- ព័ត៌មានជាតិ

កណ្តាល​.​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ អាណត្តិ​ទី​៣ ឆ្នាំ​២០២៤

ខេត្ត​កណ្ដាល​៖ រដ្ឋបាល​ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៦ អាណត្តិ​ទី​៣ នៅ​សាលាខេត្ត​កណ្តាល ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជំវិញ​មក​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​ឯកឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​កន្លងមក ទទួលបាន​លទ្ធផល​ល្អ ជា​ពិសេស​បាន​ពង្រឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម នូ សា​ខន បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើរ​បៀ​វារៈ​សំខាន់ៗ​ដែល​បាន​គ្រោងទុក ហើយក៏​ជា​ការជួបជុំ​គ្នា​ជាមួយ​គ្រប់​បណ្តា​មន្ទីរ អង្គភាព​ជំនាញ​ក្នុង​ខេត្ត ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ អំពី​លទ្ធផល​ការងារ ដែល​បាន​អនុវត្តន៍​កន្លងមក និង​កំណត់​ទិសដៅ​អនុវត្តន៍​បន្ត​អោយ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ស្នើ​ឱ្យ​អង្គប្រជុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការពិនិត្យ ពិភាក្សា អនុម័ត និង​ចូលរួម​ដោះស្រាយ​ឱ្យបាន​ល្អិតល្អន់ ទៅ​តាម​របៀបវារៈ​នីមួយៗ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ របស់​ប្រជាពលរដ្ឋ សភាពការណ៍​របស់​រដ្ឋបាល​ខេត្ត និង​ស្រប​តាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ​។ ជាពិសេស​សមាជិក​ក្នុង​អង្គប្រជុំ​ទាំងអស់​ត្រូវ​រួមគ្នា​ពិនិត្យ និង​បំពេញ​បន្ថែម​លើ​ចំណុច​ដែរ​ខ្វះខាត លើ​របាយការណ៍​សំខាន់ៗ​ដែល​បាន​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​។

​ថ្លែង​ក្នុង​ប្រជុំ​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បានធ្វើការ​ក្រើនរំលឹក​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប និង​បន្ត​តាមដាន​នូវ​រាល់​មុខសញ្ញា​បទ​ស្មើ​ស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​មូលដ្ឋាន ជាងនេះទៅទៀត សមត្ថកិច្ច​និង​អង្គភាព​ពាក់ព័ន្ធ ត្រូវខិតខំ​ទប់ស្កាត់​ឱ្យ​បាន​លើ​ករណី​គ្រឿងញៀន ចំពោះ​អ្នក​ញៀន​គ្រឿងញៀន​ត្រូវ​ប្រើ​យន្តការ​អប់រំ​កែប្រែ​នៅ​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ក្នុង​ខេត្ត ដើម្បី​ឱ្យ​ពួកគាត់​មានឱកាស អភិវឌ្ឍន៍​ខ្លួន​តាមរយៈ​ការរៀន​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​នៅក្នុង​មណ្ឌល អាច​ប្រែ​ក្លាយខ្លួន​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ឡើងវិញ​។​

​សូម​ជម្រាប​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នេះ ក្រុមប្រឹក្សា​ខេត្ត​បាន​ធ្វើ​ការពិនិត្យ ពិភាក្សា អនុម័ត និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​សរុប​មាន​ចំនួន ១០​របៀបវារៈ សំខាន់ៗ​។​

Leave a Reply

Your email address will not be published. Required fields are marked *