- ព័ត៌មានជាតិ

ស្នង​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល លួច​រៀបការ​ប្រពន្ធ​ថ្មី ដោយ​ប្រើ​ឈ្មោះ​ផ្សេង​លើ​លិខិត​សុំ​រៀប​អាពាហ៍ពិពាហ៍ និង​មិន​ហៅភ្ញៀវ​ជា​មន្ត្រី​នគរបាល​ឲ្យចូល​រួម​ឡើយ​ខ្លាច​បែកការ​

~​ខេត្ត​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ជា​ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​លួច​រៀបការ​ប្រពន្ធ​ម្នាក់ទៀត​ដោយ​បាន​ធ្វើ​ពាក្យ​ស្នើ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ដែល​ប្តូរ​ពី​ឈ្មោះ​ដើម​មក​ឈ្មោះ ឃុត វឌ្ឍនា រស់នៅ​ភូមិ​ខ្ទរ ឃុំ​ព្រែកលាប ស្រុក​មុខកំពូល ខេត្ត​កណ្តាល ដែល​ត្រូវ​រៀបការ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ នៅផ្ទះ​ខាង​ស្រី​ភូមិ​ស្រែ​ថ្នល់ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជាមួយ​ខាង​ស្រី​ឈ្មោះ ឃិន ស្រស់ មុខរបរ​លក់ដូរ ។​

~​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាឃុំ​កា​ហែង​ឲ្យដឹងថា​លោក ង៉ា​ម រី ឬ​លោក ឃុត វឌ្ឍនា បាន​មក​ស្នើសុំ​ចុះ សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ​ដែល​មាន​ការបញ្ជាក់​ពី​លោក​ចៅសង្កាត់​បឹង​សាឡាង ជា​ពោះម៉ាយ មាន​ទីលំនៅ​ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ទើប​សា លា​ឃុំ​កា​ហែង បាន​ចេញ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍ ជូន​សា​ម៉ី​ខ្លួន​តាម​ការស្នើសុំ ។​

~​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា លោក​ឧត្តមសេនីយ៍ត្រី​ង៉ាម រី មាន​ប្រពន្ធដើម ជា​អធិការរង​នៅក្នុង​ខណ្ឌ​សែន​សុខ​។ ហើយ​កន្លង​ទៅ​៤​ទៅ​៥​ឆ្នាំមុន លោក​ង៉ាម រី ក៏​ធ្លាប់​ផ្ទុះ​រឿង​អាស្រូវ​ម្តង​ហើយ​ដែរ​។​

​ជាមួយគ្នានេះ​ដែរ​លោក​ស្នងកា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បង្ហើប​ឲ្យដឹងថា រឿង​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការរង​រៀបការ​នោះ​លោក​មិន​បានដឹង​ទេ ពីព្រោះ​គេ​មិន​បាន​ប្រាប់​លោក​ឡើយ ។ មួយវិញទៀត សូម្បី​តែ​មន្ត្រី​នគរបាល​ម្នាក់​ណា​ក៏​គេ​មិន​ហៅ​ផង គឺថា​ជិតឈឹង​តែម្តង ត្រង់នេះ​រូបលោក​មិន​អាច​បកស្រាយ​បានឡើយ​។​

~​លោកស្នងការ​បាន​បញ្ជាក់​យ៉ាងខ្លី​ថា មកទល់​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ប្រពន្ធដើម​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការរង បាន​មក​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវកា​រហើយ​ដើម្បី​ទប់ស្កាត់​ពិធីមង្គលការ​ខាងលើ ។​

~​មហាជន​គ្រាន់តែ​បាន​ឆ្ងល់​ថា បើ​លោក​ពិតជា​រៀបការ​ស្របតាម​ច្បាប់​មែន ចាំបាច់​អី​ប្រើ​ឈ្មោះ​ក្លែងក្លាយ ទីលំនៅ​ទៀត​ខុស​គ្នា​ទាំងអស់ មិនតែប៉ុណ្ណោះ​សូម្បី​តែ​មន្ត្រី​ក្នុង​ខេត្ត​ក៏​មិន​ហៅ​ម្នាក់​ឡើយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *