- ព័ត៌មានជាតិ

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Sophie Viger នាយិកា​សាលា Ecole 42 របស់​បារាំង​

នា​ព្រឹក​ថ្ងៃ​ព្រហ្ប​ស៍ ៨​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Sophie Viger នាយិកា​សាលា Ecole 42 ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​

​ក្នុង​ជំនួប​នេះ លោកស្រី​នាយិកា Sophie Viger បាន​ថ្លែងអំណរគុណ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​ស្រី និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ជម្រាបជូន​អំពី​សកម្មភាព​បណ្តុះបណ្តាល​របស់​សាលា Ecole 42 ដែល​ជា​ស្ថាប័ន​អប់រំ​មាន​ភាព​ច្នៃប្រឌិត ផ្នែក​បច្ចេកវិទ្យា ដែល​ផ្តល់​នូវ​ការសិក្សា​ដោយ​ឥតគិតថ្លៃ ជាមួយ​គោលបំណង​ផ្តល់​ឱ្យ​សិស្សានុសិស្ស​នូវ​ជំនាញ និង​ចំណេះដឹង​សម្រាប់​អាជីព​ផ្នែក​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ ។ គម្រូ​នៃ​កម្មវិធី​អប់រំ​របស់​សាលា Ecole 42 គឺ​ផ្តោតលើ​ការរៀនសូត្រ​បន្ត និង​ជាមួយ​មិត្តភក្តិ ដែល​ជា​សិស្សានុសិស្ស​ដូចគ្នា ដោយ​មាន​កិច្ចសហការ និង ការជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​ការ​សិក្សា​រៀនសូត្រ ។ ដោយឡែក នៅ​កម្ពុជា សាលា Ecole 42 បាន និង​កំពុង​សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក ក្នុង​ការរៀបចំ​ដំណើរការ​នៃ​កម្មវិធី​បណ្តុះបណ្តាល​របស់ខ្លួន​។

​ជា​ការឆ្លើយតប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ក្តីរីករាយ និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សាលា Ecole 42 នៅ​កម្ពុជា ព្រមទាំង​បាន​លេីកទឹកចិត្ត​ឱ្យ​សាលា ខិតខំ​ជំរុញ និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ដំណើរការ​នៃ​ការអប់រំ និង​បណ្តុះបណ្តាល​របស់ខ្លួន សំដៅ​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យស្រប​តាម​ដំណើ​រវិ​វ​ឌ្ឍ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ក្នុង​សម័យកាល​បច្ចុប្បន្ន និង​តាម​តម្រូវការ​ជាក់ស្តែង​របស់​ទីផ្សារ នៅ​កម្ពុជា ៕

 

Leave a Reply

Your email address will not be published. Required fields are marked *