- ព័ត៌មានជាតិ

ពិធី​បិទ​កិច្ចប្រជុំ​ឆ្លុះ​បញ្ជាំង​ប្រចាំឆ្នាំ ស្ដីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម ឆ្នាំ​២០២៣ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤

​ខេត្ត​កណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ឆ្លុះ​បញ្ជាំង​ប្រចាំឆ្នាំ ស្ដីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម ឆ្នាំ​២០២៣ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​គណនេយ្យភាព​សង្គម​ប្រចាំ​ខេត្ត​កណ្តាល មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ជា​ដៃគូ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​

​ថ្លែង​នៅក្នុង​នេះ ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ការងារ​គណនេយ្យភាព​សង្គម​នេះ គឺ​មាន​ចក្ខុវិស័យ​ផ្ដោត​ទៅ​លើ​ការពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ ក្នុង​ការចូលរួម​ពង្រឹង​ការចាត់ចែង ការប្រើប្រាស់​ថវិកា និង​ការផ្ដល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន តាមរយៈ​ការលើកកម្ពស់​នូវ​ភាព​ងាយ​ទទួលបាន​ព័ត៌មាន និង​ការចូលរួម​ពិនិត្យ​តាមដាន​លើ​ការងារ​ថវិកា និង​ការបំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ សំដៅ​អនុវត្ត​កិច្ចដំណើរការ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម នៅ​ខេត្ត​កណ្តាល គឺ បាន​ចាប់ផ្ដើម​អនុវត្ត តាំងពី​ឆ្នាំ​២០២០​មក​ម្លេះ ហើយ​ចំពោះ​អង្គភាព​គោលដៅ​អនុវត្ត​គម្រោង​កម្មវិធី​គណនេយ្យភាព​សង្គម​នេះ សរុប​មាន​ចំនួន ៦០១​អង្គភាព ដោយ​នៅតាម​រដ្ឋបាល​ឃុំ សង្កាត់​ទាំង​១២៧ នៅ​សាលាបឋមសិក្សា​មាន​ចំនួ ន​៣៦៥​សាលា និង​នៅតាម​មណ្ឌល​សុខភាព​មាន​ចំនួន​១០៧ និង​បាន​អនុវត្ត​នៅ​តាម​សាលាក្រុង​-​ស្រុក ចំនួន​២ គឺ (​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង​)​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បានប្រកាស​បន្ត​ជួយ​គាំទ្រ ដល់​ក្រុមការងារ​គណនេយ្យភាព​សង្គម ដោយ​ក្នុង​មួយ​ឃុំ​សង្កាត់​ទទួលបាន​ថវិកា​គាំទ្រ​ចំនួន ៤​លាន​រៀល ។ ជាមួយគ្នា​នេះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ ដល់​រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​អង្គភាព ព្រមទាំង​ក្រុមការងារ​គណនេយ្យភាព​សង្គម​ទាំងអស់ ត្រូវខិតខំ​ធ្វើការ និង​ផ្តល់​កិច្ចសហការ រវាង​គ្នា​នឹង​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ ពីព្រោះ​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​នេះ គឺជា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួម​គ្នា​បន្ត​ជំរុញ និង​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

Leave a Reply

Your email address will not be published. Required fields are marked *