- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចំនួន ០១​ភូមិ ស្ថិតក្នុង​ឃុំ​សណ្តា​រ ស្រុក​លើកដែក ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖ ​ក្បាលដី​ចំនួន​០១​ភូមិ ស្មើ​និង​២០០៤ ក្បាលដី ស្ថិតក្នុង​ឃុំ សណ្តា​រ ស្រុក​លើកដែក ខេត្ត​កណ្តាល ត្រូវបាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កណ្តាល បានធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ ដើម្បី​ទុក​ពេល​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ទៅពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​លើ​ដី​របស់​ខ្លួន មុន​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​។

​លោក ទៀង កុ​ស្យារៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កណ្តាល​បាន​ឱ្យដឹង​ដែរ​ថា​៖ នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណះ​ជា​ប្រព័ន្ធ​នេះ​ធ្វើ​តាម​ដំណាក់កាល គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង​ដំណើរការ​ផ្សព្វផ្សាយ​ការចុះ​កំណត់​ព្រំ​វាស់វែង និង​វិនិច្ឆ័យ​ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​រយៈពេល​១៥ ថ្ងៃ​គឺ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ព្រំប្រទល់​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​ខុសឆ្គង​។

​លោក អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត ក៏​បាន​ធ្វើការ​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ពិនិត្យ​មើល​ការបិទ​ឯកសារ នៃ​ការវិនិច្ឆ័យ​ដីធ្លី​ដែល​មាន​រយៈពេល​១៥​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤)​គឺ​រាប់​បញ្ជូ​លទាំង​ថ្ងៃ​ឈប់សម្រាក ដេ​ី​ម្បីមា​ន​លទ្ធភាព​អោយ​ម្ចាស់​ដី និង​នាក់​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង់ បើ​ក្នុង​ករណី​ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​ជំទាស់​តវ៉ា​បាន​ទៀត​ឡើយ​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ផល្លី ពិសិដ្ឋ អភិបាលរង​ស្រុក​លើកដែក បានបញ្ជាក់​ថា​៖ ដើម្បី​ពង្រឹង​សុវត្ថិភាព នៃ​ការកាន់កាប់​ប្រើប្រាស់​ដីធ្លី​សមស្រប ទប់ស្កាត់​ការកាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​កាត់បន្ថយ​ទំនាស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ជា​កម្មវិធី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​កំពុង​អនុវត្ត​នូវ​ផែនការ​សំខាន់ៗ ក្នុង​ការកែទម្រង់​រដ្ឋបាល​ដីធ្លី​។

​លោក អភិបាលរង​ស្រុក បន្ថែមថា​៖ ចំពោះ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នាពេលនេះ ក៏​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​កាន់កាប់​ដីធ្លី​ទាំងអស់ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​ទិន្នន័យ ក្បាលដី ពិតជា​ត្រឹមត្រូវ ឫ​អត់ ប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ ដូច​ជា​ខុស​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ រូបរាង​ដី ទីតាំង​ក្បាលដី និង​ប្រភេទ​ទ្រព្យ​ជា​ដើម​នោះ ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុង​រយៈពេល​១៥​ថ្ងៃ ដើម្បី​ទទួល​មក​វិញ​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ត្រឹមត្រូវ (​ប័ណ្ណ​កម្ម​សិទ្ធ​) ដែល​ការពារ​ដោយ​ច្បាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *