- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ និវត្តជន៍​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ ទទួលបាន​ការលើកទឹកចិត្ត​ពី សមាគម​សង្គហៈ​មិត្ត នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​របស់​សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​សាលា​ខេត្តកំពង់ចាម ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤​។

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ។

​យោង​តាមរ​បាយ​កាណ៏រ​បស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គិត​ចាប់តាំងពី​ឆ្នាំ​២០១១ មក​ដល់​ដំណាច់ឆ្នាំ​២០២៣ បាន​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុងនោះ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ ទាំង​ក្របខណ្ឌ​អនុវត្ត​កាន់តែ​មាន​ភាពរឹងមាំ គ្រប់​ជ្រុងជ្រោយ និង​ប្រាកដប្រជា ដែល​មាន​ចំនួន​សមាជិក​បាន​កើនឡើង​ពី​ចំនួន ១៥៦​រូប នៅ​ឆ្នាំ ២០១១ រហូតដល់ ៦.៩៤១​រូប នៅ​ដើមឆ្នាំ​២០២៤​។

​ក្នុង​ពិធី​នោះ​ផង​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើកឡើង​ថា អតីតកាល​នៃ​និវត្ត​ជន គឺជា​ការត្រួសត្រាយ​ផ្លូវ​ដោយ​តម្លៃ​នៃ​ការធ្វើ​ពលី​កម្ម ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង ដើម្បី​សុខ សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ ដល់​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត នូវ​សមាគម​សិង្គហៈមិត្ត​នេះឡើង ដើម្បី​ធ្វើ​ជា​ស្ពាន​សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​សំខាន់ រវាង​អតីត​មន្ត្រីរាជការ និង​មន្ត្រីរាជការ​បច្ចុប្បន្ន ដែល​ជា​យន្តការ​ទំនាក់ទំនង ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​ស្ថាបនិក​កិត្តិយស​នៃ​សមាគម​សិង្គហៈមិត្ត​, ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ន​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធានកិត្តិយស​សមាគម និង​លោកជំទាវ កែវ ចរិយា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​នៃ​សមាគម សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​បំពេញបេសកកម្ម​ការងារ​ដ៏​មាន​សារសំខាន់​នេះ ដោយ​ត្រូវ​បន្ត​បង្កើន​ប្រសិទ្ធិភាព​នៃ​ការបំពេញ​មុខងារ និង​ភារកិច្ច​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ ”​បង្គោល​ចរ​ឆ្នាំ​២០៣០” គឺ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់ និង​បន្ត​គាំទ្រ​ឱ្យ​សម្រេចបាន ”​ចក្ខុវិស័យ​២០៥០” គឺ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ និង​បន្ត​ការចុះ​សួរសុខទុក្ខ​ដល់​និវត្ដន៍​ជនតាម​លំនៅដ្ឋាន​នី​មួយៗ​ជា​បន្តបន្ទាប់​ទៀត ដូចជា​៖ ការចុះ​សួរសុខទុក្ខ​និវត្ដជ​ន​ដែល​មាន​ជំងឺ​នៅតាម​ផ្ទះ​, មាតុ​ភាព​, គ្រោះថ្នាក់​ចរាចរណ៍​, ស្ថានភាព​លំបាក​ផ្សេងៗ​ដូចជា កម្មវិធី​បុណ្យសព​របស់​សមាជិក​ជាដើម​។ បន្ថែម​លើ​នេះ ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​មួយរូប ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម និង​ខេត្ដ​ត្បូងឃ្មុំ​នេះ សូម​បន្ត​អនុវត្ត​តាម​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស្នូល​របស់​រាជរដ្ឋាភិបាល​រួមមាន​៖ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, កម្មវិធី​កែទម្រង់​រដ្ឋបាល​សាធារណៈ កម្មវិធី​កំណែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ ដើម្បី​កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​លំដាប់​។

​សម្រាប់​និវត្តជន​ដែល​បាន​ចូលរួម​ថ្ងៃនេះ ក៏​បាន​ទទួល​អំណោយ​ពី​លោកជំទាវ អ៊ឹម ប៉ូ​លីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរស​ទទួលបាន​ក្រ​ម៉ា ០១ និង​ថវិកា ២០​ម៉ឺន​រៀល ចំណែក​ស្ត្រី​ទទួលបាន​សំពត់​សឹង ០១​ក្បិន និង​ថវិកា ២០​ម៉ឺន​រៀល​៕​

Leave a Reply

Your email address will not be published. Required fields are marked *