​ថវិកា​ទៀត ។

​ឯកឧត្តម រដ្ឋលេខាធិការ បាន​បន្តថា ៖ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មាន​ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងា​រ​អាទិភាព​ដទៃទៀត ដើម្បី​បន្ត​ដំណើរការ​កែទម្រង់​ដីធ្លី ដោយ​ជំរុញ​ការចុះបញ្ជី​ដី និង​ការដោះស្រាយ​វិវាទ​ដីធ្លី និង​ការកសាង​ផែនការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ដីធ្លី​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព និង​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ឱ្យ បាន​ឆាប់​ចប់​នៅ​ទូទាំង​ប្រទេស ។ ដោយ​មាន​បេសកកម្ម​ចំបង​ចំនួន​២​រួមមាន​៖ ១).​ថែរក្សា និង​បំប៉ន​សុខសន្តិភាព​ដែល​សម្រេច​បាន​មក​ដោយ​លំបាក​មិន​អាច​កាត់ថ្លៃ​បាន និង​បន្ត​ពួន​ជ្រុំ​ដំណើរការ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជា​មូលដ្ឋាន ២).​កសាង និង​ពង្រឹង​មូលដ្ឋានគ្រឹះ​សំរាប់​ជំរុញ​សន្ទុះ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ឆ្លងកាត់​ការ​ប្រែ​ក្លាយខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។​

​ឯកឧត្តម ឡោក ដាវុ​ធ ក៏បាន​ជំរុញ​ឱ្យមាន​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ឈរលើ​គោលការណ៍​អព្យាក្រឹត្យ មិន​លម្អៀង​លើ​ភាគី​វិវាទ​ណាមួយ -​បន្ត​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី​បង្កើត​ភាពសុខដុមរមនា​សង្គម និង​បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច​នៅ​តាម​មូលដ្ឋាន និង​បន្ត​ពង្រឹង​ការកែលម្អ​ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ ដោយ​ជំរុញ​អនុវត្ត​តាម​ទិស​ស្លោក «​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ យកចិត្ត​ដោះស្រាយ​រាល់​សំណើ និង​សំណូមពរ និង​ខិតខំ​កាត់បន្ថយ​ការ​ថ្នាំង​ថ្នាក់ របស់​ប្រជាពលរដ្ឋ ៕​

Leave a Reply

Your email address will not be published. Required fields are marked *