- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមាជិក សមាជិកា​នៃ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៦ ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​ខាងមុខ​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បង្ហាញមុខ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ និង​ពិធី​សំណេះសំណាល​ជា មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​សៅរ៍ ១០​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤​។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម ឯកឧត្តម ម៉ែន វិបុល សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ក្នុង​ភូមិភាគ​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្វាយរៀង លោក​ប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍​គណបក្ស​ខេត្ត ថ្នាក់ដឹកនាំ​គណបក្ស​ក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា បក្ស​ទាំងអស់​។​

​នា​ឱកាស​នោះ ឯកឧត្តម ម៉ែន វិបុល សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​វឌ្ឍនៈភាព​របស់​គណបក្ស​ខេត្ត បន្ទាប់មក ឯកឧត្តម រស់ ឆាយ ប្រធាន​គណៈ​ចាត់តាំង បក្ស​ខេត្ត​បាន​អាន​សេចក្តីសម្រេច ស្តី​ពី​ការចាត់តាំង​ក្រុម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា ភូមិភាគ​ទី​៦ ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ព្រមទាំង​ផែនការ​រួម​ឆ្ពោះ ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវតែ​ធ្វើ​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធិភាព និង​រក្សា​ឲ្យបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ចំណែកឯ​អង្គ​បោះ​ឆ្នោត​ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​។​

​គួរ​រំលឹក​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នឹង​ដំណើរការ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ការបោះឆ្នោត​អសកល ដែល​មាន​សមាជិក​រដ្ឋ​សភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​៕​

Leave a Reply

Your email address will not be published. Required fields are marked *